Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ចាប់ផ្តើមហើយពីថ្ងៃទី១២ ខែតុណ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា គិតទាំងថ្ងៃសៅរ៍ ទាំងថ្ងៃអាទិត្យ

ភ្នំពេញ៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ត្រូវប្រព្រឹត្តទៅចាប់ថ្ងៃទី១២ ខែតុណ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គិតទាំងថ្ងៃសៅរ៍ ទាំងថ្ងៃអាទិត្យ។ ដូច្នេះប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ.សង្កាត់អោយបានគ្រប់ៗគ្នា។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។ តាមប្រតិទិនការងារ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ មានរយៈពេល៥០ថ្ងៃ ដោយចែកចេញជាបីដំណាក់កាល សម្រាប់ ១៥ថ្ងៃដំបូង ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវបើកដំណើរការនៅតាមសាលាឃុំ សង្កាត់។

ប្រជាពលរដ្ឋ រស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បាននាំគ្នាទៅពិនិត្យមើលបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ ដែលខ្លួនរស់នៅបណ្តើៗហើយ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា ការបោះឆ្នោតលើកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេចប្រើពេលយូររហូតដល់ ៥០ថ្ងៃ ក្នុងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។ មូលហេតុដែលនាំឱ្យ គ.ជ.ប ពង្រីកថ្ងៃពិនិត្យ និងចុះឈ្មោះបោះឆ្នោតបន្ថែមនេះ ដោយសារបញ្ហាវិបត្តិកូវីដ-១៩ និងដើម្បីអោយពលរដ្ឋ មានពេលគ្រប់គ្រាន់ ក្នុងការរៀបចំខ្លួន។ ម្យ៉ាងវិញទៀត អាចជួយសម្រួលដល់អ្នកដែល  ទើប​​គ្រប់អាយុ បោះឆ្នោតថ្មី អាចបានចុះឈ្មោះបោះឆ្នោតដែរ។

រយៈពេល ២៥ថ្ងៃបន្ទាប់ គឺចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវចល័តនៅតាមភូមិមួយចំនួននៅក្នុងឃុំ សង្កាត់នីមួយៗ។ នៅរយៈពេល ១០ថ្ងៃចុងក្រោយ នៅថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ការិយាល័យចុះ ឈ្មោះបោះឆ្នោត ត្រូវបើកបម្រើការនៅតាមសាលាឃុំ សង្កាត់វិញ។ ដោយឡែករៀងរាល់ ១៥ថ្ងៃម្តង ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោត រយៈពេល១ថ្ងៃ ដើម្បីប្រជុំជាមួយក្រុមចុះឈ្មោះបោះឆ្នោតវាយតម្លៃការងារ។ តាមប្រតិទិនការងារ ការបិទការិយាល័យ ត្រូវធ្វើនៅថ្ងៃទី២៦ ខែតុលា ថ្ងៃទី១០ ខែវិច្ឆិកា និងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

សូមជម្រាបថា យោងតាមស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន ឆ្នាំ២០២១ គ.ជ.ប. មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មី ចំនួន ១.៦៣៥.៩៩០ នាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតចំនួន ៨៣.០៤៣ នាក់ រីឯការិយាល័យ បោះឆ្នោតវិញ មានចំនួន ២៣.៦១១ ការិយាល័យ៕

×