ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកពិព័រណ៍សិល្បៈនៃមហោស្រពវប្បធម៌អាស៊ី និងអឺរ៉ុប២០២១ ដែលរៀបចំ នៅសារមន្ទីរជាតិ ដើម្បីចូលរួមអបអរ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សារមន្ទីរជាតិ ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២១ បានបើករៀបចំពិព័រណ៌មិនអចិន្ត្រៃយ៍ស្ដីពី «ពិព័រណ៌សិល្ប:មហោស្រពវប្បធម៌ អាស៊ីនិងអឺរ៉ុប២០២១» ដើម្បីចូលរួមអបអរកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ដើម្បីអបអរសាទរកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ASEM13 ដែលរៀបចំឡើងនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសហភាពអឺរ៉ុប(EU) និងមូលនិធិអាស៊ីអឺរ៉ុប (ASEF) រៀបចំមហោស្រពវប្បធម៌អាស៊ីអឺរ៉ុប ដែលជាព្រឹត្តិការណ៍អមផ្សេងៗទៀតនៃ ASEM13 ដោយបង្ហាញពីភាពចម្រុះនៃវប្បធម៌ និងការផ្លាស់ប្តូរសិល្បៈរវាងអាស៊ី និងអឺរ៉ុប។
ស្នាដៃសិល្បៈដែលតាំងនៅក្នុងពិព័រណ៌នេះរួមមាន ស្នាដៃចម្លាក់ រូបថត រូបគំនូរ គ្រឿងអលង្ការ វីដេអូខ្លីៗ ដែលឆ្លុះបញ្ចាំងពីបទពិសោធន៍ នៃការធ្វើដំណើរឆ្លងទ្វីប ស្ថានភាពរស់នៅប្រចាំថ្ងៃ និងឥទ្ធិពលគំនិត របស់សិល្បករមកពីទ្វីបទាំងពីរ ជាពិសេសសាមគ្គីភាព និងចំណង មិត្តភាពលើវិស័យវប្បធម៌ នៃបណ្ដាប្រទេសក្នុងទ្វីបអាស៊ី និងអឺរ៉ុប។ ពិព័រណ៍នេះដាក់តាំងបង្ហាញជូនទស្សនាចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១៕