Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ទេសចរណ៍ ​៖ អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៨ រយៈពេល​៤​ថ្ងៃ ទទួលបាន​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ១,៨២​លាន​នាក់​ ​

​សៀមរាប ​៖ រយៈពេល​៤​ថ្ងៃ ពី​ថ្ងៃ​ទី​១៣-១៦ ខែ​មេសា នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​លើក​ទី​៦ នៅ​ខេត្ត​សៀមរាប ឆ្នាំ​២០១៨​នេះ មាន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ប្រមាណ ១,៨២​លាន​នាក់ បាន​ចូលរួម​ទស្សនា​កម្សាន្ត ស្ថិត​ក្នុង​កំណើន ១៥,១៤​ភាគរយ ជាមួយ​នឹង​ការទទួល​បាន​ជោគជ័យ យ៉ាង​ត្រ​ចេះ​ត្រចង់​បន្ថែមទៀត លើស​ពី​ឆ្នាំ​២០១៧ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ប្រមាណ​ជាង ១,៧៨​លាន​នាក់ កើន​១៥,១៦​ភាគរយ បើ​ប្រៀបធៀប​ឆ្នាំ​២០១៧ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន ៣៦.៦៩៤​នាក់ កើន​១៤,២៥​ភាគរយ ប្រៀបធៀប​ឆ្នាំ​២០១៧ ។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ដែល​បាន​ថ្លែង​ក្នុង​កម្មវិធី​ប្រគំ​ត​ន្រី្ត នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ជាមួយ​វត្តមាន​លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​វត្តមាន​យុវជន សមាជិក​-​សមាជិកា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ភ្ញៀវ​ជាតិ និង​អន្តរជាតិ ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​បន្តថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ត្រូវបាន​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គឺជា​ព្រឹត្តិការណ៍​ទេសចរណ៍ វប្បធម៌​ដ៏​ធំ​មួយ​របស់​កម្ពុជា នៅលើ​ទឹកដី​អច្ឆរិយៈ ដែល​ត្រូវបាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ដ៏​ទាក់ទាញ និង​ជា​ពិធីបុណ្យ​ដ៏​ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យ​ដ៏​ធំ​ទាំងឡាយ ដែល​អាស៊ាន​បានជ្រើសរើស និង​ផ្សព្វផ្សាយ​សម្រាប់​អបអរសាទរ​ខួប​ទី​៥០​ឆ្នាំ នៃ​ការបង្កើត​សហគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN) កាលពី​ឆ្នាំ​២០១៧ កន្លងទៅនេះ​។​

​លោក​ថោង ខុន បាន​បន្តទៀតថា ព្រឹត្តិការណ៍​លើក​ទី​៦​ឆ្នាំនេះ ធ្វើឡើង​ក្រោម​ប្រធានបទ សាទរ​មរតក​ដូនតា​។ ព្រឹត្តិការណ៍​សង្ក្រាន្ត គឺ​ពិតជា​បាន​ផ្តល់​នូវ​ភាពសប្បាយ​រីករាយ ការជួបជុំ​គ្នា តាមរយៈ​ការបង្ហាញ​នូវ​វប្បធម៌​អរូបី​យ ដូចជា ល្បែង​ប្រជាប្រិយ តន្ត្រី របាំ​ប្រពៃណី ម្ហូបអាហារ កីឡា ទំនៀមទម្លាប់​នៃ​ការរស់នៅ​របស់​ប្រជាជន​ខ្មែរ​​ រួមជាមួយ​នឹង​ការ​លើកយក​មក​នូវ​កេរ្តិ៍តំណែល​អរិយធម៌ និង​ស្នាដៃ​នានា​របស់​បុព្វបុរស​ខ្មែរ ដែល​បាន​បន្សល់ទុក​តាំងពី​យូរលង់​ណាស់​មកហើយ ព្រម​ជាមួយ​នេះ ​​សង្ក្រាន្ត​ក៏បាន​ផ្តល់​ឱកាស​ជាច្រើន​បន្ថែមទៀត ដល់​ប្រតិបត្តិ​ក​រ អាជីវករ​ទេសចរណ៍ អ្នកលក់ដូរ​ទទួលបាន​ប្រាក់ចំណូល​កាន់តែច្រើន និង​បាន​ផ្តល់​ផលប្រយោជន៍​ជាច្រើន ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ទាំងមូល​។​

