Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងឧស្សាហកម្មថ្មីសរុបចំនួន ១២៤ បានចុះបញ្ជី នៅក្នុងរយៈពេល ៩ ខែឆ្នាំនេះ

ភ្នំពេញ៖ អ្នកនាំពាក្យរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ឯកឧត្តម ហេង សុខគង់ បានឱ្យដឹងថា ក្រសួងបានចុះបញ្ជីគម្រោងឧស្សាហកម្មថ្មីសរុបចំនួន ១២៤ នៅក្នុងរយៈពេល ៩ ខែ ឆ្នាំនេះ។

អ្នកនាំពាក្យរបស់ក្រសួងរូបនេះ បានលើកឡើងថា គម្រោងឧស្សាហកម្មថ្មីនេះ នឹងធ្វើអោយមានរោងចក្រឧស្សាហកម្មសកម្មសរុបចំនួន ១.៨៤៣ ជាមួយនឹងទុនវិនិយោគសរុបចំនួន ១៣.៣៤១ លានដុល្លារអាមេរិក។ គម្រោងវិនិយោគឧស្សាហកម្មថ្មីៗ ដែលបានចុះបញ្ជីនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនមកលើប្រទេសកម្ពុជា ជាពិសេសកម្រិតភាពស៊ាំនៃការចាក់វ៉ាក់សាំងការពារការឆ្លងនៃជំងឺកូវីដ១៩ របស់ប្រទេស ខណៈដែលរដ្ឋាភិបាល ក៏កំពុងបើកដំណើរការសេដ្ឋកិច្ច និងសង្គមឡើងវិញ។

ការនាំចេញសរុបនៃរោងចក្រឧស្សាហកម្មមានតម្លៃ ៣.០៥៧ ពាន់លានដុល្លារអាមេរិក ខណៈការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកមានទឹកប្រាក់ចំនួន ១.១២៣ ពាន់លានដុល្លារអាមេរិក។ ជាមួយគ្នានេះ ក៏​មិនទាន់បានបង្ហាញតួលេខ ពីចំនួនរោងចក្រ ដែលត្រូវបិទ ឬបិទជាបណ្តោះអាសន្ន នៅក្នុងអំឡុងពេល​នៃការរាតត្បាតដោយ​ជំងឺកូវីដ១៩នេះ ​នៅឡើយទេ។

សូមជម្រាបថា វិស័យឧស្សាហកម្ម បានដើរតួយ៉ាងសំខាន់ក្នុងការជួយជំរុញវិស័យសេដ្ឋកិច្ចអភិវឌ្ឍយ៉ាងឆាប់រហ័ស។ រាជរដ្ឋាភិបាល បានអនុម័តនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា សម្រាប់ឆ្នាំ២០១៥ ដល់២០២៥ ដោយយោងតាមទស្សនវិស័យឆ្នាំ២០៣០ ប្រែក្លាយកម្ពុជាទៅជាប្រទេសសេដ្ឋកិច្ចមួយ ដែលមានប្រាក់ចំណូលធុនកណ្តាល​ដោយសង្កត់ធ្ងន់លើតួនាទីឧស្សាហកម្ម ជាកម្លាំងជំរុញកំណើនដ៏សំខាន់មួយនៅពេលអនាគត៕

×