ភ្នំពេញ ៖ លោករដ្ឋមន្ត្រីទេសចរណ៍បានឲ្យដឹងថា ក្នុងរយៈពេល២ខែដើមឆ្នាំនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ១លាននាក់ ក្នុងកំណើនជាង ១១%។ លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា នៅដើមឆ្នាំ២០១៨នេះ ក្រសួងទេសចរណ៍បានដំឡើងឋានៈមន្ត្រី ១៨៥រូប ចាប់ពីថ្នាក់អនុប្រធានការិយាល័យរហូតដល់ថ្នាក់អនុប្រធាននាយកដ្ឋាន។ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដាក់អនុសាសន៍ចម្បងៗជាច្រើនដល់មន្ត្រីក្រោមឱវាទ ក៏ដូចជាថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍។
ក្នុងកិច្ចប្រជុំបូកសរុបការងារទេសចរណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្តរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះលោករដ្ឋមន្ត្រីបានរំឭកដាស់តឿនអំពីការអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសបិទសន្និបាតក្រសួងទេសចរណ៍កន្លងមក និងបានដាក់ផែនការការងារអនុវត្តបន្តសម្រាប់វិស័យទេសចរណ៍។
លោករដ្ឋមន្ត្រីបានណែនាំពីផែនការការងារទេសចរណ៍ ដើម្បីត្រៀមនៅពេលពិធីបុណ្យចូលឆ្នាំខ្មែរ ដោយត្រូវជំរុញការពង្រឹងគុណ ភាពសេវាកម្មទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍នានា បញ្ឈប់ការបោះសំរាមក្រោមតុ នៅតាមភោជនីយដ្ឋានត្រូវដាក់តម្លៃសេវាឲ្យបានសមរម្យ មានអនាម័យខ្ពស់ និងផ្តល់បដិសណ្ឋារកិច្ចល្អ បំពេញតម្រូវការជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ដោយ ឡែក នៅខេត្តសៀមរាប ត្រូវចូលរួមឲ្យបានល្អ ដើម្បីជោគជ័យត្រចះត្រចង់ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ។
ចំពោះបញ្ហាស្លាកយីហោ ត្រូវបានឯកឧត្តមរដ្ឋមន្ត្រីណែនាំថា ស្លាកយីហោនៅតាមអាជីវកម្មទេសចរណ៍នានា ត្រូវសរសេរអក្សរជា៣ភាសា ដោយផ្នែកខាងលើត្រូវសរសេរអក្សរខ្មែរ ហើយទំហំធំជាងគេ ផ្នែកកណ្ដាលត្រូវសរសេរអក្សរអង់គ្លេស ហើយទំហំត្រឹមពាក់កណ្ដលអក្សរខ្មែរ ដែលសរសេរនៅខាងលើនោះ និងផ្នែកខាងក្រោមត្រូវសរសេរជាភាសាទី៣តាមតម្រូវការរបស់ម្ចាស់អាជីវកម្ម អាចជាអក្សរចិន ជប៉ុន កូរ៉េ។ល។
ម្យ៉ាងទៀត ដោយសារការដាក់តាំងព្រះភូមិ ដែលជាទីសក្ការបូជានៅតាមសណ្ឋាគារ ភោជនីយដ្ឋានខ្លះនៅមានកំហុសឆ្គងនោះ លោករដ្ឋមន្ត្រីបានស្នើដល់ម្ចាស់ទីតាំងទាំងនោះ គប្បីផ្លាស់ប្ដូរព្រះភូមិដែលមិនមានរចនាបថបែបខ្មែរ មកដាក់ព្រះភូមិរចនាបថបែបខ្មែរវិញ។ រីឯបញ្ហាការតុបតែងរូបព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រវិញ ត្រូវបានលោករដ្ឋមន្ត្រីណែនាំឲ្យដាក់តាំងព្រះឆាយាលក្ខណ៍ព្រះករុណាទាំង៣ព្រះអង្គអោយបានត្រឹមត្រូវតាមការណែនាំរបស់ព្រះបរមរាជវាំង៕ ដោយ ៖ បញ្ញាស័ក្តិ