Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារវីង នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលលើកទី៧៤ ទៅលេខទូរស័ព្ទកម្មករនិយោជិតជាង ១ពាន់នាក់ ដែលព្យួរការងារ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី៧៤របស់រាជរដ្ឋាភិបាល ជូនកម្មករនិយោជិតចំនួន ១,០៣៧នាក់ នៃរោងចក្រសហគ្រាសចំនួន ១៥ នៃវិស័យកាត់ដេរវាយនភ័ណ្ឌ និងវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាត ព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា។

ដូចនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជម្រាបជូនពីរបៀបបើកប្រាក់ឧបត្ថម្ភតាមរយៈធនាគារវីងថា ធនាគារវីង នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរស័ព្ទ ដែលបងប្អូនបានផ្តល់មកឱ្យក្រសួង តាមរយៈរដ្ឋបាលរោងចក្រ សហគ្រាស នាពេលកន្លងមក។ ហើយដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូននិយោជិក ត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរស័ព្ទដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារវីង ដែលនៅជិតផ្ទះរបស់បងប្អូនបំផុត។

ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្ដល់ជាប្រាក់រៀលអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ដោយក្នុងនោះ កម្មករម្នាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០ ៧៥០ រៀល ឬ (១៥ ដុល្លារអាមេរិក ) សម្រាប់ការព្យួរ កិច្ចសន្យាការងារ រយៈពេល ៧ថ្ងៃ ដល់ ១០ថ្ងៃ និងទឹកប្រាក់ចំនួន ១២១ ៥០០ រៀល ឬ(៣០ ដុល្លារអាមេរិក ) សម្រាប់ការព្យួរកិច្ចសន្យាការងារ រយៈពេល ចាប់ពី ១១ថ្ងៃ ដល់ ២០ថ្ងៃ។ ចំណែកកម្មករ ដែលព្យួរការងារ ចាប់ពី២១ថ្ងៃ ដល់  ១ខែ នឹងទទួលទឹកប្រាក់ចំនួន ១៦២ ០០០ រៀល ឬ(៤០ ដុល្លារអាមេរិក)។

សូមជម្រាបថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ហើយថា ធនាគារវីង នឹងបង្វិលប្រាក់ ឧបត្ថម្ភនេះ ជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនកម្មករខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរស័ព្ទពីធនាគារវីង៕

×