Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា​នីតិកាល​ទី​៥ បើក​សម័យប្រជុំ​លើក​ទី​១០ នៅមុន​ចូលឆ្នាំថ្មី​

​ភ្នំពេញ ​៖ រដ្ឋសភា​នីតិកាល​ទី​៥ បាន​កំណត់​កាលបរិច្ឆេទ បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០១៨ ខាងមុខ គឺ​នៅ​មុន​ឱកាស ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ បន្ទាប់ពី​បាន​វិស្សមកាល​អស់​រយៈពេល​បី​ខែ​មក​នោះ​។ នេះ​បើ​តាម​សេចក្តីសម្រេច​របស់​គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍ រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​៣ មេសា​នេះ​។​

​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០១៨ ដោយ​នៅ​ក្នុង​នោះ អង្គប្រជុំ​បាន​សម្រេច កាលបរិច្ឆេទ​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០​។ បានអនុម័ត​ទទួលយក​បេក្ខជន​ចំនួន​២​រូប ដែលមាន លក្ខណៈសម្បត្តិ​គ្រប់​លក្ខខណ្ឌ ក្នុងចំណោម​បេក្ខជន​ចំនួន​១២​រូប ដែល​បាន​ដាក់ពាក្យ​ឈរឈ្មោះ​ជា​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ដើម្បី​ដាក់ជូន សម័យប្រជុំ​រដ្ឋសភា​នាពេល​ខាងមុខ​បោះឆ្នោត​ជ្រើសតាំង​។ បានអនុម័ត​លើ​របាយការណ៍​ស្តីពី​សកម្មភាព​របស់​រដ្ឋសភា ចន្លោះ​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៩ និង​លើក​ទី​១០ នីតិកាល​ទី​៥ និង​បាន​អនុម័ត​សមាសភាព​លេខាធិការ​សម័យប្រជុំ​រដ្ឋ​សភា​លើក​ទី​១០ នីតិកាល​ទី​៥ នោះ​ផង​ដែរ​។​

​ដោយឡែក​សម្រាប់​ការបើក​សម័យប្រជុំ​រដ្ឋ​សភា​លើក​ទី​១០ នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០១៨ នោះ​វិញ អង្គប្រជុំ​គណៈកម្មាធិការ អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​៣​ខែ​មេសា​នេះ បានអនុម័ត​របៀបវារៈ សម្រាប់​សម័យប្រជុំ​រដ្ឋ​សភា​នោះដែរ ដោយ​ក្នុង​នោះ​មាន ព្រះរាជសារ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥​។ របាយការណ៍​ស្តីពី​សកម្មភាព​របស់​រដ្ឋសភាច​ន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩ និង​លើក​ទី​១០ នីតិកាល​ទី​៥​។ ការបោះឆ្នោត​ជ្រើស តាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ចំនួន​២​រូប និង​ការពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី អាជ្ញាប័ណ្ណ​បញ្ជា​សម្រាប់​សុខភាព​សាធារណៈ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

×