Wednesday, December 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ថោង ខុន ៖ ២​ទសវត្សរ៍​ចុងក្រោយ វិស័យ​ទេសចរណ៍ បង្កើត​ប្រាក់ចំណូល​ជូន​ជាតិ​ចំនួន ៣.៦៣៨ លាន​ដុល្លារ​

​សៀមរាប​ ៖ ​លោក​រដ្ឋមន្ត្រី​ទេសចរណ៍ បានលើកឡើង​ពី​សភាពការណ៍​ទេសចរណ៍​កម្ពុជា និង​ទេសចរណ៍​ខេត្តសៀមរាប ដែល​មាន​ការអភិវឌ្ឍ​រីកចម្រើន​គួរ​ជាទី​មោទនៈ ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុងក្រោយ​នេះ​។​

​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​លើកឡើង​ថា ដោយ​វិស័យ​ទេសចរណ៍​ជា​កម្លាំងចលករ ដ៏​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ បង្កើត​ឱកាស​ការងារ មុខរបរ ប្រាក់ចំណូល និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។ ជាក់ស្តែង ក្នុង​ឆ្នាំ​២០១៧ កន្លងមកនេះ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ ៥,៦​លាន​នាក់ កើនឡើង ១១,៨​ភាគរយ បង្កើត​ប្រាក់ចំណូល​ជូន​ជាតិ​ចំនួន ៣.៦៣៨ លាន​ដុល្លារ រួមចំណែក​ប្រមាណ ១៣​ភាគរយ ក្នុង​ផលិតផល​ក្នុងស្រុក​សរុប (GDP) បង្កើត​ការងារ​ដោយផ្ទាល់​ប្រមាណ​ជាង ៦០​ម៉ឺន​នាក់ និង​ការងារ​ដោយ​ប្រយោល​ជាច្រើន​ម៉ឺន​នាក់​ទៀត​។​

​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៨ លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង រួមជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា គ្រឹះស្ថាន​អង្គរ សមាគម​ទី​ភ្នាក់ងារទេសចរណ៍​កម្ពុជា ក្រុមហ៊ុន និង​ផ្នែក​ឯកជន ចុះសួរសុខទុក្ខ សំណេះសំណាល និង​ជូនពរ​ដល់​នាយទាហាន ពលទាហាន នៃ​យោធភូមិ​ភាគ​ទី​៤ ក្នុងឱកាស​អបអរសាទ​រ​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ នៅ​ទីបញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៤ ខេត្តសៀមរាប​។​

​លោក​រដ្ឋមន្ត្រី បាន​ជម្រាបជូន​អង្គពិធី​ទាំងមូល​អំពី​សភាពការណ៍​នយោបាយ និង​ការអភិវឌ្ឍ​រីកចម្រើន​នៃ​សេដ្ឋកិច្ច សង្គម ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស សម្តេច​តេជោ​តែង​បាន​គិតគូរ និង​យកចិត្តទុកដាក់​ខ្ពស់​ជាប់​ជាប្រចាំ​ក្នុង​ការជួយ​សម្រួល និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​មន្ត្រីរាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ កម្មករ និយោជិត និង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។​

​លោក​ក៏​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​យោធភូមិភាគ​៤ ដែល​បាន​ចូលរួម​ចំណែក​ដ៏​ខ្លាំងក្លា ក្នុង​ការរក្សា​ការពារ​បូរណភាព​ទឹកដី និង​ការពារ​តំបន់​បេតិកភណ្ឌ​អង្គរ និង​តំបន់​ជុំវិញ​។ កងយោធពល​ខេមរភូមិន្ទ​គឺជា​ឆ្អឹងខ្នង​ដ៏​រឹងមាំ​របស់​ប្រទេសជាតិ ហើយ​ទោះបី​ស្ថិត​ក្នុង​តម្លាំ​ណា​ក៏​ដោយ គឺ​ត្រូវ​ការពារ​ឲ្យបាន​រឹងមាំ​នូវ​សុខសន្តិភាព ស្ថិរភាព និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ចលនា​បដិវត្តន៍​ពណ៌​មិន​ឲ្យ​កើតមាន​នៅ​កម្ពុជា​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

×