អគ្គីភ័យមួយ បានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន ៥ ខ្នង ស្មើនឹង ១២ គ្រួសារ គ្មានសល់អ្វីនោះទេ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ ចុះទៅជួយអន្តរាគមន៍ពន្លត់ កាលពីវេលាម៉ោងប្រមាណ ៧ និង ៣០ នាទី យប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅផ្លូវរថភ្លើង ក្រុម៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ពិតណាស់ ជាមួយហេតុការណ៍គ្រោះអគ្គីភ័យនេះផងដែរ ក៏បានធ្វើឲ្យមហាជននៅលើបណ្តាញសង្គម ពិតសម្តែងនូវអារម្មណ៍រំជួលចិត្ត អាណិតសង្វេគចិត្តជាខ្លាំង គឺនៅពេលបានដឹងថា ប្អូនស្រីម្នាក់បានត្រឹមឈរយំឱបម្តាយ ព្រោះអគ្គីភ័យបានលេបត្របាក់ផ្ទះរបស់នាងឡើងខ្ទេចអស់ ដែលសូម្បីតែសៀវភៅសិក្សា ដែលមាននៅក្នុងផ្ទះ ក៏ត្រូវឆេះម៉ត់គ្មានសល់ និងអារម្មណ៍ស្លុតរន្ធត់មួយវិញទៀត គឺមិនដឹងថាគ្រួសាររបស់នាងមានផ្ទះឯណា ដើម្បីជ្រកកោនបន្តទៀតនោះទេ។
ជាមួយគ្នានេះផងដែរ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Rangsey Roth ក៏បានបង្ហោះអំពាវនាវដល់សប្បុរសជន មេត្តាជួយទៅដល់គ្រួសារប្អូនស្រីខាងលើផង ដោយបានសរសេររៀបរាប់ថា៖ «សម្រាប់អ្នកដែលចង់ជួយ ប្អូនស្រីខាងលើ អាចទាក់ទងតាមលេខ ខាងក្រោមនេះ ៖ 096 234 2273 – 061 601 685 ទាំង២ខ្សែនេះ ជាលេខរបស់ប្អូនស្រីរងគ្រោះ Ma Nou ផ្ទាល់ ឬតាមរយៈ ABA បងប្រុសរបស់គាត់ផ្ទាល់: 500 295 332 Phorn Phara ខ្ញុំបានសួរគាត់ហើយ គាត់បាននិយាយថា៖ សៀវភៅអាចសរសេរឡើងវិញបាន តែពេលនេះ គាត់គ្មានផ្ទះនៅទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង