បន្ទាយមានជ័យ ៖ ភ្ញៀវជាតិទៅលេងសង្ក្រាន្តនិងរមណីយដ្ឋាននៅខេត្តបន្ទាយមានជ័យកើនឡើងបើប្រៀបធៀបនឹងឆ្នាំមុន ។ ប៉ុន្តែនៅប្រាសាទបន្ទាយឆ្មារដែលរៀបចំសង្ក្រាន្តធំដុំជាងមុន បែរជាភ្ញៀវថយចុះទៅវិញ។ តាមវត្តអារាម ស្ងាត់ភ្ញៀវជាងឆ្នាំណាៗទាំងអស់។
លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យបានប្រាប់ cen.com.kh នៅថ្ងៃទី១៧មេសានេះថា ៖ ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរឆ្នាំចថ្ងៃទី១៤-១៦មេសា ឆ្នាំ២០១៨ កន្លងមកមានភ្ញៀវជាតិក្នុងនិងក្រៅខេត្តទៅលេងកំសាន្តសង្ក្រាន្តនិងទីរមណីយដ្ឋាននានានៅខេត្តបន្ទាយមានជ័យបានកើនឡើងជាង១០ភាគរយ ឬជាង២ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០១៨ ពោលគឺឆ្នាំនេះ មានភ្ញៀវជាតិចំនួន១៦៣.១៦២នាក់ ច្រើនជាងឆ្នាំ២០១៧ ដែលមានតែជាង១៤ម៉ឺននាក់ ។ ឯភ្ញៀវបរទេស មានតែ៨៤នាក់ ថយចុះជាងឆ្នាំ២០១៧ ដែលមាន១២៧នាក់។
ក្នុងនោះភ្ញៀវទៅកំសាន្តច្រើនជាងគេនៅទីតាំងសង្ក្រាន្តបន្ទាយមានជ័យ ស្ថិតនៅសួនមានជ័យនិងផ្លូវប្រជាប្រិយ ស្ថិតនៅកណ្តាលក្រុងសិរីសោភ័ណ ដែលមានជិត៥ម៉ឺននាក់។ ទីនោះ បានរៀបចំសង្ក្រាន្ត៣ឆ្នាំមកហើយ។
បន្ទាប់មកនៅទីតាំងសង្ក្រាន្តប៉ោយប៉ែតដែលបានរៀបចំធំដុំលើកដំបូង ស្ថិតនៅក្នុងដីលោករ័ត្ន ស្រ៊ាង នាភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាលនិងនៅផ្លូវផ្សាររាត្រីដើមពុទ្រា ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត មានភ្ញៀវប្រមាណ៣ម៉ឺននាក់។ ទីតាំងទាំងពីរសុទ្ធតែកើនភ្ញៀវ។
រីឯនៅសង្ក្រាន្តបន្ទាយឆ្មារ ដែលរៀបចំធំលើកដំបូង ហើយមានវត្តមានជាអធិបតីពីសំណាក់លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ស្ថិតនៅបរិវេណប្រសាទបន្ទាយឆ្មារឃុំបន្ទាយឆ្មារស្រុកថ្មពួកវិញ មានភ្ញៀវទៅកំសាន្តជាង២ម៉ឺននាក់ តិចជាងឆ្នាំ២០១៧ ដែលមានជាង៣ម៉ឺននាក់ ។
ចំណែកនៅរមណីយដ្ឋានអាងទឹកត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុកវិញ មានភ្ញៀវទៅកំសាន្តប្រមាណ៣ម៉ឺននាក់ គឺកើនឡើងតិចតួចប្រៀបធៀបនឹងឆ្នាំមុន។
ក្រៅពីនោះគឺភ្ញៀវទៅកំសាន្តតាមទីរមណីយដ្ឋានកែច្នៃដូចជាសួនស្នេហ៍ជនបទ តាមភ្នំមានថ្មស្រួចៗនិងល្អាង តាមទីកន្លែងដែលមានទឹកនិងវត្តអារាមជាដើម។
ប៉ុន្តែចំនួនភ្ញៀវទៅកំសាន្តតាមីវត្តអារាមនានា បានធ្លាក់ចុះដល់កម្រិតទាបជាងឆ្នាំណាៗទាំងអស់នៅឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១៨នេះ ។
នេះបើយោងតាមមន្ត្រីអាជ្ញាធរ សមត្ថកិច្ច គណកម្មការវត្ត ព្រះសង្ឃនិងក្រុមអ្នកភ្ញៀវបានប្រាប់នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨។
លោកស្រេង សុផល អនុប្រធានសសយកខេត្តបន្ទាយមានជ័យប្រាប់ cen.com.kh ឲ្យដឹងនៅថ្ងៃទី១៧ ខែមេសាដែរថា ៖ សម្រាប់សង្ក្រាន្តបន្ទាយមានជ័យក្នុងក្រុងសិរីសោភ័ណ នាឆ្នាំនេះមាន សកម្មភាពជាបន្ថែមលើព្រឹត្តការណ៍ឆ្នាំចាស់ដូចជា ៖ មានការប្រកួតកីឡាប្រដាល់ល្បុកកត្តោ, មានល្បែងប្រជាប្រិយ១០ល្បែង ,មានការរាំមហាសាមគ្គីតាមចង្វាក់របាំប្រពៃណីជាតិ, ការរាំជាក្រុម យុវជន យុវនារីជាង២.៥០០នាក់ គឺបានប្រព្រឹត្តទៅដោយរលូន សប្បាយរីករាយនិងជោគជ័យ ។
ដោយឡែកនៅទីតាំងសង្ក្រានប៉ោយប៉ែតមានទស្សនីយភាព, កម្មវធីនៃព្រឹត្តការណ៍បែបបុរាណ សម័យទំនើបយ៉ាងច្រើន៕ ដោយ ៖ ភ្នំស្វាយ