ភ្នំពេញ ៖ គ្រឿងឥស្សរិយយស សម្រាប់ផ្តល់ជូនឥស្សរជនដែលមានស្នាដៃឆ្នើមក្នុងកិច្ចការសាធារណៈ ត្រូវបានប្រគល់ជូនលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស ស យ ក) ដែលនេះជាមោទភាពជាតិមួយសម្រាប់ប្រជាជនកម្ពុជា។
នេះបើតាមសេចក្តីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ចុះថ្ងៃទី២ ខែមេសានេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស ស យ ក) បានទទួលគ្រឿងឥស្សរិយយសប៉ាត់ម៉ាស្រី” Padma Shri “នេះ ពីប្រធានាធិបតីឥណ្ឌាកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ នៅទីក្រុងញ៉ូវដេល្លី ប្រទេសឥណ្ឋា។
ពានរង្វាន់ប៉ាត់ម៉ាស្រី(Padma Shri)គឺជាគ្រឿងឥស្សរិយយស ដែលផ្តល់ជូនឥស្សរជនមានស្នាដៃឆ្នើមក្នុងកិច្ចការសាធារណៈ ដែលនេះជាមោទភាពជាតិមួយសម្រាប់ប្រជាជនកម្ពុជា។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បាននាំយកគ្រឿងឥស្សរិយយស Padma Shri មកដល់កម្ពុជាហើយ នៅយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨នេះចំពោះស្នាដៃឆ្នើមក្នុងកិច្ចការសាធារណៈពីប្រធានាធិបតីឥណ្ឌា។
លោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានធ្វើសន្និសីទសារព័ត៌មានមួយក្រោយពេលមកដល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ការអញ្ជើញមកដល់របស់លោក ហ៊ុន ម៉ានី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន និងស្ថាប័នព័ត៌មានជាច្រើន បាននាំគ្នាស្វាគមន៍ចំពោះការមកដល់ និងការទទួលបានគ្រឿងឥស្សរិយយស Padma Shri ពីប្រធានាធិបតីឥណ្ឌា៕ ដោយ ៖ បញ្ញាស័ក្តិ