កាលពីថ្ងៃទី ៣១ ខែមីនា កន្លងទៅ ទារកអាយុ ១៦ថ្ងៃម្នាក់ បានត្រូវស្វាចាប់ជម្រិតយកទៅ ហើយក្រោយមកគេបានរកឃើញថា ស្លាប់ នៅក្នុងអណ្តូង ៤,៥ម៉ែត្រ មួយ នៅជិតផ្ទះរបស់វាភូមិ Talabasta ស្រុក Cuttack ខេត្ត Odisha ប្រទេសឥណ្ឌា ។
ប៉ូលិសនិងក្រុមគ្រួសារបានរុករកអស់ពេលយ៉ាងយូរ ទើបឃើញទារកនេះស្ថិតនៅក្នុងអណ្តូង ។
ម្តាយរបស់ទារកឲ្យដឹងថា ពេលនាងកំពុងដេកក្បែរកូននោះ ស្វាមួយក្បាលបានលបចូលមកបន្ទប់ រួចចាប់យកកូនគាត់ទៅ ។ ភ្លាមៗនោះ គាត់ក៏បានស្រែករកឲ្យគេជួយ ។
តាមលោក Priyabrat Rout ឲ្យដឹងថា ទារកនេះអាចរបូតចេញពីដៃរបស់ស្វា ហើយស្លាប់ក្រោយពេលធ្លាក់ចុះក្នុងអណ្តូង។ វាពិតជាអណោចអធ័មណាស់ ហើយជាករណីរងគ្រោះកម្រជួប។
ពលរដ្ឋនៅទីនេះឲ្យដឹងថា ស្វាបាននឹងកំពុងក្លាយជាការគំរាមកំហែងយ៉ាងខ្លាំងក្នុងជីវភាពរស់នៅរបស់ប្រជាជន នេះពុំមែនជារឿងហេតុទើបកើតឡើងទេ មុននោះវាបានបង្កឲ្យមានការខាតបង់ទ្រព្យសម្បត្តិ ក៏ដូចជាប៉ះពាល់អាយុជីវិតមនុស្សរួចមកហើយ ។ ប្រជាជនបានចោទប្រកាន់ចំពោះភ្នាក់ងារមេព្រៃថា គ្មានការទទួលខុសត្រូវ និងគ្មានចាត់វិធានការទប់ស្កាត់ ។ ពួកគេក៏បានធ្វើសំណើរដល់រដ្ឋអំណាច ហើយគំរាមថា ពុំនោះសោតពួកគេនឹងរួមគ្នាធ្វើបាតុកម្មធំមួយក្រោមការដឹកនាំរបស់ឪពុកទារកខាងលើ ៕ ចន្ទ្រា