Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ចុះហត្ថលេខា ប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន (UPDIS) បានរួមគ្នាចុះហត្ថលេខាលើកិច្ចសន្យាសេវាកម្មរៀបចំផែនការមេ ដើម្បីអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដើម្បីប្រែក្លាយជាក្បាលម៉ាស៊ីនមួយថ្មី ក្នុង​ការ​ទាក់ទាញ និងស្រូបយកការវិនិយោគពីបរទេស សំរាប់​ជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមវត្តមានរបស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដែលមានការចូលពីថ្នាក់ដឹកនាំសំខាន់ៗ និងអ្នកវិនិយោគល្បីៗជា​ច្រើន​រូប។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន ប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែន​ការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង បានមានប្រសាសន៍ថា ពិធីចុះហត្ថលេខានេះ ពិតជាមានភាពចាំបាច់ណាស់ ដើម្បីចូលរួមដល់យុទ្ធសាស្រ្តកំណើនសេដ្ឋកិច្ចមួយថ្មី ឆ្លើយតបទៅនិងសេចក្តីត្រូវការរបស់កម្ពុជា ក្នុងបរិការណ៍នៃការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក និងសភាពការប្រែប្រួលសេដ្ឋកិច្ចតំបន់ និងពិភពលោក។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចក្ខុវិស័យប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការទាក់ទាញ និងស្រូបយកការវិនិយោគពីបរទេស ដែលអាចឈានទៅជាក្បាលម៉ាស៊ីនមួយថ្មី សំរាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យរីកលូតលាស់​ទៅមុខឥតឈប់ឈរ។

លោក ស៊ីម៉ា ស៊ាវ (Mr. Sima Xiao) ប្រធានវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន (UPDIS) បានមាន​ប្រសាសន៍ថា ខេត្តព្រះសីហនុ នឹងក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពាណិជ្ជកម្មអន្តរជាតិ ជាមជ្ឈមណ្ឌលនុវានុវត្តឧស្សាហកម្ម និង ឡូជីស្ទីក នៅអាស៊ីអាគ្នេយ៍ ក៏ដូចជាតំបន់ទេសចរណ៍ឆ្នេរសមុទ្ទពិភពលោក ដែលចូលរួមចំណែកដ៏សំខាន់ ក្នុងការជួយជំរុញដល់ដំណើរការធ្វើឱ្យប្រទេសកម្ពុជា សម្រេចនូវគោលដៅ អភិវឌ្ឍន៍ជាតិ។

លោក ស៊ីម៉ា ស៊ាវ (Mr. Sima Xiao) កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន (UPDIS) នាពេលនេះ នឹងនាំមកនូវឱកាសថ្មីសំរាប់ការអភិវឌ្ឍ​ប្រទេសនីមួយៗក្នុងតំបន់ ដោយលោកស៊ីម៉ា ស៊ាវ មានជំនឿចិត្ត ចំពោះសេដ្ឋកិច្ច ក៏ដូចជាទីផ្សារនៅអាស៊ីអាគ្នេយ៍ ដែលមានប្រទេសកម្ពុជានេះ។

សូមជម្រាបថា បើយោងតាមប្រសាសន៍របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ វិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន (UPDIS) មានបទពិសោធន៍ រយៈពេល៣០ឆ្នាំ​ និងបានរៀបចំ ជាង ៥ពាន់៨០០ គម្រោង​នៅលើ​ពិភពលោក ហើយក៏ជាស្ថាប័នដឹកមុខ ​ក្នុង​ការរៀបចំផែនការអភិវឌ្ឍទីក្រុងស៊ិនជិន និងប្រើប្រាស់បទពិសោធន៍​នេះ ក្នុងការរៀបចំផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងប្រកបដោយគុណ​ភាពខ្ពស់៕

×