ក្រុមអ្នកនេសាទនៅតំបន់មួង ខេត្តសាមុតប្រាកាន ប្រទេសថៃ បានចាប់ផ្តើមបង្កើតសាលាក្រៅប្រព័ន្ធមួយឈ្មោះថា Nok Kala ។ សាលាដែលត្រូវបានបង្កើតឡើងនេះ គឺដើម្បីបង្រៀនពីអាជីពនេសាទក្នុងស្រុកដល់កុមារ និងយុវជន ឱ្យទទួលបាននូវបទពិសោធន៍ថ្មីៗ និងដោយផ្ទាល់ សម្រាប់ធ្វើការក្នុងវិស័យធុរកិច្ច និងឧស្សាហកម្ម ក៏ដូចជាដើម្បីរក្សាអាជីពនេសាទក្នុងស្រុក និងក្នុងប្រទេសថៃផងដែរ។
បើតាមលោក បានឈឺត អូឌុមសាមុតធីរាន ស្ថាបនិកសាលារៀន នុកកាឡា បានឱ្យដឹងថា វីធីសាស្ត្រអប់រំក្នុងសាលាដែលទើបបង្កើតថ្មីនេះ គឺខុសប្លែកពីការបង្រៀនមុខវិជ្ជានិងជំនាញផ្សេងៗ ពោលការបង្រៀនជំនាញនេះមិនមានចងក្រងនៅក្នុងសៀវភៅសិក្សាអ្វីនោះទេ ដោយត្រូវរៀនតាមរយៈបទពិសោធន៍សុទ្ធសាធពីមួយជំនាន់ទៅមួយជំនាន់ និងការអនុវត្តជាក់ស្តែងនៅសមុទ្រតែម្តង។
លោកបានឈឺត បានបន្តថា គិតមកទល់ពេលនេះអ្នកដែលមកសិក្សា ភាគច្រើនជានិសិ្សត សាកលវិទ្យាល័យ និងសកម្មភាពដែលត្រូវបង្រៀនគឺការសង់ផ្ទះត្រី និងរបៀបចេញទៅសមុទ្រជាដើម។
ក្នុងនោះ លោក បានឈឺតបញ្ជាក់ទៀតថា សម្រាប់ការបង្រៀនវិញ គឺបែងចែកជាពេល ដោយពេលព្រឹកគឺសម្រាប់សិក្សាទ្រឹស្តី និងពេលថ្ងៃសម្រាប់ការអនុវត្ត។ សិក្សាទ្រឹស្តីនិងការអនុវត្តនៅត្រង់ចំណុចនេះ ត្រូវបានលោក បានឈឹតលើកឡើងថា ការបង្រៀនពេលព្រឹក គឺដើម្បីផ្តល់ចំណេះដឹងអំពីសមុទ្រ និងឆ្នេរ។ ហើយពេលរសៀលវិញ គឺសិស្សទាំងអស់ត្រូវចេញទៅសមុទ្រដើម្បីលើកឧបករណ៍រកត្រី ជាដើម។
ជាក់ស្តែងនាពេលបច្ចុប្បន្ន សាលារៀននុកកាឡា មានអ្នកស្ម័គ្រចំនួន៣០ហើយដែលចូលមកបម្រើការងារ ហើយសម្រាប់សម្ភារៈសម្រាប់បម្រើដល់ការបង្រៀនគឺជាសម្ភារៈដែលនៅសេសសល់តាំងពី៣០ឆ្នាំ ដូចជា ក្តារខៀន តុម៉ាស៊ីបញ្ចាំងរូបភាពចាស់ៗជាដើម។
ក្រៅតែពីស្ថាបនិកខាងលើ លោក ផនទេព ថុងដេ ប្រធានមជ្ឈមណ្ឌលអភិរក្សធនធានសមុទ្រ និងឆ្នេរសមុទ្រ ខេត្តសាមុតប្រាកានបាននិយាយថា ចាប់តាំពីក្រុមការងារបានធ្វើសកម្មភាពជាច្រើនមក មានធនធានសមុទ្រជាច្រើនបានកកើតឡើង ហើយអ្នកភូមិក៏ទទួលបានផលប្រយោជន៍ជាច្រើនពីសកម្មភាពដែលយើងបានជួយគ្នាទៅវិញមក។ ក្នុងនោះ លោក ផនទេពបានថ្លែងថា៖« អ្វីដែលខ្ញុំចង់បានឃើញនោះគឺ ខ្ញុំចង់ឃើញកិច្ចសហប្រតិបត្តិការរវាងប្រជាជន សហគមន៍ឆ្នេរ និងភ្នាក់ងាររដ្ឋាភិបាល ក្នុងការធ្វើសកម្មភាពរួមគ្នា និងជួយថែរក្សាធនធានសមុទ្រឱ្យមាននិរន្តរភាពជារៀងរហូត។»
ក្រៅតែពីនេះ អ្នកភូមិរស់នៅសង្កាត់ ប៉ាង ភូមៃ លោកស្រី ផនទីប អូឌុមសាមុតធីរាម បានអះអាងថា សព្វថ្ងៃនេះ សហគមន៍បានចូលរួមជាមួយអ្នកនេសាទឆ្នេរសមុទ្រ និងភ្នាក់ងាររដ្ឋាភិបាល។ បើតាមលោកស្រី ផនទីប បច្ចុប្បន្នលោកស្រីបានចាប់យកការធ្វើជម្រកត្រី និងជម្រកមឹក ដើម្បីនាំមកនូវភាពសម្បូរបែបនៃសមុទ្រក្នុងខេត្តសាមុតប្រាកាន។ ហើយ អ្នកនេសាទតាមឆ្នេរអាចរស់នៅ និងរកប្រាក់ចិញ្ចឹមជីវិតដោយខ្លួនឯង ក៏ដូចជាធ្វើឱ្យប្រជាជនក្នុងសហគមន៍មានស្ថិរភាពផ្នែកសេដ្ឋកិច្ច។
សូមរំលឹកបន្តិចថា កាលពីឆ្នាំ១៩៧៧ ដីនៅជាប់មាត់សមុទ្រត្រូវបានទឹកសមុទ្របោកកម្ទេច និងបានបាក់ស្រុតជាអស់ច្រើន។ ក្រោយហេតុការណ៍នេះបានកើតឡើង អ្នកភូមិ និងមេសហគមន៍តំបន់ មួងបានស្នើសុំថវិកាពី ខេត្តសាមុតប្រាកានដើម្បីសាងសង់ធ្វើទំនប់ទឹកសមុទ្រកុំឱ្យហូរច្រោះចូលជ្រៅ ដូចមុនទៀត។ ក្នុងឆ្នាំ២០១០ អ្នកភូមិ និងអ្នកនេសាទក្នុងស្រុកបានប្រមូលផ្តុំគ្នាបង្កើតសាលាក្រៅប្រព័ន្ធមួយនោះគឺ សាលា នុក កូឡា ក្រោយតំបន់នោះបានកកើតឡើងនូវព្រៃកោងកាង៕ A24