ត្បូងឃ្មុំ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច មានលើកឡើងថា សព្វថ្ងៃនេះ ប្រជាពលរដ្ឋមួយចំនួនធំ កំពុងជំពាក់លុយធនាគារឯកជន និងមីក្រូហិរញ្ញវត្ថុ ។
លោករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវពិចារណា ឲ្យបានច្បាស់លាស់ មុននឹងខ្ចីលុយពីធនាគារ និងមីក្រូហិរញ្ញវត្ថុ ដោយមិនត្រូវខ្ចីយកទៅប្រើមិនចំគោលដៅធ្វើឲ្យខាត បង់ផលប្រយោជន៍ ទ្រព្យសម្បត្តិថែមទៀត។
លោកបន្តថា អ្នកខ្លះខ្ចីលុយយកមកសម្រាប់ពង្រីកមុខរបរ និងអ្នកខ្លះទៀត ខ្ចីលុយដើម្បីបំពេញតម្រូវការនានា ខណៈតម្រូវការខ្លះមិនចាំបាច់ ក៏នាំគ្នាខ្ចីដែរ ដែលនេះហើយ ជាបញ្ហាដោយមួយចំនួន រហូតដល់ជំពាក់លុយធនាគារ គ្មានលុយសងធនាគារ រត់ចោលស្រុក បាត់បង់ដីធ្លី ផ្ទះសម្បែង។
លោកវង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកពញាក្រែក បានអញ្ជើញចុះជួបសំណេះសំណាល ក្នុងអង្គវេទិការសាធារណៈ ជាមួយប្រជាពលរដ្ឋ មកពី២៣ភូមិ ក្នុងឃុំកក់ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃចន្ទ ទី៩ ខែមេសា ឆ្នាំ ២០១៨ ។ លោករដ្ឋមន្ត្រី វេទិកានេះ បានផ្តល់ឱកាសជូនបងប្អូនអ្នកចូលរួម ឲ្យឡើងមានយោបល់អំពីសេចក្តីកង្វល់ និងបញ្ហាប្រឈមមួយចំនួនរបស់បងប្អូន ។ លោក វង សូត បានដោះស្រាយជូនភ្លាមៗនូវសំណូមពរ សំណួរ សំណើរ ចំពោះបញ្ហាមួយចំនួន របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណៈបញ្ហាមួយចំនួន ត្រូវយកទៅសិក្សាឲ្យបានច្បាស់លាស់សិន មុនសម្រេចតាមសំណូមពរនៅពេលក្រោយទៀត ។
លោករដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា កត្តាទាំងនេះ សូមឲ្យប្រជាជនទាំងអស់ មេត្តាពិចារណាជាមុននឹងខ្ចីលុយគេ យកមកប្រើប្រាស់ បើគិតថា អាចបង្កើនបានប្រាក់មកវិញខ្ពស់ ចាំខ្ចី តែបើខ្ចី យកទៅចាយវាយ មិនចាំបាច់ គួរជៀសវាង កុំមានបញ្ហានៅពេលក្រោយ៕ ដោយ ៖ បញ្ញាស័ក្តិ