ខេត្តព្រះសីហនុ ៖ ស្ថាបនិក ឬជាអ្នកបង្កើត “កោះឋានសួគ៌ឆ្នេរភ្លោះកោះរ៉ុង” មានទីតាំងនៅលើកោះរ៉ុងក្រុង-ខេត្តព្រះសីហនុ ប្រកាសស្វាគមន៍ភ្ញៀវទេសចរ និងបង្ហាញសមិទ្ធផលថ្មី «ម៉ាហ្វីយ៉ា រីស៊តកម្ពុជា, Mafiya’s Resort Cambodia» ដើម្បីរង់ចាំទទួលភ្ញៀវទេចរជាតិ-អន្តរជាតិ ដែលចូលមកទស្សនាខេត្តព្រះសីហនុ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០១៨នេះ។
ស្ថាបនិក “កោះឋានសួគ៌ឆ្នេរភ្លោះកោះរ៉ុង” និងជាប្រធានក្រុមហ៊ុនជីធីវីស៊ី ស្ពីដប៊ូតកម្ពុជា (G.T.V.C, Speed Boat Cambodia) គឺ លោកឧកញ៉ា ទៀ វិចិត្រ ផ្តល់សម្ភាសដល់អ្នកយកព័ត៌មាន CEN.COM.KH ប្រចាំខេត្តព្រះសីហនុថា នាឱកាសពិធិបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះ “កោះឋានសួគ៌” នឹងមានរៀបចំលេងល្បែងប្រជាប្រិយគ្រប់ជាច្រើនប្រភេទ និងចំប្រគុំតន្ត្រីសម័យ ផ្តល់ជូនភ្ញៀវទេសចរចម្រុះជាតិសាសន៍ ដើម្បីទស្សនា និងរាំច្រៀងកម្សាន្តក្នុងរយៈពេល ៣ថ្ងៃ ជាប់ៗគ្នា គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨។
ពិសេសជាងនេះទៀត លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបង្ហាញសមិទ្ធផលថ្មី គឺ “ម៉ាហ្វីយ៉ា រីស៊តកម្ពុជា” ដែលជាផ្ទះ ឬកន្លែងស្នាក់នៅទើបសង់រួចថ្មីៗ មានទីធ្លាធំទូលាយ លាយឡំដោយដើមឈើ ផ្កាភ្ញី និងភ្លើងចម្រុះពណ៌ ប្រកបដោយផាសុកភាព នឹងរង់ចាំស្វាគមន៍ការចូលមកស្នាក់នៅ របស់ភ្ញៀវទេសចរក្នុងតម្លៃសមរម្យ និងមានសុវត្ថិភាពសន្តិសុខល្អ។
លោកឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងថា ទាំងសោភ័ណភាពឆ្នេរខ្សាច់នៅលើ “កោះឋានសួគ៌” និង “ម៉ាហ្វីយ៉ា រីស៊ត” គឺមានបរិស្ថាន សោភ័ណភាពតាមបែបធម្មជាតិ មានអនាម័យល្អ មានអាហារទទួលទានឆ្ងាញ់ពិសារ និងមានសម្ភារៈ ឬឧបរកណ៍ជាច្រើនប្រភេទ សម្រាប់ផ្តល់ជម្រើសជូនភ្ញៀវទេសចរ ដែលចូលមកសម្រាកលំហែកម្សាន្ត និងស្នាក់នៅ «ម៉ាហ្វីយ៉ា រីស៊ត» ក្នុងតម្លៃសមរម្យ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ២០១៨នេះ។
ចំណែកអ្នកគ្រប់គ្រង ឬទទួលមើលការខុសត្រូវនៅលើ “កោះឋានសួគ៌” បានឲ្យដឹងដែរថា សម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលចូលមកកម្សាន្តខេត្តព្រះសីហនុ និងចង់ធ្វើដំណើរទៅកម្សាន្ត នៅ”កោះឋានសួគ៌” ហើយចង់ជ្រើសយកទីកន្លែងស្នាក់នៅ “ម៉ាហ្វីយ៉ា រីស៊ត” គឺអាចទិញសំបុត្រធ្វើដំណើរតាមរយៈក្រុមហ៊ុន G.T.V.C, Speed Boat Cambodia ឬចូលទៅផេក Page: GTVC Speedboat Cambodia និងទិញសំបុត្រនៅក្រុមហ៊ុន អាយលែន ស្ពីដហ្វឺរី ខេមបូឌា ឬចូលទៅផេក Page: Island speed ferry cambodia។
ក្នុងនោះប្រសិនបើភ្ញៀវទេសចរជាតិ-អន្តរជាតិ ចង់កក់បន្ទប់ស្នាក់នៅជាមួយ “ម៉ាហ្វីយ៉ា រីស៊ត” គឺអាចទាក់ទងតាមលេខទូរស័ព្ទដោយផ្ទាល់ ឬចូលក្នុងកាន់ផេក Page: Mafiya’s Resort Cambodia។
ងាកមកភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានធ្វើដំណើរមកដល់ខេត្តព្រះសីហនុ និងចេញទៅកម្សាន្តនៅតាមបណ្ដាកោះមួយចំនួន នៅមុនពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំ២០១៨នេះ គឺបានកោតសរសើរស្ថាបនិកបង្កើតតំបន់ឆ្នេរកម្សាន្តថ្មីៗមានឈ្មោះថា “កោះឋានសួគ៌ ឆ្នេរភ្លោះកោះរ៉ុង” ប្រកបដោយសោភ័ណភាព បរិស្ថានល្អ តាមបែបធម្មជាតិ សម្រាប់បម្រើដល់វិស័យទេសចរណ៍។
