ដូចដែលយើងទាំងអស់គ្នា បានទទួលជ្រាបហើយ ជំងឺកូវីដ១៩ ជាពិសេមេរោគបំប្លែងថ្មី Delta បាននិងកំពុងរាតត្បាតផ្ទុះឡើងសារជាថ្មី ដែលធ្វើអត្រាឆ្លងថ្មីពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានចំនួនកើនឡើងជាលំដាប់ នៅស្ទើរតែទូទាំងក្រុង-ខេត្ត គួរឲ្យព្រួយបារម្ភជាខ្លាំង។
ទោះយ៉ាងណា ជាមួយគ្នានេះ រាជរដ្ឋាភិបាល និងក៏ដូចក្រសួងសុខា និងព្រមទាំងផ្នែកពាក់ព័ន្ធទាំងអស់ បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនេះ ក្នុងនោះជាពិសេសគឺក្រុមគ្រូពេទ្យជួរមុខ និងក៏ដូចកងកម្លាំងសមត្ថកិច្ច បានខិតខំលះបង់កម្លាំងកាយចិត្តយ៉ាងខ្លាំង សឹងតែគ្មានពេលសម្រាក និងសូម្បីមិនគិតហានិភ័យដ៏ប្រឈមបំផុត នេះក៏ព្រោះតែដើម្បីសុវត្ថិភាព និងអាយុជីវិតរបស់ពលប្រជាពលរដ្ឋ បានរស់រានមានជីវិត ចាកផុតពីជំងឺកូវីដ១៩។
តែយ៉ាងណាមិញ អ្វីដែលជាពិសេសទៀតនោះ គឺដើម្បីញ៉ាំងបរិយាកាសកុំឲ្យកាន់តែអាប់អួរ និងក៏ដូចលើកទឹកចិត្តដល់អ្នកជំងឺ ឲ្យងាកមករកភាពស្រស់ស្រាយ កុំគិតខ្វល់ខ្វាយច្រើន ក្រុមគ្រូពេទ្យជួរមុខតែងតែបានបង្កើតកម្មវិធីសប្បាយៗ តាមរយៈការរាំលេងកម្សាន្ត ជាមួយបងប្អូនអ្នកជំងឺ ដែលធ្វើឲ្យមហាជនទស្សនានៅលើបណ្តាញសង្គម រំភើបសប្បាយតាមផងដែរ។
ជាក់ស្តែង ដូចជាសកម្មភាពលើកចិត្តនេះអុីចឹង ឃើញថាពិតជាសប្បាយខ្លាំងណាស់ ខណៈបងប្អូនអ្នកជំងឺ បាននាំគ្នារាំព្រាតពេញទីធ្លាមណ្ឌលធ្វើចត្តាឡីស័ក។ ក្នុងនោះបើតាមគណនីហ្វេសប៊ុក តន្រ្តីវាសនា ខេត្តពោធិ៍សាត់ បានបង្ហាញនូវអារម្មណ៍មួយនេះយ៉ាងដូច្នេះថា៖ «ទោះបីសេះសរបស់ខ្ញុំវាឈឺយ៉ាងណា ក៍ខំតស៊ូបោលទាំងឈឺ គឺដើម្បីបងប្អូនសប្បាយៗនាថ្ងៃទី5/8/2021 ជាថ្ងៃចុងក្រោយ នៅមណ្ឌលចត្តាឡីស័កការដ្ឋានទី10 បំណក់ស្រុកក្រគរ អាណិតបងប្អូនទើបតែចាប់ផ្តើមបានបន្តិចមេឃភ្លៀងបណ្តោយ ពួកគាត់ថាស្តាយណាស់ ជូនពរបងប្អូនអោយឆាប់ជាសះស្បើយ ហើយឆាប់បានត្រឡប់មកផ្ទះវិញ»។
ក្រោយពីបានឃើញទិដ្ឋភាពដ៏រីករាយបែបនេះ ឃើញថាមានបងប្អូននៅក្នុងបណ្តាញសង្គមយ៉ាងច្រើន បានសម្តែងនូវក្តីរំភើបជាខ្លាំង និងពោលពាក្យថា «នេះបានហៅថាបងប្អូនខ្មែរស្រលាញ់ខ្មែរ» និងក៏បានសំណូមពរឲ្យមណ្ឌលធ្វើចត្តាឡីស័កដទៃ ធ្វើដូចគ្នានេះផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង