ថ្មីៗនេះ មានករណីបែកធ្លាយព័ត៌មានដោយបានចោទឡើងថា មន្ត្រីយោធាផ្កាយ២ម្នាក់ឈ្មោះ ភឿន ផល្លា មានតួនាទីជាមេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៧០ បានប្រើប្រាស់រថយន្តយីឌុបជាច្រើនសិបគ្រឿងដូចហែកឋិន ដឹកអាចម៌ដីចាក់លុបរំលោភយកអូររកា ដែលមានទីតាំងស្ថិតនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ទាំងបំពានដីរបស់រដ្ឋ។
តែទោះជាយ៉ាងណា រាល់ការផ្សព្វផ្សាយតាមរយៈបណ្តាញសារព័ត៌មានមួយចំនួន ដែលបានលើកឡើងថា លោក ភឿន ផល្លា ប្រើរថយន្តយីឌុបជាច្រើនសិបគ្រឿង ដឹកអាចម៍ដីចាក់រំលោភយកអូររកា ដែលមានទីតាំងខាងលើនេះ គឺមិនមែនជាការពិតនោះទេ។
តាមពិតទៅ នេះគឺជាការចាក់បំពេញរណ្តៅដីចាស់ ដែលពីមុនមានការជីកដីយកមកធ្វើផ្លូវមុខបុរី ទៅឃុំព្រែកអំពិល ជាង៣គីឡូម៉ែត្រ ពោលគឺពេលនេះលោកគ្រាន់តែចាក់បំពេញដីវិញតែប៉ុណ្ណោះ ហើយការចាក់បំពេញដីនេះ គឺមានអាជ្ញាបណ្ណត្រឹមត្រូវ។
លោក ភឿន ផល្លា បានធ្វើការបកស្រាយបញ្ចាក់ឲ្យដឹងថា «យើងមានឯកសារផ្ទេរសិទ្ធិកាន់កាប់ដីស្របច្បាប់ត្រឹមត្រូវ និងព្រមទាំងមានអាជ្ញាធរភូមិ ឃុំ ស្រុក ស៊ីញ៉េទទួលស្គាល់ទៀតផង ហើយដីនេះមិនពាក់ព័ន្ធនិងផ្លូវទឹក ផ្លូវអូរ ផ្លូវស្ទឹងអ្វីនោះទេ»។
គួរបញ្ចាក់ថា អូររកា ដែលមានទទឹងប្រមាណជាង ៤០ ម៉ែត្រ និងបណ្តោយលាតសន្ធឹង ពីព្រំប្រទល់ឃុំព្រែកហ្លួង និងភូមិព្រែកដូនហែម ទៅដល់ភូមិព្រែកក្របៅ៣ នៃឃុំព្រែកអំពិល គឺជាប្រភពទឹកយ៉ាងសំខាន់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សម្រាប់យកទឹកមកប្រើប្រាស់ និងស្រោចស្រពទៅលើដំណាំកសិកម្មផ្សេងៗ ក៏ដូចជាចរន្តសម្រាប់រំដោះទឹកផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




