Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីទូតរុស្ស៊ី៖ ចំណងការទូតរវាងរុស្ស៊ីនិងអាមេរិក អាចកាន់តែយ៉ាប់យឺនជាងមុន

អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក សឺជី យ៉ាប់កូវ បានថ្លែងកាលពីថ្ងៃអង្គារថា ទំនាក់ទំនងរុស្ស៊ី-អាមេរិកអាចកាន់តែដុនដាបទៅៗ ក្រោយជំនួបជាមួយអនុរដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការនយោបាយលោកស្រី វិចតូរៀ នូលែន នៅទីក្រុងមូស្គូ។

លោក យ៉ាប់កូវ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងមូស្គូថា កិច្ចចរចាមិនបាននាំឱ្យមានការរីកចម្រើនទេ ផ្ទុយទៅវិញវាធ្វើឲ្យមានភាពយ៉ាប់យឺនផ្នែកទំនាក់ទំនងកាន់តែកើនឡើងបន្ថែមទៀត។

អ្នកការទូតរូបនេះបាននិយាយថា បញ្ហានៃការផ្តល់ទិដ្ឋាការដល់មន្រ្តីរុស្ស៊ី រួមជាមួយនឹងបញ្ហាលំបាកក្នុងការងារបេសកកម្មការទូតនៃប្រទេសទាំងពីរ គឺជាប្រធានបទនៅក្នុងកិច្ចប្រជុំនេះ។ លោកបានព្រមានថា ទីក្រុងម៉ូស្គូចង់ចៀសវាងសេណារីយ៉ូនេះ ប៉ុន្តែរុស្ស៊ីមិនច្រានចោលការបង្កកការងាររបស់បេសកកម្មការទូតនោះទេ។

លោកបានមានប្រសាសន៍ថា៖« យើងចង់ជៀសវាងរឿងនេះណាស់ ប៉ុន្តែយើងមិនអាចច្រានចោលសេណារីយ៉ូដែលជាជម្រើសបែបនេះនោះទេ នៅក្នុងសេណារីយ៉ូករណីដ៏អាក្រក់បំផុតនោះទេ។ តែយ៉ាងណា យើងចង់ជៀសវាងរឿងនេះមែនទែន» ។

លោក យ៉ាប់កូវ បានបន្ថែមថា លោកបានយល់ព្រមជាមួយស្រីនូលែន ដើម្បីធ្វើការពិគ្រោះយោបល់បន្ថែមទៀតទាក់ទងនឹងបញ្ហានៅក្នុងការងារបេសកកម្មការទូតនិងការផ្តល់ទិដ្ឋាការដល់មន្រ្តីរុស្សី។

សូមបញ្ជាក់ថា កាលពីថ្ងៃចន្ទ លោកស្រីនូលែន បានមកដល់ទីក្រុងម៉ូស្គូ​ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីនឹងមានរយៈពេលរហូតដល់ថ្ងៃទី ១៣ ខែតុលានេះ ហើយដំណើរទស្សនកិច្ចនេះ នឹងក្តោបរួមទៅលើកិច្ចប្រជុំជាបន្តបន្ទាប់ ជាមួយមន្រ្តីរដ្ឋាភិបាលរុស្ស៊ី។ បន្ថែមពីលើជំនួបជាមួយលោក យ៉ាប់កូវ លោកស្រីនូលែននឹងជួបពិភាក្សាជាមួយលោក យូរី យូសាកូវ ជំនួយការប្រធានាធិបតីសម្រាប់កិច្ចការអន្តរជាតិ និងលោក ឌីមីទ្រី កូហ្សាក អនុប្រធានរដ្ឋបាលប្រធានាធិបតីផងដែរ៕ ប្រភព៖ AA News

×