អ្នកវិជ្ជាសាស្ត្រនៅក្នុងប្រទេសអូស្ត្រាលី បានរកឃើញបំបែកឆ្អឹងរបស់សាកសពដែលគេរក្សាទុក (Mummy) នៅក្នុងមឈូសថ្មដែល មានអាយុ កាល ២.៥០០ឆ្នាំ។ មឈូសថ្មនោះកាលពីមុន ត្រូវបានអ្នកវិទ្យាសាស្ត្រចាត់ទុកថាមិនមានអ្វីនៅក្នុងនោះទេ។ នេះបើតាមការចេញផ្សាយរបស់ BBC នៅថ្ងៃពុធ ទី ២៧ ខែមិនានេះ។
មឈូសថ្មអាយុរាប់ពាន់ឆ្នាំនោះ ត្រូវបានគេរក្សាទុកនៅសារមន្ទីរនៃសកលវិទ្យាល័យមួយក្នុងទីក្រុងស៊ីតនី អស់រយៈពេលជាង ១៥០ឆ្នាំមកហើយ។
កាលពីឆ្នាំមុន អ្នកវិទ្យាសាស្ត្របានបើកវាមើល ហើយពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញឆ្អឹងជើង និងឆ្អឺងមនុស្ស ផ្នែកផ្សេងៗទៀត។
អ្នកស្រាវជ្រាវបាននិយាយថា បំណែកឆ្អឺងទាំងនោះប្រហែលត្រូវបានបំផ្លាញដោយជនគាស់ផ្នូរដើម្បីរកវត្ថុមានតម្លៃ។
អ្នកជំនាញបានឲ្យដឹងថា ពួកគេនឹងព្យាយាមកំណត់អត្ថសញ្ញាណរបស់សាកសពនៅក្នុងនោះ ទោះបំបែកឆ្អឹងត្រូវបានបំផ្លាញដោយអ្នកគាស់ផ្នូរក៏ដោយ។ ឆ្អឹងប្រមាណតែ ១០ភាគរយប៉ុណ្ណោះត្រូវគេរកឃើញនៅក្នុងមឈូស។
សូមបញ្ជាក់ថា មឈូសអាយុកាល ២.៥០០ឆ្នាំនេះគឺស្ថិតក្នុងចំណោមមឈូស ៤ដែលត្រូវបានគេយកមកពីប្រទេសអេហ្សីបក្នុងឆ្នាំ ១៨៦០៕ សុភ័ក្ត្រ