ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសតែងតាំង និងផ្ទេរភារកិច្ច អភិបាលរងរាជធានីភ្នំពេញ១រូប និងនាយករដ្ឋបាលរាជធានីភ្នំពេញ១រូប ដើម្បីបំពេញបន្លែមលើការងាររដ្ឋបាលបម្រើប្រជាពលរដ្ឋ ហើយបានផ្ទេរភារកិច្ចអភិបាលរង១រូប នៅបំពេញការងារថ្មីនៅក្រសួងមហាផ្ទៃ។ ដែលពិធីនេះធ្វើឡើងនៅសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃព្រហស្សតិ៍ទី៥ ខែមេសា ឆ្នាំ២០១៨នេះ
ក្រោមអធិបតីភាពលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
ពិធីនេះត្រូវបានប្រកាសតែងតាំងនិងផ្ទេរភារកិច្ច លោកអៀង អូននី ពីអភិបាលរងរាជធានីភ្នំពេញ ទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ ។ លោកហួត ហៃ នាយករដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានប្រកាសតែងតាំង ជាអភិបាលរងរាជធានីភ្នំពេញ ជំនួសលោកអៀង អូននី។ លោកសេង វណ្ណៈ ត្រូវបានប្រកាសតែងតាំង ជានាយករដ្ឋបាលរាជធានីភ្នំពេញ ជំនួសលោកហួត ហៃ។
លោកហួត ហៃ ដែលទើបតែងតាំងជាអភិបាលរងរាជធានីថ្មី បានប្តេជ្ញាចិត្តថា លោកនឹងបំពេញការងារឲ្យបានល្អ ទៅតាមគោលការណ៍របស់ថ្នាក់លើ ដែលបានដាក់ចុះ ពិសេសសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ បម្រើសេវាជូនប្រជាពលរដ្ឋឲ្យល្អ និងឲ្យនៅកៀក កិតជាមួយនឹងប្រជាពលរដ្ឋ ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានប្រសាសន៍ថា គិតត្រឹមខែមីនាឆ្នាំ២០១៨នេះ ស្ថានភាពក្របខ័ណ្ឌក្នុងរាជធានីភ្នំពេញមានមន្ត្រីនិងមន្ត្រីជាប់កិច្ចសន្យាបម្រើការងារចំនួន៣៤៨៥នាក់(ស្ត្រី៧៣៣នាក់) ក្នុងនោះក្របខ័ណ្ឌ ក ចំនួន៣២២នាក់ ក្របខ័ណ្ឌ ខ ចំនួន១៨៨នាក់ និងក្របខ័ណ្ឌ គ ចំនួន៣១៥នាក់ និងមន្ត្រីជាប់កិច្ចសន្យាចំនួន២៦៦០នាក់។
ដោយឡែកចំពោះស្ថានភាពមន្ត្រីរដ្ឋបាលសាធារណៈក្នុងអង្គភាពសាលារាជធានីភ្នំពេញរួមមាន៖ក្រុមប្រឹក្សារាជធានីភ្នំពេញមានចំនួន ២១ នាក់ (ស្ត្រី៦នាក់) គណៈអភិបាលរាជធានីមានចំនួន ៧នាក់ (ស្ត្រី១នាក់) គណៈនាយករដ្ឋបាលមានចំនួន ៦នាក់ នាយកទីចាត់ការ និងប្រធានអង្គភាពមានចំនួន១០នាក់ (ស្ត្រី២នាក់) និងមានមន្ត្រីក្របខ័ណ្ឌសរុបចំនួន១៤៨នាក់ (ស្ត្រី៦៣នាក់)។
លោកបន្តថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែង បំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន ក្នុងការរួមចំណែកថែរក្សា ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពអត់ធ្មត់ខ្ពស់ ព្រមទាំងបានចាត់តាំងអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ជាក់ស្តែង ក្នុងឆ្នាំ២០១៧កន្លងមក យើងបានបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បានចំនួន៩៦០លើក/៩៣៣លើក ប្រៀបធៀបឆ្នាំ២០១៦ កើនឡើង២៧លើក ស្មើនឹង២,៨៩% និងបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន២១១៣ករណី/៧៧៣ករណី ឃាត់ខ្លួន៤៦២៧នាក់/២៨០៨នាក់(ស្រី៤៥១នាក់) ប្រៀបធៀបឆ្នាំ២០១៦ កើន១១៤០ករណី ដែលនេះ គឺជាសញ្ញាវិជ្ជមានបង្ហាញឲ្យឃើញពីប្រសិទ្ធភាព នៃការធ្វើប្រតិបត្តការ របស់កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ធ្វើឲ្យបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅទូទាំងរាជធានី មានភាពល្អប្រសើរ និងធានាប្រក្រតីភាព នៃជីវភាពសង្គម លោកបានបន្តឲ្យដឹងថា ទោះបីជារដ្ឋបាលរាជធានីភ្នំពេញ សម្រេចបាននៅសមិទ្ធផល ជាច្រើនដូចបានជម្រាបជូនខាងលើនេះក្តី ក៏នៅមានកិច្ចការជាអាទិភាព និងបញ្ហាប្រឈមថ្មីៗមួយចំនួនទៀត ដែលត្រូវខិតខំ បន្តរួមគ្នាពុះពារជម្នះដោះស្រាយជាបន្ត គឺការរក្សា សន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្នុងរាជធានីភ្នំពេញ ឲ្យកាន់តែមានសោភ័ណភាពស្រស់បំព្រងថែមទៀត។
លោកសក់ សេដ្ឋា ក្នុងឱកាសនោះ បានមានប្រសាសន៍កោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលបានយកអស់កម្លាំងកាយចិត្តធ្វើឲ្យរាជធានីភ្នំពេញមានសន្តិសុខល្អ និងមានការអភិវឌ្ឍរីកចម្រើន រហូតធ្វើឲ្យកំណើនសេដ្ឋកិច្ចនៅរក្សាបាន៧% នៅ២០១៧ ហើយនៅក្នុងឆ្នាំ២០១៨ ក៏រក្សាកំណើននេះដដែល។
លោកបន្តទៀតថា ប្រទេសយើងកើតចេញពីសង្គ្រាម ដែលធ្លាក់ដល់ចំណុចសូន្យ ហើយការដែលនាំឲ្យប្រទេសជាតិវិលមកវិញ នូវសុខសន្តិភាពនេះ មិនមែនកើតឡើងដោយឯកឯងនោះគេ គឺពិតជាបានកើតចេញពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដោយសម្តេច បានលះបង់អ្វីៗគ្រប់បែបយ៉ាង ដើម្បីប្តូរយកមកវិញនៅសុខសន្តិភាពនេះ។
លោកបន្តថា ការតែងតាំងផ្ទេរនេះ គឺជាកិច្ចការធម្មតា របស់រដ្ឋបាលរាជធានី គឺធ្វើឡើងដើម្បីលើកកម្ពស់ការងារឲ្យកាន់តែល្អប្រសើរ មួយកម្រិតថែមទៀត លើការបម្រើសេវាជូនប្រជាពលរដ្ឋ ហើយបើតាមច្បាប់ការងារលោកអៀង អូននី ក៏ដល់អាណត្តិ ដែលត្រូវផ្ទេរភាកិច្ចផងដែរ៕ ដោយ ៖ បញ្ញាស័ក្តិ