ស្ត្រីរាប់លាននាក់ត្រូវបានដឹងថា បានរងទទួលការយាយីជារៀងរាល់ថ្ងៃ ។ ពួកគេត្រូវបានជនខិលខូច ឆ្លៀតឱកាសលូកស្ទាបតំបន់ពិសេស ស្ថិតនៅទីកន្លែងសាធារណៈ ជាពិសេស ស្ថិតនៅទីកន្លែងមនុស្សកកកុញ និងលើឡានក្រុង ។
ប៉ុន្តែ ដោយសារតែបច្ចេកវិទ្យាទំនើប នោះជនរងគ្រោះឥឡូវនេះ អាចថតវីដេអូ និងរូបភាពពីសកម្មភាពរបស់ជនខិលខូចទាំងនោះ និងបន្ទាប់មកចែករំលែកនៅលើបណ្តាញសង្គម ដើម្បីផ្តល់ភាពអាម៉ាស ឬ ភស្តុតាងទៅដល់ប៉ូលីស ។
ថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ នៅក្នុងប្រទេសហ្វីលីពីន បានសម្រេចចិត្តថតវីដេអូ បង្ហាញឲ្យឃើញទង្វើមិនសមរម្យរបស់បុរសវ័យពាក់កណ្តាលអាយុម្នាក់ ដែលធ្វើពត់ជាដេកលក់អង្គុយជាប់នាង នៅលើរថយន្តក្រុង ខណៈព្យាយាមស្ទាបភ្លៅរបស់នាង ។
នាងនិយាយថា ខណៈពេលនោះ នាងបានស្លៀកសំពត់ខ្លី បញ្ចេញភ្លៅ និងជើង ។ ប៉ុន្តែ ខណៈពេលរថយន្តធ្វើដំណើរបានមួយសន្ទុះធំ ស្រាប់តែបុរសនេះ បានព្យាយាមយកម្រាមដៃប៉ះភ្លៅនាងតែម្តង ។ ប៉ុន្តែ នាងក៏បានយកដៃរបស់នាង រុញដៃរបស់បុរសនេះចេញផងដែរ ។
ទន្ទឹមនោះផងដែរ អ្នកលេងអ៊ីនធើរណេតជាច្រើន បានកោតសរសើរចំពោះភាពក្លាហានរបស់ស្ត្រីរងគ្រោះ ដែលហ៊ានថតវីដេអូបង្ហាញឲ្យឃើញសកម្មភាព «វាយប្រហារ» របស់ជនខិលខូចនោះ ដើម្បីធ្វើជាភស្តុតាង និងព្រមានអ្នកដទៃនៅលើបណ្តាញសង្គម ឲ្យបានដឹងពីជនល្មើសកំពុងធ្វើរឿងនេះនៅទីកន្លែងសាធារណៈ ៕ ចន្ទី