អ្នកទស្សនារូបភាពទាំងនោះពិតជាផ្ទុះកំហឹងដោយហេតុថា ស្ត្រីម្នាក់រងការកាប់ដេកក្នុងថ្លុកឈាមក្រៅពីប្តីចេញគឺពុំមាននរណាម្នាក់ចូលមកជិតឡើយ។
នេះគឺជារឿងរ៉ាវកើតឡើងនៅក្រុងទីប៉េកាំង ប្រទេសចិន តាមដងវិថីនាតំបន់ផ្សារទំនើបមួយ ។ ជនរងគ្រោះឈ្មោះ Gu Wenqing អាយុ ២៨ឆ្នាំ សញ្ជាតិចិន នាងទើបរៀបការជាមួយបុរសសញ្ជាតិបារាំងម្នាក់ ។ ពិតជាគួរឲ្យអាណិត គ្រាដែលអ្នកទាំងពីរបានព្រាត់ប្រាស់គ្នាក្នុងពេលមួយយ៉ាងខ្លី គ្រាដែលបុរសឈ្មោះ Gao បានប្រើដាវកាប់គ្មានអាណិតទៅលើនាង Gu ក្នុងពេលដែលប្តីប្រពន្ធ ២នាក់នេះ កំពុងដើរសំដៅឆ្ពោះទៅកាន់ទីផ្សារទំនើបដើម្បីទិញរបស់របរ។
សាក្សីនៅកន្លែងកើតហេតុបាននិយាយថា ហេតុការណ៍នេះកើតឡើងលឿនពេក ធ្វើឲ្យគ្មាននរណាម្នាក់ប្រតិកម្មទាន់។ ស្ត្រីរូបនោះរងរបួសធ្ងន់ ក្នុងថ្លុកឈាម ក្នុងពេលដែលប្តីរបស់នាងក៏រងបួសដែរ តែនៅប្រឹងប្រែងឱបប្រពន្ធ ហើយសុំជំនួយអ្នកនៅជុំវិញចោមរោមមើល យ៉ាងណាក្តីមានមនុស្សពីរបីនាក់ប៉ុណ្ណោះយកទូរស័ព្ទហៅឡានសង្គ្រោះ ខណៈពេលអ្នកដទៃទៀតបានត្រឹមឈរចង្អុលជជែកគ្នាបែបពពុះមាត់។
ព្រោះតែស្នាមរបួសធ្ងន់ពេកព្រោះការសង្គ្រោះមានការយឺតយ៉ាវ Gu បានស្លាប់មិនយូរប៉ុន្មានក្រោយមក ដោយខ្សោះឈាម ។ ចំណែកឃាតករត្រកូល Gao បានបន្តកាន់ដាវ ប៉ងកាប់លើអ្នកដទៃ ប៉ុន្តែប៉ូលិសបានទប់ស្កាត់ នឹងចាប់វាទាន់ពេល។ មានព័ត៌មានច្រើន ខ្លះថា Gao សង្សារចាស់របស់ Gu ប៉ុន្តែបានបែកបាក់គ្នា រួចមិនយូរប៉ុន្មានក្រោយមក Gu ក៏រកបានសង្សារថ្មី រៀបការជាមួយគឺបុរសជនជាតិបារាំងនោះឯង ហេតុនេះជាមូលអាចនាំឲ្យមានសោកនាដកម្មខាងលើ ។ ព័ត៌មានខ្លះទៀតនិយាយថា ឃាតកររូបនេះគឺជាមនុស្សមានបញ្ហាសរសៃប្រសាទ Gu គ្រាន់តែជាជម្រើសចៃដន្យនៃឃាតករប៉ុណ្ណោះ ពេលនេះឃាតករត្រូវបានប៉ូលិសឃុំឃាំង ដើម្បីស៊ើបអង្កេត។
នៅប្រទេសណាក៏ដោយការសម្លាប់មនុស្សបែបព្រៃផ្សៃតែងតែជារឿងរ៉ាវទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជន។ តែនៅប្រទេសចិន ប្រការដែលគេខ្លាចជាងរឿងនេះទៅទៀតនោះ គឺការ “អត់ចិត្ត” របស់អ្នកទាំងឡាយដែលមានវត្តមានពេលកើតមានហេតុការណ៍ទាំងនោះ ។ ពលរដ្ឋចិនខ្លះនិយាយថា ប្រសិនបើពេលកើតមានហេតុការណ៍បែបនេះ ហើយមនុស្សដែលនៅក្បែរនោះមានចិត្តវិញ ចំនួនមនុស្សស្លាប់ប្រហែលជាមិនច្រើនប៉ុន្មានទេ ។ រឿងរ៉ាវខាងលើគឺជាឧទាហរណ៍មួយស្រាប់ ៕