ភ្ញៀវទេសចរ ពិសេសភ្ញៀវជាតិ បានបង្ហាញអារម្មណ៍ពេញចិត្តឆ្នេរកម្សាន្តមានឈ្មោះថា “កោះឋានសួគ៌ ឆ្នេរភ្លោះកោះរ៉ុង” ដែលប្រតិបត្តិករទេសចរខេត្តនេះរួមគ្នាអភិវឌ្ឍ សម្រាប់បម្រើដល់វិស័យទេសចរណ៍ ដែលមានបរិស្ថានអនាម័យល្អ ឆ្នេរធំទូលាយ មានខ្សាច់សក្បុស និងមានទឹកសមុទ្រថ្លាឆ្លុះគួរជាទីគយគន់មិនចេះជិនណាយ។
កាលពីដើមចុងខែមីនា និងដើមខែមេសា ឆ្នាំ២០១៨នេះ ឃើញមានគូស្វាមីភរិយាទើបរៀបការថ្មោងថ្មី និងមានគូស្នេហ៍ខ្លះ បានជ្រើសយក “កោះឋានសួគ៌” សម្រាប់ដំណើរកម្សាន្ត និងជ្រើសយក “ម៉ាហ្វីយ៉ា រីស៊តកម្ពុជា” សម្រាប់រាត្រីទឹកឃ្មុំ របស់ពួកគេ ដ៏ផ្អែមត្រជាក់ចិត្ត។
ចំណែកភ្ញៀវទេសចរជាអនិកជនខ្មែរមួយក្រុម ដែលធ្វើដំណើរមកពីប្រទេសអូស្ត្រាលី ហើយបាននាំក្រុមគ្រួសារទៅកម្សាន្តតាមកោះនានា និងចុងក្រោយ បានចូលទៅកម្សាន្ត «កោះឋានសួគ៌ឆ្នេរភ្លោះកោះរ៉ុង» និងបានស្នាក់នៅ “ម៉ាហ្វីយ៉ា រីស៊ត កម្ពុជា” កាលពីសប្តាហ៍មុននេះ បានកោតសរសើរការថែរក្សាបរិស្ថាននៅតាមឆ្នេរកោះឋានសួគ៌ របស់ស្ថានិកកោះនេះថា មានអនាម័យល្អ និងមានសោភ័ណភាពស្រស់ត្រកាល សមការដាក់ឈ្មោះឆ្នេរនេះថាជា “កោះឋានសួគ៌” ពិតមែន។
ភ្ញៀវទេសចរក្រុមនេះ បានផ្តល់សម្ភាសដល់អ្នកយកព័ត៌មាន CEN.COM.KH ដែលចុះទៅដល់ឆ្នេរកោះឋានសួគ៌ក្នុងទឹកមុខរីករាយ និងសម្ដីមួយៗថា បរិស្ថាននៅជុំវិញឆ្នេរទើបអភិវឌ្ឍថ្មីនេះមានឆ្នេរធំទូលាយ មានខ្សាច់សក្បុស មានទឹកថ្លាឆ្លុះ និងហ៊ុមព័ទ្ធដោយចម្ការដូង ផ្កាភ្ញីចម្រុះពណ៌ ព្រៃកោងកាង ភ្លើងបំភ្លឺ និងព្រៃឈើធម្មជាតិមានពណ៌ខៀវស្រងាត់។ ពិសេសជាងនេះ ការជ្រើសយកផ្ទះ ឬកន្លែងសម្រាកនៅ “ម៉ាហ្វីយ៉ា រីស៊តកម្ពុជា” ពិតជាការចំណាយលុយមិនខកបំណងនោះទេ។
ទាក់ទិនបញ្ហានេះដែរ លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក៏បានស្វាគមន៍ប្រតិបត្តិករទេសចរទាំងអស់នាមូលដ្ឋាននេះ ដែលបានរួមគ្នាបង្កើតឲ្យមានទីតាំងកម្សាន្តថ្មីៗច្រើនកន្លែងទៀត ដើម្បីស្វាគមន៍ ឬផ្តល់ជម្រើសកម្សាន្តជូនភ្ញៀវ ទេសចរចម្រុះជាតិសាសន៍ ឲ្យចូលមកទស្សនាខេត្តព្រះសីហនុបានកាន់តែច្រើនថែមទៀត។ ជាងនេះលោក សុចិត្រគ្រឹស្នា ក៏បានស្នើដល់ប្រតិបត្តិករទេសចរ ឬអ្នករកទទួលទានលើវិស័យទេសចរទាំងអស់ ត្រូវបង្កើនគុណភាពសេវាកម្មទេសចរណ៍របស់ខ្លួន ឲ្យមានគុណភាព និងត្រូវកំណត់តម្លៃសេវាឲ្យបានសមរម្យ មិនត្រូវលក់កោរភ្ញៀវ នាំឲ្យភ្ញៀវខ្លាចរអានោះទេ។ ជាងនេះទៀត រាល់ការបើកធ្វើអាជីវកម្ម លើវិស័យទេសចរផ្សេងៗ ត្រូវសុំច្បាប់អនុញ្ញាតពីក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ឲ្យបានត្រឹមត្រូវជាមុន។
ឆ្នេរសមុទ្រខេត្តព្រះសីហនុ មានប្រវែងជាង ១៧១គីឡូម៉ែត្រ (១៧១.៣៥គីឡូម៉ែត្រ) មានខ្សាច់សស្អាត ទឹកសមុទ្រថ្លាឆ្លុះ ឆ្នេររាក់ ទឹកធ្លាក់ មច្ឆាសមុទ្រ ផ្កាថ្ម ឧទ្យានជាតិ និងមានកោះចំនួន៣២ មានជីវចម្រុះធម្មជាតិស្រស់ស្អាត ជាសក្ដានុពលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ នាខេត្តព្រះសីហនុ ក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ ដែន សីមា