បុរសជាឪពុកអាយុ ៦៤ ឆ្នាំ មកពី Chiayi (តៃវ៉ាន់) ថ្វីបើកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ ពីជំងឺមហារីកពោះវៀនក៏ដោយ ប៉ុន្តែ គាត់នៅតែព្យាយាមចូលរួមជាផ្នែកដ៏តូចទាំងទឹកភ្នែក នៃថ្ងៃដ៏ពិសេសកូនស្រីរបស់គាត់ ដើម្បីយកស្បៃអាពាហ៍ពិពាហ៍គ្របក្បាលនាង កាលពីថ្ងៃទី១១ ខែមេសា ។
យោងតាមសារព័ត៌មានតៃវ៉ាន់បានឱ្យដឹងថា គូស្វាមីភរិយាថ្មីថ្មោងនេះ បានប្រញាប់ប្រញាល់ទៅកាន់បន្ទប់មន្ទីរពេទ្យ Chiayi Christian, ទីកន្លែងដែលឪពុករបស់កូនក្រមុំ ដែលគាត់មានឈ្មោះថា Hou កំពុងត្រូវព្យាបាលជំងឺមហារីកពោះវៀន មុនពេលពិធីមង្គលការរបស់ពួកគេធ្វើឡើង ។
លោក Hou ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីយប់ មុនពេលពិធីមង្គលរបស់កូនស្រី នៅតែអាចមានកម្លាំងកំហែងយ៉ាងត្រដាបត្រដួស ដើម្បីផ្តល់កិត្តិយសកូនស្រី តាមរយៈការជួយគ្របក្បាលនាងជាមួយស្បៃមុខអាពាហ៍ពិពាហ៍ និងផ្តល់បណ្តាំផ្ញើចុងក្រោយជូនពរដល់កូនៗទាំងពីរថា៖ «សូមកូនៗរួមដៃគ្នា កសាងជីវិតគ្រួសារប្រកបដោយសុភមង្គល» ។
គាត់បន្តថា៖ «ប៉ាមិនមានការសោកស្តាយ នៅក្នុងជីវិតរបស់ប៉ាទេ» ។
Hou បន្ថែមថា បំណងប្រាថ្នាដ៏ធំបំផុតរបស់គាត់នេះ គឺជាការដឹងឮមួយចំពោះកូនស្រីរបស់គាត់រៀបការ និងប្រគល់នាងទៅឲ្យកូនកំលោះ ៕ ចន្ទី