Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូល​ទស្សនា កុន ប្រលោមលោក ផលិត​ដោយ​កូន​ខ្មែរ និង​ភាពយន្ត​បរទេស​ល្បីៗ បែប​ចល័ត ជាមួយ Soyo

​ភ្នំពេញ ៖ មើល​វីដេអូ​បែប​ចល័ត​ដ៏​រីករាយ ជាមួយ​ប្រលោមលោក ដែលជា​ស្នាដៃ​កូន​ខ្មែរ និង​មាន Subtitle ជា​ភាសារ​ខ្មែរ រួម​នឹង​មាតិការកម្សាន្ត​ដ៏​ទូលំទូលាយ សម្រាប់​អតិថិជន​ទាំងសងខាង ដែល​យល់ដឹង​ពី​បច្ចេកវិទ្យា ជាមួយ​កម្មវិធី Soyo ដែល​នេះ​គឺជា គំនិត​ផ្តួច​ផ្តើមដំបូង​កើតចេញពី​ភាពជា​ដៃគូ​នេះ និង​កិច្ចសហការ​រវាង Soyo ដែលជា​កម្មវិធី​ទស្សនា​វីដេអូ​តាម​តម្រូវការ (SVDO) ដែល​បង្កើត​ដំបូងគេ​នៅ​កម្ពុជា និង​សេវា StreamOn ​ជា​គម្រោង​ប្រើប្រាស់​ទិន្នន័យ​អ៊ិន​ធឹ​ណិ​ត​ដែល​បង់ប្រាក់​ជាមុន និង​ជា​គម្រោង​មើល​វីដេអូ​របស់ Smart Axiata​។ គោលបំណង គឺ​ដើម្បី​ប្រើប្រាស់​នូវ​ភាពខ្លាំង​របស់​ក្រុមហ៊ុន​នីមួយៗ ពោលគឺ​មាតិកា​របស់ Sabay និង​បណ្តាញ​អ៊ី​ន​ធឹ​ណិ​ត 4.5G+ ដែល​ចេះតែ​បន្ត​ពង្រីក​ឥតឈប់ឈរ​រប​ស់​ក្រុមហ៊ុន Smart​។ ទាំងពីរ​រួមគ្នា​បង្កើត​បទពិសោធ​មើល​វីដេអូ​បែប​ចល័ត​ដ៏​រីករាយ ជាមួយនឹង​មាតិកា​កម្សាន្ត​ដ៏​ទូលំទូលាយ សម្រាប់​អតិថិជន​ទាំងសងខាង ដែល​យល់ដឹង​ពី​បច្ចេកវិទ្យា​។​

​ក្រុមហ៊ុន Sabay មាន​ប្រវត្តិ​លើកទឹកចិត្ត​អ្នកបង្កើត​មាតិកា​ផ្សេងៗ តាមរយៈ​កម្មវិធី​នានា ដូចជា E-Novel, Hear-my-song និង​ការប្រកួត​ខ្សែភាពយន្ត​ខ្នាត​ខ្លី​ជាដើម​។

​លោក ជី សិលា ស្ថាបនិក និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Sabay ថ្លែងថា​៖ “​យើង​ដឹងថា​ប្រជាជន​កម្ពុជា ចង់បាន​មាតិកា​ជា​ភាសា​ខ្មែរ ហើយ​មាន​​គុណភាព​។ មាតិកា​ដើម​គឺមាន​តិចតួច​ណាស់ ប៉ុន្តែ​យើង​ក៏​ដឹង​ដែរ​ថា មាន​យុវជន​វ័យក្មេងៗ​ជាច្រើន​សុទ្ធតែ​មានគំនិត​ច្នៃប្រឌិត​។ ជាមួយនឹង Soyo មហិច្ឆតា​របស់​យើង គឺ​បង្កើត​កម្មវិធី​រឹងមាំ​មួយ ដើម្បី​បង្ហាញ​ស្នាដៃ​របស់​ពួកគេ ហើយ​កិច្ចសហការ​ជាមួយ Smart ប្រាកដជា​បង្កើន​បណ្តាញ​ចែកចាយ​កាន់តែ​ទូលាយ​។​”

