ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី១១ ព្រឹទ្ធសភា នីតិកាលទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាមានចំនួន ៤៨ រូប ដើម្បីពិនិត្យ និងយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី អាជ្ញាប័ណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ។
អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៤៧ សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
តាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី១១ ព្រឹទ្ធសភា និតិកាលទី៣ នៅថ្ងៃទី១៨មេសានេះ បានឱ្យដឹងថា កិច្ចប្រជុំនៅថ្ងៃនេះបានលើក យករបៀបវារៈតែមួយមកពិនិត្យ និងឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពី អាជ្ញាប័ណ្ណបញ្ហាសម្រាប់សុខភាពសាធារណៈ ដោយលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងរាជរដ្ឋាភិបាល និងសហការី បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
សេចក្តីព្រាងច្បាប់នេះ មានគោលបំណងលើកកម្ពស់សិទ្ធិទទួលបាន នូវផលិផលឱសថ សម្រាប់សុខភាពសាធារណៈ តាមរយៈការផ្តល់អាជ្ញាប័ណ្ណបញ្ជាឱ្យផលិនាំចេញ និងនាំចូលនូវផលិតផលឱសថ ក្នុងកាលទេសៈប្រទេសជាតិមានអាសន្ន ឬកាលទេសៈបន្ទាន់ផ្សេងទៀត ឬប្រើប្រាស់ជាសាធារណៈ មិនមានលក្ខណៈពាណិជ្ជកម្ម ឬស្ថានភាព សុខភាពសាធារណៈផ្សេងទៀត ដែលកំណត់ដោយក្រសួងសុខាភិបាល។
ច្បាប់នេះ មានគោលដៅកំណត់លក្ខខណ្ឌ បែបបទ និងនិតិវិធីនៃផ្តល់ និងការអនុវត្តអាជ្ញាប័ណ្ណ បញ្ជាសម្រាប់សុខភាពសាធារណៈ។ វិសាលភាពពាក់ព័ន្ធនឹងផលិតផលឱសថ ដែលការពារដោយប្រកាសនីយបត្រតក្កកម្ម ក្នុងកាលទេសៈប្រទេសជាតិ មានភាពអាសន្ន ឬកាលទេសៈបន្ទាន់បំផុត។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៥ជំពូក និងមាន២៤មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តយល់ព្រមជាលើកដំបូងចំនួន ១១៣សំឡេង នៃចំនួនសមាជិក រដ្ឋសភាទាំងមូល នៅថ្ងៃចន្ទ ទី៩ ខែមេសា ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភា លើកទី១០ និតិកាលទី៥។
អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន៤៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕ ដោយ ៖ បញ្ញាស័ក្តិ