ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (The Council for the Development of Cambodia , CDC) កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ បានចេញផ្សាយនូវព័ត៌មានលើផេកហ្វេសប៊ុករបស់ខ្លួន អំពីសំណើសុំវិនិយោគនៅកម្ពុជា របស់ក្រុមហ៊ុនចំនួន៣ លើការបង្កើតរោងចក្រវេចខ្ចប់-កែច្នៃផ្លែឈើនាំចេញ បង្កើតស្ថានីយដាំឈើ និងសាងសង់រោងចក្រកែច្នៃ និងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត។
បើតាម CDC បានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុន ចំនួន៣ដូចខាងក្រោម៖
១.“HYUNDAI MAO LEGACY CO., LTD.” : គម្រោងកសិ-ឧស្សាហកម្ម តាមរូបភាពកិច្ចសន្យា-ផ្គត់ផ្គង់ កសិផល “Contract Farming” និងបង្កើតរោងចក្រវេចខ្ចប់-កែច្នៃផ្លែឈើនាំចេញ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,១៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៥កន្លែង។
២)“SIEMON (CAMBODIA) AGRICULTURE COMPREHENSIVE DEVELOPMENT CO.,LTD” : គម្រោងបង្កើតស្ថានីយដាំឈើ និងសាងសង់រោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសៀមប៉ាង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មានទុនវិនិយោគប្រមាណ ៦០,៩៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៤៨៨កន្លែង។
៣) )“ INTERNATIONAL VCV INDUSTRY CO., LTD” : គម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម (អតីតភូមទឹកថ្លា សង្កាត់ទឹកថ្លា) ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤,០៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨២០កន្លែង៕ ដោយ ៖ បញ្ញាស័ក្តិ