ព្រះសីហនុ ៖ នៅព្រឹកថ្ងៃពុធ ទី៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ Zoom Meeting ដើម្បីត្រួតពិនិត្យការអនុវត្តនីតិវិធីស្តង់ដារ ប្រតិបត្តិ(SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមសាលារៀនទាំង០៥ដែលត្រៀមដាក់ឱ្យដំណើរការនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក នាយកសាលា និងមេឃុំ ចៅសង្កាត់ក្នុងខេត្តព្រះសីហនុ ។
សូមជម្រាបជូនថា យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដែលមានហានិភ័យទាប ដើម្បីត្រៀមបើកសាលាសាកល្បងឡើងវិញ ក្នុងរដ្ឋបាលខេត្ត បានជ្រើសរើសយកសាលា ដែលមានសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់បានល្អ បើកដំណើរការសាកល្បង ដោយផ្តោតលើសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ចំនួន៥សាលា នៅតាមក្រុងស្រុកទាំង៥ មានដូចជា ១. វិទ្យាល័យកែវផុស នៅស្រុកស្ទឹងហាវ ២. អនុវិទ្យាល័យទួលកែវ នៅស្រុកព្រៃនប់ ៣. វិទ្យាល័យ ហ៊ុន សែន មិត្តភាព នៅក្រុងព្រះសីហនុ ៤. អនុវិទ្យាល័យស្ទឹងសំរោង នៅស្រុកកំពង់សីលា និង៥. អនុវិទ្យាល័យព្រែកស្វាយ នៅក្រុងកោះរ៉ុង។
តាមការគ្រោងទុក នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នេះ គឺឯកឧត្តមអភិបាលខេត្ត បានដាក់ផែនការ ចុះត្រួតពិនិត្យដោយផ្ទាល់លើការរៀបចំ និងដាក់ឱ្យអនុវត្តនីតិវិធីស្តង់ដារប្រតិបត្តិ(SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមសាលាទាំង០៥ខាងលើ មុនបើកឱ្យដំណើរការ តែដោយសារមានភារកិច្ចបន្ទាន់ទើបធ្វើការប្រជុំតាមប្រព័ន្ធ Zoom Meeting វិញ។
ខ្លឹមសាររួមនៃកិច្ចប្រជុំនេះ គឺផ្តោតលើស្ថានភាពរួមនៅតាមសាលារៀន និងសមត្ថភាពលើការគ្រប់គ្រង ដឹកនាំរបស់នាយកសាលានីមួយៗ ជាពិសេសការអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយ នូវនីតិវិធីស្តង់ដារប្រតិបត្តិ(SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមសាលាទាំង០៥ខាងលើ ដើម្បី ធានាបានសុវត្ថិភាព ចំពោះសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូរបស់យើង។ ជាមួយគ្នានេះ អង្គប្រជុំបានសម្រេច បើកឱ្យដំណើរការសាកល្បងសាលារៀនចំនួន០៥សាលាស្មើនឹង៣៣ថ្នាក់ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ៕ រក្សាសិទ្ធិដោយ៖CEN