ព្រះវិហារ៖ ប្រជាសហគមន៍ក្នុងខេត្តព្រះវិហារចំនួន៣៥ កំពុងសប្បាយចិត្ត នឹងមមាញឹកក្នុងការប្រមូលផលស្រូវដើម្បីលក់ជូនដល់ក្រុមហ៊ុនចំនួន ៣ ដែលបានចុះកិច្ចសន្យាទិញលក់ស្រូវសរីរាង្គ គឺមានដូចជា ក្រុមហ៊ុន អេម រុរ៉ាយ (AMRU RICE) ក្រុមហ៊ុនស៊ិកនេឈ័រអហ្វអេស៊ា (SIGNATURES OF ASIA) និងក្រុមហ៊ុនហ្គោលដិនរ៉ាយ (GOLDEN RICE) ដោយអនុវត្តន៍តាមកិច្ចសន្យា។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានឱ្យថា ឆ្នាំ២០២១នេះ ក្រុមហ៊ុនទាំង៣ បានចុះកិច្ចសន្យាទិញ-លក់ ស្រូវសរីរាង្គ ក្នុងបរិមាណស្រូវសរុបចំនួន ១៩,៨៥១,០៥១ គីឡូក្រាម ក្នុងនោះ ប្រភេទស្រូវក្រអូបចំនួន ១១,៧១១,៥៥៦ គីឡូក្រាម ស្រូវសរចំនួន ៦,៧៥៣,១៩០ គីឡូក្រាម និងស្រូវផ្កាម្លិះក្រហម ១,៣៨៦,៣០៥គីឡូក្រាម ដែលមានសមាជិកផលិតសរុបចំនួន ៤៨១០គ្រួសារ លើផ្ទៃដី១៧,៦១៩ហិចតា។
លោកបន្តថា ក្រុមហ៊ុនអេម រុរ៉ាយ (AMRU RICE) ទិញស្រូវក្នុងបរិមាណ ១៧,០១៧,០៥១ គីឡូក្រាម ក្រុមហ៊ុនស៊ិកនេឈ័រអហ្វអេស៊ា (SIGNATURES OF ASIA) ទិញស្រូវក្នុងបរិមាណ ១,៣២៥,៨០០ គីឡូក្រាម និងក្រុមហ៊ុនហ្គោលដិនរ៉ាយ (GOLDEN RICE) ទិញស្រូវក្នុងបរិមាណ១,៥០៨,២០០ គីឡូក្រាម។
ដោយឡែក បើតាមលោក សុង សារ៉ន ប្រធានក្រុមហ៊ុន អេម រុរ៉ាយ (AMRU RICE) កសិករលើកឡើងថា លក់ស្រូវឱ្យក្រុមហ៊ុន អេម រុរ៉ាយ (AMRU RICE) មោទនភាពក្នុងការធ្វើជាដៃគូជាមួយសហករណ៍ និងកសិករ។
ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានគូសបញ្ជាក់ថា តម្លៃស្រូវ ដែលទទួលបានដល់ដៃប្រជាសហគមន៍ គឺប្រែប្រួលទៅតាមប្រភេទស្រូវ និងគុណភាពស្រូវ។ ប្រភេទស្រូវក្រអូបសើម ឬ(ផ្ការំដួល) តម្លៃចាប់ពី ១,០៩០រៀលដល់ ១,៣៨០រៀល ក្នុងមួយគីឡូក្រាម ប្រភេទស្រូវសរសើម (នាងអុក នាងអំ) តម្លៃចាប់ពី ៩៦០រៀល ដល់ ១,១០០រៀល ក្នុងមួយគីឡូក្រាម និងប្រភេទស្រូវម្លិះក្រហមស្ងួត តម្លៃ ១,៣០០រៀលដល់១,៣៨០រៀល ក្នុងមួយគីឡូក្រាម៕