ភ្នំពេញ៖ ក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានពន្ធដារ (GDT)នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រកចំណូលបាន ២,៣១៥ លានដុល្លារ ធ្លាក់ចុះ ៥ ភាគរយធៀបនឹងឆ្នាំមុន។ នេះបើយោងតាមតួលេខនេះ ដែល GDT បង្ហាញក្នុងកិច្ចប្រជុំប្រចាំខែ នៅ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
ឯកឧត្តម គង់ វិបុល បានវាយតម្លៃខ្ពស់ចំពោះ មន្ត្រីពន្ធដារគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង យ៉ាងសកម្មក្នុងការប្រមូលចំណូល ដោយទទួលបានលទ្ធផលល្អ។ ឯកឧត្តមបន្តថា នេះជាជោគជ័យ និងសមិទ្ធផល របស់អគ្គនាយកដ្ឋានពន្ធដារ បើទោះបីជា មានការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។ ប្រាក់ចំណូលនេះ ទទួលបានលើសពីផែនការហិរញ្ញវត្ថុ ដែលបានកំណត់ចំនួន ៣ភាគរយ។
ឯកឧត្តម បានបន្តទៀតថា ដោយឡែក នៅក្នុងខែតុលា តែមួយគត់ ទឹកប្រាក់ចំនួន ២០៨ លានដុល្លារត្រូវបានប្រមូលជាចំណូលពន្ធ កើនឡើង ៦.៤ ភាគរយ បើធៀប នឹងខែតុលា ឆ្នាំមុន។
គួរបញ្ជាក់ថា បើតាមអគ្គនាយកដ្ឋានពន្ធដារ លទ្ធផលនៃការគ្រប់គ្រង ចំណូលពន្ធ សម្រាប់រយៈពេល ១០ខែ ដើមឆ្នាំ២០២១នេះ បើទោះបីជាមិនប្រសើរ ជាងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០ ដោយសារការរាតត្បាត នៃជំងឺកូវីដ-១៩ ក៏ដោយ ក៏នៅតែស្ថិតក្នុងស្ថានភាពល្អ លើសពីការរំពឹងទុក និង គោលដៅ៕