Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា នឹងបង្កើតមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីមួយ នៅឆ្នាំ ២០២៣ ដើម្បីគាំទ្រប្រព័ន្ធធុរកិច្ចថ្មីលើវិស័យបច្ចេកវិទ្យា និងបណ្តាញទីផ្សារនៅកម្ពុជា

ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនេះ នឹងដំណើរការសាងសង់ ក្រោមជំនួយរបស់ទីភ្នាក់ងារសហប្រតិ​បត្តិការអន្តរជាតិកូរ៉េ (KOICA) ដើម្បីផ្សារភ្ជាប់វិស័យអប់រំ និងវិស័យឧស្សាហកម្មនៅកម្ពុជា ដែល​​គ្រោង​សាង​សង់ចំណាយទឹកប្រាក់ប្រមាណ ២,៧លានដុល្លារ នៃទឹកប្រាក់សរុបរបស់គម្រោងប្រមាណ ៨លានដុល្លារ ដែលជាជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ។

មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនេះ បានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ ប្រព្រឹត្តទៅនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងលោក ផាក ហ៊ឹងខ្យង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។

មជ្ឈមណ្ឌលនេះ នឹងមានកម្ពស់ ៣ជាន់ ដែលគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ ២០២៣ ជាកន្លែងបណ្តុះបណ្តាល និងផ្តល់ប្រឹក្សាដល់សិស្សានុសិស្ស និងយុវជនកម្ពុជា អំពីធុរកិច្ច ដើម្បីជួយពួកគេបញ្ចេញសក្តានុពលរបស់ពួកគេឆ្ពោះទៅយុគសម័យឌីជីថល។

មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនេះ នឹងបង្កើតនូវបរិយាកាសល្អសម្រាប់ សហគ្រិន អ្នកចាប់ផ្តើមធុរកិច្ចថ្មី អ្នកស្រាវជ្រាវ និស្សិត ក្រុមហ៊ុនឧស្សាហកម្ម និងមន្ត្រីរដ្ឋាភិបាល ដើម្បីជួបពិភាក្សាគ្នា និងដើម្បីបង្កើតនូវ ដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិត សម្រាប់សង្គមជាតិប្រទេសកម្ពុជាយើង។ តំណាង KOICA ប្រចាំកម្ពុជា បង្ហាញភាពជឿជាក់ថា គម្រោងនេះ នឹងជួយរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ប្រព័ន្ធធុរកិច្ចថ្មីលើវិស័យបច្ចេកវិទ្យា និងបណ្តាញទីផ្សារនៅកម្ពុជា។

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី នៃក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងថា មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា ត្រូវបានរៀបចំឡើងសមស្របទៅតាមពេលវេលាមួយដ៏ល្អ ហើយមជ្ឈមណ្ឌលខាងលើនេះគឺ ជាធាតុផ្សំដ៏សំខាន់ក្នុងការគាំទ្រដល់ ភាពជាសហគ្រិននិងប្រព័ន្ធអេកូឡូស៊ី សម្រាប់ធុរកិច្ចថ្មី នៅកម្ពុជា។ មជ្ឈមណ្ឌលនេះ គឺជាផ្នែកមួយនៃគម្រោង «ការបង្កើតប្រព័ន្ធធុរកិច្ចថ្មីរវាងសាកលវិទ្យាល័យនិងឧស្សាហកម្មនៅប្រទេសកម្ពុជា» ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងរវាងកយកា និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ២០១៩។

គម្រោងនេះមជ្ឈមណ្ឌលនេះនឹងរួមចំណែក ១) បង្កើតគំរូបណ្តុះអាជីវកម្ម និងបណ្តាញទីផ្សារនៅកម្ពុជា ២) គាំទ្រដល់មូលដ្ឋានគ្រឹះ នៃកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍ សហគ្រិនភាពវ័យក្មេងនៅកម្ពុជា ៣) ធ្វើពិពិធកម្មឧស្សាហកម្ម និងជំរុញឧស្សាហកម្ម នៃបច្ចេកវិទ្យា ព័ត៌មាននិងទំនាក់ទំនង នៅកម្ពុជា ៤) និងដើម្បី ភ្ជាប់ និងបំពេញចន្លោះ រវាងសមត្ថភាពសិក្សា និងតម្រូវការទីផ្សារក្នុងប្រទេស ផងដែរ៕

×