​រឿង​ខ្លី​រដូវ​កាល​ទី ១ ឥលូវ​នេះ​មានតែ​នៅលើ​កម្មវិធី Soyo ហើយ​សម្រាប់​រដូវ​កាល​ទី ២ ត្រូវបាន​ប្រកាស​រួចហើយ​នៅ​ខែ​នេះ​។ ទាំងអស់នេះ​នឹង​​បង្កើត​ឲ្យ​មាន​កម្មវិធី​ពានរង្វាន់​ខ្សែភាពយន្ត​ខ្លី​នៅ​ចុង​ឆ្នាំនេះ​។ ក្រៅពីនេះ ខ្សែភាពយន្ត​ផ្ដាច់មុខ​ដែលមាន​នៅក្នុង​កម្មវិធី​នេះ រួមមាន “​ស្រទន់​មន្ត​ស្នេហ៍​” “​មន្ត​ស្នេហ៍​លេខា​” “​ពស់​កេងកង​” និង​រឿង​ភាគ​ដែល​ស្រង់​ចេញមក​ពី​សៀវភៅ​លក់ដាច់​បំផុត​របស់​ខ្មែរ រឿង “​បេសកម្ម​មួយ​” គ្រោង​ចាក់​បញ្ចាំង​​លើកដំបូង​នៅ​ឆ្នាំក្រោយ​។​

​លោក ជី សិលា បន្ថែមថា​៖ “​នៅពេលដែល​យើង​បានចាប់ផ្តើម​ក្នុង​ឆ្នាំ​២០០៧ វិស័យ​ឌីជីថល​កំពុង​ចាប់កំណើត​ឡើង គឺជា​ចន្លោះ​មួយ​ដែល​ត្រូវបាន​ជំរុញ​ដោយ​ការចង់​ដឹង​ចង់​លឺ​។ អ្វី​គ្រប់យ៉ាង​ដែល​យើង​បានធ្វើ គឺ​ផ្អែកលើ​មូលដ្ឋាន​នៃ​ការយល់ដឹង​តិចតួច​របស់​យើង ការស្រលាញ់​បច្ចេកវិទ្យា​ឌីជីថល និង​ត្រៀមលក្ខណៈ​ជាមុន​សម្រាប់​អ្វីដែល​អាច​នឹង​កើតមាន​ក្នុង​ទីផ្សារ​នេះ​ក្នុង​ទសវត្សរ៍​ក្រោយ​។ នៅ​ខួប​លើក​ទី ១០ របស់​យើង ​យើង​អាច​និយាយថា វា​មានដំណើរ​ការល្អ​សម្រាប់​យើង​និង​ប្រទេស​កម្ពុជា​”​។​

​សេចក្តីប្រកាស​របស់​ក្រុមហ៊ុន Smart នេះ​គឺ​ផ្អែកលើ​ការចូលរួម​របស់ខ្លួន​កាន់តែខ្លាំង​នៅក្នុង​គម្រោង​ភាពជា​ដៃគូ​ផ្នែក​កម្សាន្ត​ឌីជីថល​នានា ជាមួយនឹង​​សេវា​ប្រកបដោយ​ភាព​ច្នៃប្រឌិត ខណៈដែល​ក្រុមហ៊ុន​ព្យាយាម​ពង្រឹង​ភាព​នាំមុខ​របស់ខ្លួន​ផ្នែក​ទិន្នន័យ​អ៊ិន​ធឹ​ណិ​ត និង​អភិវឌ្ឍ​ខ្លួន​ទៅជា​ម៉ាក​យីហោ​គាំទ្រ​ជីវិត​រស់នៅ​បែប​ឌីជីថល​។

​លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា​៖ “​ការផ្សំផ្គុំ​រវាង​មាតិកា ដែលមាន​គុណភាព​ខ្ពស់ ជាមួយនឹង​សេវា​ចែកចាយ​ដែលមាន​គុណភាព​ខ្ពស់ គឺជា​កម្លាំង​ជំរុញ​ដ៏​សំខាន់​មួយ​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​របស់​យើង​ជាមួយនឹង Sabay ហើយ​យើង​ពិត​ជាមាន​ក្តីរំភើប​ក្រៃលែង នៅពេលដែល​ភាពជា​ដៃគូ​នេះ​លេចចេញ​ជា​រូបរាង​យ៉ាង​លឿន​ជាមួយនឹង​កម្មវិធី Soyo​។ យើង​មាន​ជំនឿ​ចិត្ត​ថា តាមរយៈ​ការទទួលបាន​អ្នកទស្សនា​កាន់តែច្រើន​ដោយសារ​សេវា​ចែកចាយ​មានតម្លៃ​សមរម្យ ផលិតករ​ខ្សែភាពយន្ត​វ័យក្មេង​ទាំងអស់​នឹង​អាច​​ចាប់ផ្ដើម​បង្ហាញ​ពី​សមត្ថភាព​ពិតប្រាកដ​របស់ខ្លួន​ឲ្យ​គេ​បានឃើញ​ជាមិនខាន”​។​ សូមបញ្ជាក់ថា កម្មវិធី Soyo នឹង​ត្រូវបាន​ផ្តល់ជូន​ឥតគិតថ្លៃ​ដល់​អតិថិជន Smart សម្រាប់​រយៈពេល ២ ខែ​ដំបូង​។ ក្រោយពី​រយៈពេល​ផ្តល់ជូន​សាកល្បង​ឥតគិតថ្លៃ​នេះហើយ អតិថិជន​អាច​ជ្រើស​រើសយក​កញ្ចប់ Soyo ចំនួន ៣ ប្រភេទ មានដូចជា ប្រចាំថ្ងៃ ប្រចាំ​សប្តាហ៍ ឬក៏​ប្រចាំខែ ខណៈដែល​អតិថិជន​ក្រុមហ៊ុន Smart ទទួលបាន​អត្ថប្រយោជន៍​បញ្ចុះតម្លៃរ​ហូត​ដល់​ទៅ 2០% ចំពោះ​តម្លៃ​ធម្មតា ហើយ​ការចំណាយ​ប្រចាំថ្ងៃ​ត្រឹមតែ៤ សេន​ប៉ុណ្ណោះ​។ កញ្ចប់​ប្រចាំខែ​ផ្ដល់នូវ​អត្ថប្រយោជន៍​បន្ថែម ជាមួយនឹង​មាតិកា​ដែល​មិនមាន​ផ្សាយពាណិជ្ជកម្ម​។ កញ្ចប់​ទាំង ៣ នេះ នឹង​នាំយកមក​ជាមួយ​នូវ​ចំនួន​ម៉ោង​ទស្សនា​ឥត​ដែន​កំណត់ និង​មាតិកា​ពិសេសៗ​ផ្តាច់មុខ​។

ជាងនេះទៅទៀត ចាប់ពី​ថ្ងៃនេះ​ទៅ អតិថិជន​របស់ Smart ដែល​ភ្ជាប់​គម្រោង StreamOn 2 (​គម្រោង​ប្រចាំ​សប្ដាហ៍​) និង គម្រោង StreamOn 8 (​គម្រោង​ប្រចាំខែ​) នឹងមាន​សិទ្ធិ​ប្រើប្រាស់​កម្មវិធី Soyo ដោយ​ឥតគិតថ្លៃ​ដែលជា​ផ្នែក​មួយ​នៃ​កញ្ចប់​គម្រោង​របស់គេ​៕​ ​

ដោយ ៖ វិចិត្រ​

 

×