Saturday, February 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី បន្តចុះពិនិត្យវឌ្ឍនភាពនៃការបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ប្រមាណជាង ១៦០០ហិកតា ក្នុងមូលដ្ឋានស្រុកកំពង់ស្វាយ ស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំ

កំពង់ធំ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការកសាង ទំនប់អាងទឹកស្ទឹងជីនិត ដែលជាអាងស្តុកទឹកដ៏ធំមួយ ស្ថិតនៅក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក និងឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលទំនប់អាងទឹកនេះ មានសមត្ថភាពរក្សាទឹកបាន ៣៩លានម៉ែត្រគូប សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រប់ដំណាំ។ បន្តចុះពិនិត្យការអន្តរាគមន៍របស់ក្រសួងធនធានទឹក ក្នុងការបូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ នៅឃុំកំពង់ថ្ម ស្រុកសន្ទុក នាថ្ងៃសុក្រ​ ទី៣១​ ខែមករា​ ឆ្នាំ២០២៥។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយជួបសំណេះសំណាលជាមួយប្រជាសហគមន៍ក្នុងស្រុកប្រាសាទសំបូរ​ ក៏បានបន្តចុះពិនិត្យវឌ្ឍនភាពនៃការបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ប្រមាណជាង ១៦០០ហិកតា ក្នុងមូលដ្ឋានស្រុកកំពង់ស្វាយ ស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំ។

ដើម្បីឱ្យការបង្កបង្កើនផលស្រូវប្រាំង បានកាន់តែច្រើន និងមានគុណភាពខ្ពស់ រាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តដាក់ខ្ពស់ក្នុងការអន្តរាគមន៍ទឹកពីប្រភពទឹកនានា ក្នុងគោលដៅបម្រើដល់ការស្រោចស្រពស្រែរដូវប្រាំងឱ្យបានគ្រប់គ្រាន់ ព្រមទាំងដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាកសិករឱ្យអស់ពីលទ្ធភាព ។ ក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន បានធ្វើការអន្តរាគមន៍ទឹក ដោយប្រើប្រាស់​ម៉ាស៊ីនបូមទឹក​ ពីប្រភព​​អាងទឹកស្ទឹងជីនិត​ ​បូមបន្ត​ចូល​ប្រឡាយ​រង ដើម្បីសង្គ្រោះស្រូវរដូវ​ប្រាំង​ បានចំនួន ៣០ហិកតា ក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក ។ ដោយឡែក ការអន្តរាគមន៍ទឹក ក្នុងខេត្តកំពង់ធំទាំងមូលសម្រេចលទ្ធផលបាន ៖ ទី១/. ​ឃុំសាន់គ​ ស្រុកកំពង់ស្វាយ ​ចំនួន​ ៥០២ហិកតា, ទី២/. ​​​ឃុំបន្ទាយស្ទោង​ ស្រុកស្ទោង​ ចំនួន​ ១៩០ហិកតា , ទី៣/. ឃុំកំពង់ថ្ម​ ស្រុកសន្ទុក​ ចំនួន ៣០ហិកតា,​ ​ និងទី៤/. ឃុំព្រៃគុយ​ ស្រុកកំពង់ស្វាយ ​ចំនួន ១១ហិកតា ។​

បន្ថែមពីនេះ ក៏បានឆ្លៀតចុះពិនិត្យស្ថានភាពជាក់ស្តែងនៃប្រតិបត្តិការទំនប់ និងការរក្សាទឹកក្នុងទំនប់អាងទឹកស្ទឹងជីនិត ដែលជាអាងស្តុកទឹកដ៏ធំមួយ ស្ថិតនៅក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក និងឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ទំនប់អាងទឹកស្ទឹងជីនិតនេះ មានសមត្ថភាពរក្សាទឹកស្តុកទុកបាន ៣៩លានម៉ែត្រគូប ដែលមានសំណង់បង្ហៀរប្រវែង ៧៥០ម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យជាច្រើនផ្សេងទៀត សម្រាប់បម្រើឱ្យពហុវិស័យ ជាពិសេស វិស័យកសិកម្ម ព្រមទាំងផ្តល់ជាប្រភពទឹកប្រើប្រាស់ដ៏សំខាន់ នារដូវប្រាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋប្រមាណ ១លានម៉ែត្រគូប ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×