Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ចិន ឯកភាពគ្នាជំរុញពាណិជ្ជកម្មទ្វេរភាគី ឱ្យកើនដល់ ១០ពាន់លានដុល្លារក្នុងមួយឆ្នាំ

ភ្នំពេញ៖ កម្ពុជា និងចិន បានឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យបានកើនឡើងដល់ ១០ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយក៏បានឯកភាពគ្នាដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន នៅខែមករា ឆ្នាំ២០២២ខាងមុខនេះ។​ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន សម្រេចបានជិត ៥ពាន់លានដុល្លារអាមេរិក កើនឡើង ៣១ភាគរយ។

ភាគីទាំងពីរលើកឡើងដូចនេះ នៅក្នុងជំនួបសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន តាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មានគុណតម្លៃខ្ពស់ សម្រាប់ជំរុញកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងចិន ត្រូវបានចុះហត្ថលេខាតាំងពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០មកម្ល៉េះ តែកិច្ចព្រមព្រៀងនេះ​ មិនទាន់ត្រូវបានអនុវត្តនៅឡើយទេ ដោយត្រូវបំពេញលក្ខខណ្ឌច្បាប់តាមប្រទេសនីមួយៗ ក៏ដូចជាការអនុម័តយល់ព្រមពីស្ថាប័នសភានៃប្រទេសទាំងពីរ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ចិន ត្រូវបានអះអាងថា កម្ពុជានឹងនាំផលិតផលជាង ៣៤០មុខ ហើយ ៩៥ភាគរយនៃផលិតផលនេះ នឹងចុះពន្ធដល់ ០ភាគរយ ហើយនៅសល់៥ភាគរយ គឺចុះក្នុងរយៈពេល១០ឆ្នាំ ឬអាចឆ្នាំបន្ទាប់ចុះទៅ០%។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីចិន ចង់ឃើញរាល់កសិផលកម្ពុជា អាច​នាំទៅចិនផ្ទាល់ ដោយមិនឆ្លងកាត់ប្រទេសដទៃ។

បើតាមមន្រ្តីក្រសួងពាណិជ្ជកម្ម មុខទំនិញដែលភាគីចិន គិតពន្ធពីប្រទេសកម្ពុជា គឺជាប្រភេទគ្រឿងចក្រ និងយានយន្តផ្សេងៗ។ មូលហេតុដែលភាគីចិន គិតពន្ធលើមុខទំនិញទាំងអស់នេះ ដោយសារភាគីចិន មិនចង់ឱ្យការនាំចូលទីផ្សារ ខ្លួនប៉ះពាល់ផលិតផលក្នុងស្រុក។ បន្ថែមពីនេះ ការគិតពន្ធលើមុខទំនិញទាំងនេះ មិនមែនជាបញ្ហាដល់ភាគីកម្ពុជានោះទេ ព្រោះថាកម្ពុជា មិនមែនជាប្រទេសផលិតសម្ភារទាំងអស់នេះនោះតតេ។

ជាទូទៅ កម្ពុជាបាននាំចេញទៅចិន នូវសម្លៀកបំពាក់ ស្បែកជើង ស្បែកសត្វមានរោម អង្ករ កៅស៊ូ ចេក ដំឡូងមី គ្រាប់ស្វាយចន្ទី ស្បែកជើង ហិប វ៉ាលី ជាដើម-ល-។ ដោយឡែកទំនិញនាំពីចិន នូវផលិតផលសម្រាប់បម្រើឱ្យការវិនិយោគ និងផលិតកម្ម ដូចជា ក្រណាត់ចាក់ ក្រណាត់ត្បាញពីកប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់ផ្សេងៗ បរិក្ខារ និងគ្រឿងអេឡិចត្រូនិក វត្ថុធាតុពីប្លាស្ទិក អាលុយមីញ៉ូម គ្រឿងសង្ហារឹម និងក្រដាស និងក្រដាសកាតុងជាដើម៕

×