ភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដំណាង ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អមដំណើរដោយប្រតិភូគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម គិត ទ្រី អភិបាលរងខេត្ត អភិបាលស្រុក និងមេបញ្ជាការកងកម្លាំងចម្រុះ អញ្ជើញត្រួតពិនិត្យស្ថានភាព ជំនន់ទឹកភ្លៀង និងផលប៉ះពាល់របស់ប្រជាពលរដ្ឋដោយផ្ទាល់នៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ក៏បានកោតសសើរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងចម្រុះ ដែលបានអនុវត្តន៍ផែនការទប់ស្កាត់ និងដោះស្រាយបញ្ហាបណ្តាលមកពីគ្រោះទឹកជំនន់ តាមសារាចរណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តត្រៀមបម្រុង និងមានវិធានការឆ្លើយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពសំដៅ កាត់បន្ថយបានផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ដោយផ្តោតជាអាទិភាពខ្ពស់ចំពោះអាយុជីវិតមនុស្ស។
ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បាននាំយកអំណោយប្រគល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះជាង១០០គ្រួសារ ដោយសារទឹកជំនន់ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ៥០គីឡូ ទឹក២យួរ និងឃីត២កញ្ចប់ ។
បច្ចុប្បន្នគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធ បានយកចិត្តទុកដាក់ ត្រៀមជួយសង្គ្រោះ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្តែង និងបានបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីតាមដានត្រួតពិនិត្យ និងគ្រប់គ្រងសភាពការណ៍ រួមជាមួយនិងការចល័តទូកសង្គ្រោះ គ្រប់គោលដៅ ដែលរងការគំរាមកំហែង ដោយទឹកជំនន់ទូទាំងខេត្តរតនគិរី ដើម្បីត្រៀមលក្ខណៈ ២៤ម៉ោងលើ២៤ម៉ោង ក្នុងការសង្គ្រោះប្រជាជន ក្នុងករណីមានហេតុការណ៍ធ្ងន់ធ្ងរកើតឡើង៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