ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅពេលនេះបាននិងកំពុងលាបថ្នាំខឿន លាបកំបោរគល់ឈើ និងលាងសំអាតនៅតំបន់សប្បាយកម្សាន្ត សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា សកម្មភាពលាបថ្នាំខឿន លាបកំបោរគល់ឈើ និងលាងសំអាតរាជធានីភ្នំពេញ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំនេះ គឺបានធ្វើឡើង ដូចជានៅតំបន់មុខវាំង មុខទីស្តីការគណៈរដ្ឋមន្ត្រី ក្បែរវាំង សួនច្បារនានា និងនៅតំបន់សប្បាយកម្សាន្តមួយចំនួនទៀត សំដៅធ្វើយ៉ាងណាអោយរាជធានីភ្នំពេញបានបង្អួចរូបរាង មិនថាថ្ងៃឬយប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំនេះ។ គួរបញ្ជាក់ផងដែរថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំនេះនឹងធ្វើឡើងចាប់ពីថ្ងៃ២ រហូតដល់ថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៧។
ព្រះរាជពិធីបុណ្យជាតិនេះនឹងមាន ក្រុមកីឡាករចំណុះទូកដែលត្រូវចូលរួមប្រកួត អាចនឹងមានចំណុះទូកពី១៨០០០នាក់ ទៅ២ម៉ឺននាក់ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញរៀបចំឲ្យស្នាក់នៅលើទីតាំងដីអភិវឌ្ឍន៍ជ្រោយចង្វា របស់ក្រុមហ៊ុនOCICលើទំហំដីជាង៣ហិកតា ដោយមានការរៀបចំតបណ្តាញទឹក ភ្លើង បង្គន់អនាម័យ និងទីតាំងប្រគុំតន្ត្រីផងដែរ។ចំពោះទីតាំងចតទូក ត្រូវបានរៀបចំបែងចែកជា៥មណ្ឌលតាមដងទន្លេសាប ស្ថិតនៅប៉ែកខាងជើងស្ពានជ្រោយចង្វាទាំងអស់ ដោយមិនអនុញ្ញាតិអោយចតនៅខាងត្បូងស្ពាននោះទេដែលតាម ពត៏មានចុងក្រោយចំនួនទូកចូលរួមប្រកួតឆ្នាំនេះមកពីខេត្តក្រុងទូទាំងប្រទេសមានចំនួន២៧១ទូក។ ដោយឡែករាជធានីភ្នំពេញមាន៣៩ទូក ហើយនឹងត្រូវអុំសាកល្បងនៅថ្ងៃទី៣០តុលាខាងមុខនេះ។ ចំពោះបង្គន់អនាម័យទាំងចល័ត និងអចល័ត ត្រូវបានរៀបចំឡើងចំនួន៤៦៦លើ២៦ទីតាំង ការតុបតែងលំអរភ្លើងបំភ្លឺសាធារណៈ តាមដងវិថី និងតាមសួនច្បារនានា។ ជាមួយគ្នានេះ រថយន្តសង្គ្រោះចំនួនសរុប៥៩គ្រឿងក្នុងនោះមានរថយន្តរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញចំនួន១៥គ្រឿងត្រូវបានដាក់ប្រចាំការ២៤ម៉ោងលើ២៤ម៉ោងរយះពេល៣ថ្ងៃនៃពិធីបុណ្យរួមជាមួយស្តង់សង្គ្រោះចំនួន១២គោលដៅផ្សេងទៀត។
ចំពោះការរៀបចំទីតាំងសប្បាយភាព ការប្រគំតន្ត្រី សិល្បៈ និងពិព័រណ៍មានជាង១០ទីតាំង។ ក្នុងឱកាសនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ រួមសហការជាមួយក្រុមហ៊ុនស៊ីនទ្រី នឹងប្រើប្រាស់កំលាំងកម្មករចំនួន៨៥០នាក់ដើម្បីប្រមូល និងដឹកជញ្ជូនសំរាមចេញក្រៅក្រុងក្នុងអំឡុងពិធីបុណ្យ រួមទាំងការបញ្ជៀសរថយន្តធំមិនអោយចូលក្រុងតាមច្រកចូលរាជធានីភ្នំពេញទាំង៦។ការងារសំខាន់ និងចាំបាច់មួយទៀតគឺការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ដោយរៀបចំកម្លាំង និងមធ្យោបាយគ្រប់គ្រាន់ក្នុងការការពារព្រះរាជពិធីបុណ្យ និងធានាបាននូវភាពសប្បាយរីករាយជូនប្រជាពលរដ្ឋដែលនឹងចូលមករាជធានីភ្នំពេញរាប់លាននាក់ក្នុងរយះពេល៣ថ្ងៃនេះ៕ ដោយ៖កូឡាប