Thursday, September 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យកសិកម្មនៅបន្តមានសក្តានុពលខ្ពស់ក្នុងការជួយទ្រទ្រង់សន្តិសុខស្បៀង ជាពិសេសការគាំទ្រកំណើន និងការស្រូបយកអ្នកអត់ការងារធ្វើក្នុងអំឡុងពេលកូវីដ១៩

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមកិច្ចប្រជុំចង្អៀតតាម
រយៈប្រព័ន្ធអនឡាញ ដើម្បីពិនិត្យ និង ពិភាក្សាលើការងាររៀបចំសេចក្តីព្រាងក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវិដ-១៩ តាមកន្លងប្រក្រតីភាពថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យោងតាមរបាយការណ៍ស្តីពីសេចក្តីព្រាងក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវិដ ១៩ តាមកន្លងប្រក្រតីភាពថ្មី បានឲ្យដឹងពីស្ថានភាព ទស្សនវិស័យ ការកែទម្រង់ និងវិធានការស្តារលើវិស័យកសិកម្ម ដែលបានគូសរំលេចបញ្ជាក់ថា វិស័យកសិកម្មនៅបន្តមានសក្តានុពលខ្ពស់ក្នុងការជួយទ្រទ្រង់សន្តិសុខស្បៀង ជាពិសេសការគាំទ្រកំណើន និងការស្រូបយកអ្នកអត់ការងារធ្វើ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគាំទ្រនានា និងការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងហិរញ្ញប្បទានសំដៅជំរុញការវិនិយោគក្នុងវិស័យកសិកម្ម ក៏ដូចជាវិស័យកែច្នៃកសិកម្មឱ្យរីកចម្រើន។

វិធានការណ៍នេះបានជួយឱ្យកម្ពុជាលើកកម្ពស់ផលិតផលកសិកម្មក្នុងស្រុក ដើម្បីបំពេញតម្រូវការប្រើប្រាស់ និងបង្កើន ការនាំចេញ ផលិតផលកសិកម្មបានកាន់តែច្រើន។ មួយវិញទៀត ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលនឹងផ្ដោតជាចម្បងក្នុងការដោះស្រាយបញ្ហា ប្រឈម ជារចនាសម្ព័ន្ធ (structural issues) ក្នុងវិស័យដែលនៅមានសក្តានុពល និងជាចន្ទល់ កំណើនសេដ្ឋកិច្ចដែលអាចបង្កើតនូវតម្លៃបន្ថែម ក្នុងរយៈពេលខ្លី (២០២១-២០២៣) និងជំរុញការ ស្ទុះងើបឡើងវិញសកម្មភាពសង្គម-សេដ្ឋកិច្ចជាតិទៅរកប្រក្រតីភាពថ្មីឱ្យបានឆាប់រហ័ស ជាពិសេសចំនួនបួន រួមមានវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម វិស័យទេសចរណ៍ វិស័យកាត់ដេរ និងវិស័យកម្មនសាលមិនមែនកាត់ដេរ។

នៅក្នុងពេលមានវិបត្តិកូវិដ-១៩ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មត្រូវបានចាត់ទុកថា ជាវិស័យដែលមានសក្តានុពលខ្ពស់ដោយសារតម្រូវការចំណីអាហារមានការកើនឡើង។ វិស័យនេះមិនបានទទួលរងផលប៉ះពាល់ តែជាវិស័យជួយសម្រាលបន្ទុក និងផលប៉ះពាល់ពីវិស័យផ្សេងទៀត តាមរយៈ ការផ្តល់ការងារ និងចំណូល។ ជាការវាយតម្លៃរួម វិស័យកសិកម្មនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលការណ៍នេះឆ្លុះបញ្ចាំងតាមរយៈកំណើនផលិតកម្ម និង ការនាំចេញ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និង ការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ទោះបីជាមានវឌ្ឍនភាពល្អប្រសើ វិស័យកសិកម្មនៅបញ្ហាប្រឈមធំៗមួយចំនួន ដែលចាំបាច់ ត្រូវមានដំណោះស្រាយ រួមមាន៖

១. កំណើនផលិតភាពទាបដែលបណ្តាលមកពីកត្តាកង្វះខាតពូជ សុទ្ធ បច្ចេកទេស ប្រព័ន្ធស្រោចស្រពកសិកម្ម និងបច្ចេកវិទ្យានៅមានកម្រិត

២. កង្វះការវិនិយោគលើការកែច្នៃ ដែលបណ្តាលមកថ្លៃដើមផលិតកម្មនៅមានកម្រិតខ្ពស់ ជាពិសេសថ្លៃអគ្គិសនីនិងឡូជីស្ទីក ព្រមទាំងស្ថិរ ភាពនៃការផ្គត់ផ្គង់វត្ថុធាតុដើម

៣. ភាពមានកម្រិតនៃការធ្វើពាណិជ្ជបនីយកម្ម កសិកម្ម ពោលគឺ ការនាំចេញផលិតផលកសិកម្មមានលក្ខណៈក្រៅផ្លូវការ

៤. កង្វះលទ្ធភាពទទួលបានហិរញ្ញប្បទាន ក្នុងអត្រាការប្រាក់ទាប

៥. កង្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រអំឡុងពេល និងក្រោយពេលប្រមូលផល និង

(៦). កង្វះកិច្ចសម្របសម្រួលស្ថាប័នទាំងក្នុងដំណាក់កាលនៃការធ្វើផែនការ និងការអនុវត្ត៕

spot_img
×