កូរ៉េ ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំនួបពិភាក្សាការងារ និងចុះកិច្ចព្រមព្រៀងការ អភិវឌ្ឍប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជា តាមអ៊ីនធើណេត-WorkNet ជាមួយលោកស្រី Kim Young Joo រដ្ឋមន្ត្រីក្រសួងមុខរបរនិងការងារនៅទីស្តីការក្រសួងមុខរបរ និងការងារ សាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃចន្ទ ទី១៦ ខែមេសា ឆ្នាំ២០១៨ ។
ក្នុងជំនួបនេះភាគីទាំងពីរបានសម្តែងនូវការរីករាយចំពោះកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសកិច្ចសហការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានពិភាក្សាគ្នាលើកិច្ចព្រមព្រៀងសម្រាប់កិច្ចសហប្រតិបត្តិការ(Arrangement for Cooperation) រវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងក្រសួងមុខរបរ និងការងារកូរ៉េ សម្រាប់គម្រោងស្តីពី “ការអភិវឌ្ឍប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជា តាមអ៊ីនធើណេត-WorkNet” ដែលនឹងត្រូវអនុវត្តដោយទីភ្នាក់ងារជាតិ មុខរបរនិងការងារ(NEA) នៃព្រះរាជាណាចក្រកម្ពុជា និងភ្នាក់ងារសេវាព័ត៌មានការងារកូរ៉េ (KEIS) នៃសាធារណរដ្ឋកូរ៉េ។
គម្រោងនេះមានរយៈពេល ៤ឆ្នាំ និងមានគម្រោងថវិកាចំនួន ៣លាន ១សែនដុល្លារអាមេរិក ដោយអនុវត្តជា៣ដំណាក់កាល រួមមាន៖ -ទី១ ឆ្នាំ២០១៨ ការសិក្សាទៅវិញទៅមក អំពីប្រព័ន្ធផ្តល់សេវាការងារសាធារណៈនៅប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ថវិកា ២សែនដុល្លារ -ទី២ (២០១៩-២០២០) ការបំពាក់សម្ភារបរិក្ខាបច្ចេកទេស និងSoftware ដើម្បីបង្កើត ប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារ ការងារតាមអ៊ីនធើណេត-WorkNet ថវិកា ២លាន ៧សែនដុល្លារ -ទី៣ ឆ្នាំ២០២១ ការផ្ទេរចំណេះដឹងបច្ចេកទេស ការតាមដាន និងវាយតម្លៃ ថវិកា ២សែនដុល្លារ។
បន្ទាប់មកភាគីទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសម្រាប់គម្រោងស្តីពី “ការអភិវឌ្ឍប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជា តាមអ៊ីនធើណេត-WorkNet” ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល៕ ដោយ ៖ បញ្ញាស័ក្តិ