ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះហត្ថលេខាទទួលសិទ្ធិជាផ្លូវការ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីប្រទេសកម្ពុជា ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ជាផ្លូវការ។
បើតាមឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា កម្ពុជាពិតជាមានមោទនភាព ចំពោះការទទួលបានសិទ្ធិជាផ្លូវការធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ដោយជោគជ័យ នៅក្នុងសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នាពេលនេះ។
ឯកឧត្តម បានបន្តថា មានបណ្តាប្រទេសនានា នឹងចូលរួមជួយដល់ការរៀបចំការប្រកួតកីឡាយុវជនអាស៊ីរបស់ម្ចាស់ផ្ទះកម្ពុជា។ នេះជាមោទនភាព របស់យុវជនកម្ពុជា និងជាសំណាងរបស់ប្រទេសកម្ពុជា ដែលទទួលបាននូវកិត្តិយស កិត្យានុភាពជាតិ ពេញមុខ ពេញមាត់ ពេញសមត្ថភាពនៅលើឆាកអន្តរជាតិ។
តំណាងប្រទេសទាំងអស់នៃទ្វីបអាស៊ី ៤៥ប្រទេស បានអបអរសាទរជូនចំពោះកម្ពុជា ដែលទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ ជាមួយនឹងការមើលឃើញពីការរីកចម្រើនខាងផ្នែកកីឡា ក៏ដូចជាការអភិវឌ្ឍ និងសន្តិភាពរបស់កម្ពុជា៕