ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ស៊ូ ហ្សឹងតឺ នាយកក្រុមសម្ព័ន្ធត្រួតពិនិត្យ និងបញ្ជាក់គុណភាពរបស់ប្រទេសចិន (CCIC) បានចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដើម្បីធានាសុវត្ថិភាព គុណភាពទំនិញនាំចេញ-នាំចូល និងជំរុញការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគីឱ្យបានកាន់តែប្រសើរ និងបម្រើឱ្យផលប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរ។
កម្ពជា និងចិន ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ តាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម សមាជិក CCIC តំណាង CCIC ប្រចាំប្រទេសកម្ពុជា និងប្រទេសថៃ។ ការចុះហត្ថលេខលើអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាឯកសារក្របខណ្ឌ សម្រាប់តម្រង់ទិសកិច្ចសហប្រតិបត្តិការរយៈពេលវែងសម្រាប់ជំរុញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងចិនឱ្យកាន់តែមានកំណើនកើនឡើង។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងដែលបានចុះអនុស្សរណៈនេះ មានគោលដៅធានានូវគុណភាព សុវត្ថិភាពផលិតផលនាំចេញ-នាំចូល និងបង្កើតយន្តការសម្រាប់តាមដានប្រភពនៃផលិតផល ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងការលុបបំបាត់របាំងពាណិជ្ជកម្ម និងជំរុញការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគីឱ្យបានកាន់តែប្រសើរ និងបម្រើឱ្យផលប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរ៕