​ដោយឡែក ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ យើង​សង្កេតឃើញ​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ បាន​ធ្វើដំណើរ​ពី​ទីជិត​ទី​ឆ្ងាយ​មក​ចូលរួម​ទស្សនា​កម្សាន្ត ប្រកប​ដោយ​ទឹកមុខ​រីករាយ​គ្រប់ៗ​គ្នា​។ ជាមួយនឹង​ការធ្វើ​ដំណើរ​លើ​ផ្លូវថ្នល់​ដ៏​ល្អ ប្រជាពលរដ្ឋ​ក៏​មាន​ការ ប្រុង ប្រយ័ត្ន​ខ្ពស់​ក្នុងការ​ធ្វើ​ដំណើរ ជៀសវាង​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​។ ប្រជាពលរដ្ឋ និង​ទេសចរ​ឆ្នាំនេះ កាន់តែ​មាន​ការ យល់ ដឹង​ខ្ពស់​ពី​ការចូលរួម​ក្នុង​ការរក្សា​ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន បានល្អ​។ ការចូលរួម​ដ៏​ល្អ​នេះ បាន បញ្ជាក់​ច្បាស់​ពី​ការអភិវឌ្ឍ​ឥតឈប់ឈរ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន ទៅកាន់​គោលដៅ​ទេសចរណ៍ និង​បញ្ជាក់​កាន់ តែច្បាស់​អំពី​ភាព​រីកចម្រើន​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ នៃ​កម្រិត​ជីវភាព​រស់នៅរ​បស់​ប្រជាពលរដ្ឋ​។​

​លោក​បញ្ជាក់ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៨​នេះ តាម​ការវាយតម្លៃ​ដំបូង មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​ចូលរួម​ទស្សនា​កម្សាន្ត​ប្រមាណ ១,៨​លាន​នាក់ កើនឡើង ១៥​ភាគរយ​។​

​លោក​រដ្ឋមន្ត្រី បាន​បន្ថែមថា ការរំពឹង​ទុក​ប្រកបដោយ​សុទិដ្ឋិនិយម នៃ​ទំនាក់ទំនង​ដ៏​ស្អិតល្មួត​រវាង​វិស័យ​ទេសចរណ៍ និង​វិស័យ​វប្បធម៌ គឺ​ដោយសារ​កម្ពុជា​មាន​សក្តា​នុព​ល​ធំធេង​ណាស់ ទាំង​បេតិកភណ្ឌ​វប្បធម៌​រូបី និង​អរូបី និង​បេតិកភណ្ឌ​ធម្មជាតិ​។ បើ​គិត​ត្រឹម តែ​ប្រាង្គ​ប្រាសាទ​បុរាណ កម្ពុជា​ជា​ប្រទេស​តែ​មួយគត់​ក្នុង​តំបន់​អាស៊ី ដែល​មាន​ប្រាង្គ​ប្រាសាទ​ជាង ១.០០០​កន្លែង ជាពិសេស​ប្រាសាទ​អង្គរវត្ត ប្រាសាទ​ព្រះវិហារ និង​ប្រាសាទសំបូរព្រៃគុក ដែល​បាន​ក្លាយ​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​រូបី នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ (UNESCO) និង​សម្បត្តិ​វប្បធម៌​អរូបី​មួយចំនួនទៀត ដែល​ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ UNESCO​។​

​លោក​រដ្ឋមន្ត្រី ក៏​បាន​កោតសរសើរ​ចំពោះ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​មាន​លោក​ម ហ៊ុន ម៉ា​នី ជា​ប្រធាន ស​.​ស​.​យ​.​ក និង​សមាជិក​-​សមាជិកា ស​.​ស​.​យ​.​ក ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ស្មារតី និង​ឆន្ទៈ​មោះមុត ហើយ​តែងតែ​បាន​សហការ​ជាមួយ​អាជ្ញាធរ ស្ថាប័ន​ពាក់ព័ន្ធ និង​ផ្នែក​ឯកជន ចូលរួម​គ្រប់​សកម្មភាព​វប្បធម៌ សង្គម និង​បរិស្ថាន ពិសេស​បាន​រៀបចំ​នូវ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ​ឡើង ដើម្បី​ចូលរួម​បំផុសគំនិត​រួបរួម​កម្លាំង​សាមគ្គីភាព​ជា​គ្រួសារ​ខ្មែរ​តែ​មួយ ក្នុង​មោទនភាព​ជាតិ​ខ្មែរ​ជា​ធ្លុង​មួយ និង​បណ្តុះ​ស្មារតី​អភិរក្ស និង​អភិវឌ្ឍ​វប្បធម៌ ប្រកបដោយ​និរន្តរភាព ដោយ​ឈរ​លើ​ទស​ន្សទាន រួម​គិត រួម​ធ្វើ រួម​ទទួល ខុសត្រូវ ក្នុង​សម័យកាល​សាកលភារូបនីយកម្ម​ទំនើប​ជំនាន់​ថ្មី​នេះ ដើម្បី​ខ្មែរ​តែមួយ អនាគត​តែមួយ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×