រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញលោកម៉ារូស ប្លាសសាក បានអះអាងកាលពីថ្ងៃចន្ទថា អាជ្ញាធរប៉ូឡូញបានបង្កើនចំនួនទាហាននៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសបេឡារុស្សដល់ជាង ១២ពាន់នាក់ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃប្រជាពលរដ្ឋធ្វើចំណាកស្រុកខុសច្បាប់។
លោក ប្លាសសាក បានលើកឡើងថា៖«កងទ័ពជាង ១ម៉ឺន២ពាន់នាក់កំពុងស្ថិតនៅតាមព្រំដែនឥឡូវនេះ ហើយប៉ូឡូញក៏បានបង្កើនកម្រិតត្រៀមខ្លួនរបស់កងកម្លាំងការពារតំបន់(សាខា យោធាប្រភេទឆ្មាំជាតិដែលភាគច្រើនបង្កើតឡើងដោយទាហានស្ម័គ្រចិត្តក្រៅម៉ោង – TASS) ។ ហើយកងទ័ពក៏បានត្រៀមខ្លួនដើម្បីការពារប្រទេសរបស់ខ្លួនរួចរាល់ផងដែរនៅតាមព្រំដែនរួមគ្នាជាមួយកងកម្លាំងនៃក្រសួងមហាផ្ទៃ។»
កន្លងមក មានសេចក្តីរាយការណ៍ថា កងកម្លាំងការពារដែនដីរបស់ប៉ូឡូញ ត្រូវបានដាក់ដើម្បីការពារ និងប្រុងប្រយ័ត្នខ្ពស់អំពីកំណើននៃចំនួនអ្នកធ្វើចំណាកស្រុកខុសច្បាប់ច្រើនចូលមកប៉ូឡូញ។ក្នុងនោះ កងពលតូចចំនួនបីរបស់ប៉ូឡូញត្រូវបានចល័តនៅក្នុងតំបន់ភាគខាងកើតរបស់ប្រទេសនេះ។
ជាក់ស្តែងកាលពីព្រឹកថ្ងៃដដែល គណៈកម្មាធិការព្រំដែនរដ្ឋបេឡារុស បានចេញមកបញ្ជាក់ថា ជនភៀសខ្លួនប្រហែលមួយពាន់នាក់កំពុងធ្វើដំណើរឆ្លងកាត់ប្រទេសបេឡារុសឆ្ពោះទៅកាន់ព្រំដែនជាមួយប្រទេសប៉ូឡូញ។ហើយ ភាគីប៉ូឡូញបានលើកឡើងអំពីស្ថានភាពនេះថា ជាការប៉ុនប៉ងនៅច្រកព្រំដែនដែលមិនធ្លាប់មាននាពេលកន្លងមក៕ ប្រភព៖ TASS News