ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអំពីនយោបាយថ្មីថា ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិ ដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ។
នៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ បុរសដែលមានប្រជាប្រិយភាពបំផុត នៅកម្ពុជារូបនេះ បញ្ជាក់ថា ខ្ញុំបានប្រគល់ការងារនេះ ជូន ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាងច្បាប់អង្គការ ដែលចេញពី រាជរដ្ឋាភិបាល ឬជាសេចក្តីស្នើច្បាប់ដែលចេញពី ព្រឹទ្ធសភា និង រដ្ឋសភា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បើលេងកុំខឹង បើខឹងកុំលេង ព្រោះទ្វារត្រូវបានបិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិពីរ ដែលប៉ុនប៉ងកាន់តំណែងកំពូលនេះ ពិសេស តំណែងនាយករដ្ឋមន្ត្រី ព្រោះថា វិសោធនកម្មរដ្ឋធម្មនុញ្ញក្តី ឬច្បាប់អង្គការក្តី ត្រូវការសំឡេង ២ភាគ៣ ទើបអាចអនុម័តបាន។
នយោបាយថ្មីមួយនេះ ត្រូវបានប្រជាពលរដ្ឋស្ទើរតែទូទាំងប្រទេស គាំទ្រពេញទំហឹង និងបានមើលឃើញយ៉ាងច្បាស់ថា អ្នកនយោបាយសញ្ជាតិពីរ ដែលប៉ុនប៉ងប្រកួតប្រជែងធ្វើជាមេដឹកនាំកំពូលនៅកម្ពុជា ត្រូវបានដាច់ផ្ងារមុនការប្រកួត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN