ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កំណែទម្រង់ចុងក្រោយក្នុងវិស័យអប់រំនេះ គឺជាជោគជ័យដ៏ធំក្នុងវិស័យមួយនេះនៅក្នុងកម្ពុជា ដែលបច្ចុប្បន្ននេះយើងមានប្រព័ន្ធអប់រំច្បាស់លាស់ ដែលកន្លងទៅ គឺអ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ។ តែបច្ចុប្បន្ន លោកគ្រូ អ្នកគ្រូរបស់យើង សុទ្ធតែមានគរុកោសល្យត្រឹមត្រូវ មានបរិញ្ញាបត្របូក១ បរិញ្ញាបត្របូក២ ជាដើម។
នៅព្រឹកថ្ងៃអាទិត្យ ទី១ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដ៏មានប្រជាប្រីយ៍របស់កម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ប្រចាំរាជធានីភ្នំពេញសរុបប្រមាណ ៣៤០១នាក់ នៅសាលមហោស្រពកោះពេជ្រ។
ពិធីជួបសំណេះសំណាលថ្ងៃនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ចំពោះលោកគ្រូ អ្នកគ្រូ ព្រមទាំងមន្ត្រី និងបុគ្គលិកអប់រំទាំងអស់ដែលបានខិតខំបំពេញការងារប្រកបដោយជោគជ័យកន្លងមក។ នេះគឺជាជំនួបលើកទី២ហើយ ជាមួយនឹងលោកគ្រូ អ្នកគ្រូក្នុងរាជធានីភ្នំពេញ។ ជំនួបលើកទី៣អាចនឹងធ្វើនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររួចហើយ។ ពិធីជួបជុំថ្ងៃនេះគឺជាការលើកទឹកចិត្តដោយផ្ទាល់ពីសំណាក់ប្រមុខដឹកនាំ ចំពោះលោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ និងបុគ្គលិកអប់រំបន្ថែមពីលើការងារជាច្រើនដូចជាការបង្កើនប្រាក់បៀវត្សរ៍ទៀងទាត់ និងការធ្វើកំណែទម្រង់លើប្រព័ន្ធអប់រំដើម្បីអោយកាន់តែមានគុណភាពប្រសើរឡើង។
សម្តេចតេជោបានអរគុណលោកគ្រូ អ្នកគ្រូទាំងអស់ដែលបានចូលរួមបើទោះបីចំថ្ងៃអាទិត្យក៏ដោយ។ សម្ដេចតេជោ បានកោតសរសើរ និងអរគុណដល់សមាជិក សមាជិការ របស់គណបក្សប្រជាជនទាំងអស់ ដែលតែងតែយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋក្នុងតួនាទីរបស់ខ្លួន និងមានសាមគ្គីភាពបានល្អ ជាពិសេសក៏មិនមានគណបក្រណាដែលមានសមាជិកគាំទ្រច្រើនលើសលប់ដូចគណបក្រប្រជាជនកម្ពុជា។ សម្ដេចតេជោ ក៏បានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ និងសមាជិក សមាជិការក្នុងវិស័យអប់រំដែលបានចូលរួមថែរក្សាសន្តិភាពរហូតមក ដើម្បីការរីកចម្រើនជាបន្តបន្ទាប់ និងតែងតែបានបោះឆ្នោតគាំទ្រគណបក្រប្រជាជនរហូតមក។
ក្នុងជំនួបព្រឹកមិញនេះ ម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អំពីតម្លៃនៃនយោបាយ ឈ្នះ-ឈ្នះ ដែលដែលបានបញ្ចប់សង្គ្រាមផ្ទៃក្នុងទាំងស្រុងនៅប្រទេសកម្ពុជា។ គោនយោបាយឈ្នះ-ឈ្នះ នេះហើយដែលបានបញ្ចប់សង្គ្រាម នឹងបានធ្វើការបង្រួបង្រួមជាតិឡើងវិញដោយជោគជ័យ ដែលផ្តោតលើចំណុចសំខាន់ៗចំនួន៣ ដូចជា ទី១)ធានាការពារអាយុជីវិតប្រជាពលរដ្ឋក្នុងពេលធ្វើសមាហរណកម្ម ទី២)រក្សាអាជីព និងមុខរបបប្រជាពលរដ្ឋឲ្យនៅដដែល និងទី៣)រក្សានូវកម្មសិទ្ធិ រួមទាំងទ្រព្យសម្បត្តិទាំងឡាយរបស់បងប្អូនប្រជាពលរដ្ឋដោយគ្មានការរឹបអូស ហើយអោយឈរជើងរស់នៅ និងប្រកបការងារជាធម្មតានៅទីតាំងនោះ។ លក្ខខណ្ឌទាំង ៣នេះហើយដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋពីកម្ពុជាប្រជាធិបតេយ្យ ចុះចូលធ្វើសមាហរណកម្មជា មួយជារាជរដ្ឋាភិបាលគ្រប់ទីកន្លែងទូទាំងប្រទេស ដែលធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាពមកទល់សព្វថ្ងៃ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគាំទ្រ និងអំពាវនាវដល់ មន្ត្រីក្នុងវិស័យអប់រំ លោកគ្រូ អ្នកគ្រូ ទាំងអស់ ចូលរួមក្នុងកំណែទម្រង់វិស័យអប់រំទាំងអស់គ្នា ដើម្បីអភិវឌ្ឍធនធានមនុស្សរបស់ប្រទេ ជាពិសេសត្រូវលើកកម្ពស់សមត្ថភាពគ្រូបង្រៀន រួមទាំងសមត្ថភាពបច្ចេកវិទ្យាថ្មីៗដល់គ្រូបង្រៀន។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ២០១៨ នេះទៅប្រាក់ខែគ្រូបង្រៀនគឺមិនតិចជាង ១លានរៀល នោះទេ ហើយនៅមាន ការដំឡើងប្រាក់ខែជាបន្តបន្ទាប់ទៀតនៅរៀងរាល់ឆ្នាំ។ ដើម្បីអបអសាទរពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ លោកគ្រូអ្នកគ្រូ និងមន្ត្រីរាជការនឹងបើកប្រាក់ខែ ព្រមទាំងប្រាក់ឧបត្ថម្ភ៥០.០០០រៀល បុណ្យចូលឆ្នាំ នៅមុនពេលចូលឆ្នាំថ្មីនេះ។
នៅថ្ងៃនេះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់នូវសៀវភៅអប់រំទូន្មានរបស់ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង ចែកជូនលោគ្រូ អ្នកគ្រូ ចំនួន៣.៤០១នាក់ ដោយគ្រូម្នាក់ទទួលបាន សៀវភៅចំនួនពីរក្បាល រួមនឹងថវិការមួយចំនួនទៀតផងដែរ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរដល់ លោកគ្រូ អ្នកគ្រូ ទាំងអស់សូមជួបតែសេចក្តីសុខចម្រើន និងទទួលបានជោគជ័យថ្មីៗជាបន្តបន្ទាប់ទៀតក្នុងការអប់រំ និងផ្តល់នូវចំណេះដឹងដល់កូនខ្មែរជំនាន់ក្រោយបន្តទៀត៕ ដោយ៖បញ្ញាស័ក្តិ