ភ្នំពេញ ៖ នៅពេលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោកស្រី អៃដា អ៊ុនលុ (H.E.Ms. Ayda Unlu) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគី ប្រចាំនៅកម្ពុជា បានសន្យាថា នៅក្នុងបេសកកម្មការទូតរបស់លោកស្រី នឹងខិតខំប្រឹងប្រែងពង្រឹងពង្រីក ទំនាក់ទំនងការទូត សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ ជាមួយកម្ពុជា។ ពិសេសនឹងការជំរុញឲ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។
ក្នុងជំនួបដែលធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា លោកស្រី អៃដា អ៊ុនលុ បានលើកឡើងថា បើពិនិត្យមើលទីតាំង ភូមិសាស្ត្ររវាងប្រទេសកម្ពុជា និងតួកគីគឺឃើញថា ប្រទេសទាំងពីរនៅឆ្ងាយពីគ្នា ប៉ុន្តែថ្នាក់ដឹកនាំ និងប្រជាជនទាំងពីរមានភាពស្និទ្ធស្នាលគ្នា ហើយ ទំនាក់ទំនងប្រទេសទាំងពីរបានពង្រឹងពង្រីកជាលំដាប់។
លោកស្រីឯកអគ្គរដ្ឋទូត បានស្នើសុំសម្តេចជួយគាំទ្រ និងលើកកម្ពស់ដល់ទំនាក់ទំនងទ្វេភាគី និងពហុភាគីនៃប្រទេសទាំងពីរ។ ទំនាក់ទំនងពហុភាគី គឺអាចធ្វើបានតាមរយៈវេទិកាអន្តរជាតិនានា ដូចជាអាស៊ានឬអង្គការសហប្រជាជាតិជាដើម។
ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតតួកគី បានមានប្រសាសន៍ថា នៅក្នុងការពង្រឹងពង្រីកទំនាក់ទំនងប្រទេសទាំងពីរនេះ មានឯកសារចំនួន៨ បានត្រៀមចុះ អនុស្សរណៈជាមួយគ្នា នៅពេលមានការផ្លាស់ប្តូរទស្សនកិច្ចផ្លូវការនៃថ្នាក់ដឹកនាំប្រទេសកម្ពុជា និងតួកគីនាពេលខាងមុខ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីសោមនស្សរីករាយ និងសូមស្វាគមន៍ចំពោះលោកជំទាវ ដែលត្រូវបានរដ្ឋាភិបាល នៃសាធារណរដ្ឋតួកគីផ្តល់សេចក្តីទុកចិត្ត តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចបានលើកឡើងថា កម្ពុជា-តួកគី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាជាង២ទសវត្សរ៍មកហើយ ហើយទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល ប្រទេសទាំងពីរ ក៏ត្រូវបានលើកកម្ពស់កាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
“វត្តមាននៃបេសកកម្មរបស់លោកស្រីនៅកម្ពុជា ពិតជាមានសារសំខាន់ខ្លាំងណាស់ ដែលនឹងរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត“ នេះជាប្រសាសន៍របស់ សម្តេចអគ្គមហាពញា ចក្រី ហេង សំរិន។
សម្តេចប្រធានរដ្ឋសភាបានបន្តថា “ជាមួយគ្នានេះ ខ្ញុំស្នើ លោកជំទាវ ជួយជំរុញបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសជួយជម្រុញលើកទឹកចិត្តប្រជាជនតួកគី មកធ្វើវិនិយោគ និងធ្វើទេសចរណ៍កំសាន្តនៅ កម្ពុជា ឲ្យកាន់តែច្រើនថែមទៀត“ ៕ ដោយ ៖ បញ្ញាស័ក្តិ