ឧស្សាហកម្មរថយន្តអគ្គិសនីរបស់ប្រទេសអូស្រា្តលីត្រូវបានគេរិះគន់ទៅនឹងគោលការណ៍ថ្មីរបស់រដ្ឋាភិបាលដែលធ្វើការសាងសង់ស្ថានីយសាកថ្មមានចំនួនតិច និងយឺតពេក។ ប៉ុន្តែរដ្ឋាភិបាលអូស្រា្តលី កាលពីថ្ងៃអង្គារបានសន្យាបញ្ចេញទឹកប្រាក់ប្រមាណ១៣២លានដុល្លារដើម្បីពន្លឿនការបង្កើតប្រេងអ៊ីដ្រូហ្សែន និងស្ថានីយសាកថ្មអគ្គិសនីសម្រាប់ផែនការបង្កើនការផលិតរថយន្តអគ្គិសនី។
ក្រុមបឹ្រក្សាយានយន្តអគ្គិសនីបានបញ្ជាក់ថា រដ្ឋាភិបាលអូស្រា្តលីមានគម្រោងសាងសង់សា្ថនីយសាកថ្មសម្រាប់ប្រភេទរថយន្តដើរដោយប្រព័ន្ធអេឡិចត្រូនិច(អគ្គិសនី) និងស្ថានីយចាក់ប្រេងដើរដោយកម្លាំងអ៊ីដ្រូហ្សែន ដោយមិនរួមបញ្ចូនជាមួយ ប្រាក់ឧបត្ថម្ភ ការលើកទឹកចិត្តផ្នែកពន្ធ ឬស្តង់ដារប្រេងឥន្ធនៈអប្បបរមា ដែលចំណុចទាំងអស់នេះ ធ្វើឱ្យប្រទេសអូស្ត្រាលីមានភាពយឺតយ៉ាវក្នុងការបង្កើតរថយន្តអគ្គិសនីនៅលើពិភពលោក។
ការដឹកជញ្ជូនមានចំនួនមួយភាគប្រាំនៃការបំភាយឧស្ម័នរបស់ប្រទេសអូស្ត្រាលី។ក្នុងនោះ នាយករដ្ឋមន្ត្រី ស្កុដ ម៉ូរីសុនបាន និយាយថា រថយន្តដើរដោយថាមពលអគ្គិសនី និងអ៊ីដ្រូសែន គឺជាគន្លឹះក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបំបែកកាបូនិកដល់សេដ្ឋកិច្ច។ បន្ថែមពីនេះអូស្រា្តលីក៏មានគម្រោងសាងសង់ស្ថានីយ៍សាកថ្មតាមផ្ទះចំនួន 50,000កន្លែង។
លោក ម៉ូរីស ស៊ុនបានលើកឡើងថា គម្រោងនេះ គឺជាផ្នែកដ៏សំខាន់មួយរបស់ប្រជាជាតិយើងទាំងស្រុង ដើម្បីបញ្ឈប់ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យនៅត្រឹមសូន្យក្នុងឆ្នាំ២០៥០។ គម្រោងនេះ គឺជាកូនសោរដ៏សំខាន់សម្រាប់ដោះស្រាយបញ្ហាអាកាសធាតុ។
រដ្ឋាភិបាលបានព្យាករណ៍ថា រថយន្តអគ្គិសនី និងរថយន្តកូនកាត់ប្រើប្រាស់ការសាកថ្មផង និងប្រើប្រាស់ប្រេងផលិតដោយអ៊ីដ្រូហ្សែននឹងមានចំនួនប្រហែលមួយភាគបីនៃការលក់រថយន្តថ្មីប្រចាំឆ្នាំ និងរថយន្តដឹកទំនិញធុនស្រាលនៅឆ្នាំ ២០៣០។ ការលក់បានឈានដល់កំណត់ត្រា ៨៦៨៨គ្រឿង នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ប៉ុន្តែចំនួននេះប្រហែល ១.៥%ប៉ុណ្ណោះនៃ ការលក់សរុប។
ជាក់ស្តែងប្រទេសអូស្រា្តលីជាផ្នែកមួយនៃប្រទេសដែលបំភាយឧស្ម័នទៅបរិយាកាលខ្ពស់នៅលើពិភពលោកផងដែរ និងជាប្រទេសដែលនាំចេញប្រេងឥន្ទនៈផូស៊ីលធំជាងគេផងដែរ។ ក្រៅតែពីការសន្យារបស់ប្រទេសអូស្រា្តលី ដើម្បីទទួលបានការបំភាយឧស្ម័នកាបូនក្នុងកម្រិតសូន្យសម្រាប់ឆ្នាំ២០៥០ រដ្ឋាភិបាលលោកម៉ូរីស បានលើកឡើងថា ឧស្សាហកម្មធ្យូងថ្ម និងហ្គាសរបស់ខ្លួននឹងអាចបញ្ឈប់បាននាពេលខាងមុខ៕