ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា នៅព្រឹកថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវប្រកាសបើកដាក់ឲ្យដំណើរការជាផ្លូវការ ដែលសម្តេចតេជោ ធ្វើជាប្រធានកិត្តិយស។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការបង្កើតនូវមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តនូវសកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យជួយព្យាបាលជំងឺកុមារកម្ពុជាដោយឥតគិតថ្លៃ។ ក្នុងពិធីពិសាបាយសាមគ្គីជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធខ្មែរ-ចិន ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ បានអំពាវនាវដល់អ្នកមានធនធាន និងមហាជនទាំងអស់ចូលរួមគាំទ្រនូវមូលនិធិគន្ធបុប្ផាកម្ពុជា។
ក្នុងឱកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានសំណូមពរឲ្យសមាគមន៍ខ្មែរ-ចិន ចូលរួមទាំងអស់រួមគ្នាក្នុងការទ្រទ្រង់ និងគាំទ្រចំពោះគម្រោងបង្កើតមូលនិធិគន្ធាបុប្ផាកម្ពុជាដែលនឹងត្រូវដាក់ឲ្យដំណើរការនៅថ្ងៃទី១១ខែមេសានេះ។ សម្តេចតេជោ បានមានប្រសាសន៍ថា ដើម្បីក្លាយជាសមាជិក ក្នុងគម្រោងមូលនិធិគន្ធាបុប្ផានេះត្រូវបង្តើតសមាជិក ៣ប្រភេទ៖
សមាជិក ស្ថាបនិក គឺជាសមាជិកដែលត្រូវចូលរួមវិភាគទាន ចាប់ពី ២០០០០ ដុល្លារឡើងទៅ។
សមាជិកកិត្តិយស គឺជាសមាជិកដែលត្រូវចូល រួមវិភាគទាន ចាប់ពី ៥០០០ ដុល្លារឡើងទៅ។
សមាជិកគាំទ្រ គឺជាសមាជិកដែលមានការចូលរួមថវិការចាប់ពី ៥០០០រៀលក្នុងមួយខែ ឬ ៦០០០០រៀលក្នុងមួយឆ្នាំ។ សម្តេចតេជោនាយករដ្ឋមន្ត្រី សង្ឃឹមថាតាមរយៈសកម្មភាពនេះនឹងមានការចូលរួមពីបងប្អូនសមាគមខ្មែរ-ចិនដើម្បីរួមចំណែកជួយដល់កុមារកម្ពុជារបស់យើងដែលកំពុងត្រូវការជួយសង្គ្រោះជារៀងរាល់ថ្ងៃ។
នៅថ្ងៃនេះផងដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់អ្នកឧកញ្ញា គិត ម៉េង ដែលបានបរិច្ចាគផ្ទៃដីចំនួន ១៣៧២ ម៉ែត្រការ៉េ ដែលគិតជាទឹកប្រាក់ចំនួនប្រមាណ ៨លានដុល្លាសហរដ្ឋអាមេរិក ដើម្បីចូលរួមនៅក្នុងមូលនិធិគន្ធបុប្ផានេះ ដែលដីនេះបានជួលអស់រយ:ពេលជាង១៨ឆ្នាំមកហើយ ហើយនៅពេលនេះគឺដីនេះបានក្លាយជាកម្មសិទ្ធិស្របច្បាប់របស់មន្ទីពេទ្យគន្ធបុប្ផាតែម្ដង ដែលនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់។
គិតមកដល់ឆ្នាំ២០១៨ មន្ទីរពេទ្យគន្ធបុប្ផាមានអាយុកាលជាង ២៥ឆ្នាំមកហើយ។ រយៈពេលជាង ២៥ឆ្នាំនេះ មន្ទីរពេទ្យមនុស្សធម៌មួយនេះ បានជួយព្យាបាលជំងឺជូនកុមារ និងស្ត្រីមានផ្ទៃពោះសរុបជិត ១៨លានករណីហើយ។
ក្នុងរយៈពេលជាង ២៥ឆ្នាំនេះ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាសរុបជាង ៦០០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ដំណើរការរបស់ខ្លួន។ លោកវេជ្ជបណ្ឌិត Richner បានចាប់ផ្តើមបើកដំណើរការមន្ទីរពេទ្យ មនុស្សធម៌គន្ធបុប្ផាជួយព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្លៃតាំងពីឆ្នាំ១៩៩២មកម្ល៉េះ។ ថវិកាសម្រាប់ទ្រទ្រង់ដំណើរការមន្ទីរពេទ្យមួយនេះប្រមាណ ៧ភាគរយ ជាការចូលរួមរបស់រាជរដ្ឋាភិបាលកម្ពុជា និង ៨,៨% ជាការចូលរួមរបស់រដ្ឋាភិបាលស្វ៊ីស (រដ្ឋាភិបាលស្វ៊ីស បានផ្តល់ជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផា ៤លានដុល្លារជារៀងរាល់ឆ្នាំ) ក្រៅពីនោះជាការចូលរួមរបស់សប្បុរសជនក្នុង និងក្រៅស្រុក។ មន្ទីរពេទ្យគន្ធបុប្ផាមានចំនួន ៥ទីតាំង ក្នុងនោះ៤កន្លែង នៅរាជធានីភ្នំពេញ និងមួយទីតាំងទៀត នៅខេត្តសៀមរាប៕ ដោយ ៖ បញ្ញាស័ក្តិ