ភ្នំពេញ៖ ក្នុងរយៈពេល ៨ខែ ឆ្នាំនេះ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីមានចំនួន ៨៧៦ ៥២១,១៩តោន ទៅ១១ ប្រទេស ដោយបានកើនឡើងចំនួន ៣៤០,៦១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា២០២០។
បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ១១ប្រទេស ដែលកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅ មានដូចជា ទៅប្រទេសវៀតណាមចំនួន ៨៦៩ ៥៤០តោន ចិនចំនួន ៣ ៦៣៩,៥០តោន ថៃចំនួន ៣ ២៣០,៤០តោន ជប៉ុនចំនួន ៤៣,៦៧តោន ឥណ្ឌាចំនួន ១៧តោន កូរ៉េចំនួន ១៦,៨៨តោន អារ៉ាប់ចំនួន ១៤,៥១តោន ហូឡង់ចំនួន ៨,២១តោន បង់ក្លាដែសចំនួន ៧តោន ឡាវចំនួន ៤តោន តូហ្គោចំនួន ០,០១តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០១តោន។
សម្រាប់ការនាំចេញកសិផលសរុបរបស់កម្ពុជា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១នេះដែរ មានកំណើនចំនួន ៨៩,៦៨% ក្នុងនោះ កសិផល ក្រៅពីអង្ករ មានការកើនឡើងចំនួន ១១០,១៥%។ រីឯការនាំចេញអង្ករមានការថយចុះចំនួន -២៣,៣៧% ដោយសារ កង្វះទូរកុងតឺន័រសម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូនកើនឡើង។
តម្លៃដឹកជញ្ជូនទំនិញ ពីកម្ពុជាទៅទីផ្សារអន្តរជាតិ បានកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីមានការរីករាលដាល ជំងឺកូវីដ១៩។ អ្នកជំនាញលើកឡើងថា ការកើនឡើងតម្លៃដឹកជញ្ជូនទំនិញ ទៅទីផ្សារអន្តរជាតិ បានក្លាយជា ឧបសគ្គដ៏ធំ សម្រាប់ផែនការនាំចេញអង្ករកម្ពុជា ទៅទីផ្សារអន្តរជាតិ ក្នុងឆ្នាំ២០២១នេះ៕