ខេត្តព្រះសីហនុ ៖ មន្ត្រីនគរបាលប្រចាំច្រកទ្វារអន្តរជាតិ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងនៅព្រឹកថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨ថា ក្នុង ១ខែៗ យ៉ាងតិច ក៏មានកប៉ាល់ ឬនាវាទេសចរណ៍បរទេស ៥គ្រឿងដែរ បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។ មន្ត្រីនគរបាល ដដែល ឲ្យដឹងទៀតថា បើគិតរយៈពេល ៣ខែដើមឆ្នាំ២០១៨នេះ មានភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ២៥.០០០នាក់ បានធ្វើដំណើរតាមនាវាទេសចរណ៍មកទស្សនាប្រទេសកម្ពុជា។ ដោយឡែក កាលពីម៉ោង ៦:០០ ព្រឹកថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨ មាននាវាទេសចរណ៍ចំនួន១ គ្រឿងទៀត ឈ្មោះ Europa 2 ដែលជានាវាទី ១៨ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន ៥១១ នាក់ (ស្រី ២៥៤ នាក់) និងនាវិកចំនួន ៣៧៩ នាក់ (ស្រី ១១៦ នាក់)។ នាវាទេសចរណ៍នេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ២៣:០០ ថ្ងៃដដែល ដោយឆ្ពោះទៅកាន់កោះ Phu Quoc ប្រទេសវៀតណាម៕ ដែន សីមា