ប៉ុន្មានខែមុននេះ ប្រទេសស្រីលង្កា បានបញ្ឈប់ការនាំចូលជីគីមី ហើយចាប់ផ្តើមប្រើប្រាស់ជីសរីរាង្គ សម្រាប់ ការដាំដុះ។ ទោះជាយ៉ាងណាក៏ដោយ ការផលិតជីសរីរាង្គ មិនគ្រប់គ្រាន់សម្រាប់កសិករនោះឡើយ ដូច្នេះ ហើយទើបរដ្ឋាភិបាល សម្រេចនាំចូលជីសរីរាង្គ។
សំណាកតេស្តជី ដែលនាំយកពីក្រុមហ៊ុន Qingdao Seawin Biotech ក៏ត្រូវបានធ្វើតេស្តសាកល្បង។ បាក់តេរីបង្កគ្រោះថ្នាក់ ដែលមានឈ្មោះថា Erwinia ត្រូវបានរកឃើញនៅក្នុងសំណាកតេស្តទាំងនោះ ដែលវាត្រូវបានធ្វើតេស្តពីរដង។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលស៊ើបអង្កេតនេះ ក្រុមហ៊ុន នៅតែបានបញ្ជូនកប៉ាល់ដឹកជីមកប្រទេសស្រីលង្កា ដឹកតាមការបញ្ជាទិញជីដដែរ។ អាជ្ញាធរស្រីលង្កា មិនអនុញ្ញាតឱ្យកប៉ាល់ចូលប្រទេសទេ ដោយសារតែមានវត្តមានជីដែលបង្កគ្រោះថ្នាក់ ហើយតុលាការបានផ្អាកការទូទាត់ថ្លៃជីតាមធនាគារប្រជាជន ដែលជាធនាគាររដ្ឋឈានមុខគេមួយក្នុងប្រទេសស្រីលង្កា ដែលជាប់ពាក់ព័ន្ធនឹងបញ្ហានេះ ប៉ុន្តែ ជាការឆ្លើយតប ប្រទេសចិន បានចុះបញ្ជីខ្មៅធនាគារប្រជាជនទៅវិញ។
ក្រុមហ៊ុន Qingdao Seawin Biotech មិនបានទទួលស្គាល់របាយការណ៍ធ្វើតេស្តនេះទេ ហើយបានចាត់វិធានការផ្លូវច្បាប់ ដោយសារតែភាពមិនសមរម្យ ដែលបានកើតឡើងចំពោះក្រុមហ៊ុនរបស់ពួកគេ។ ហើយទោះជាយ៉ាងណាក៏ដោយ កប៉ាល់ចិននៅតែចតនៅលើមហាសមុទ្រជុំវិញប្រទេសស្រីលង្កា ដោយប្តូរឈ្មោះ និងផ្អាកដំណើរការឧបករណ៍ GPS របស់ពួកគេ។
កសិករ បានតវ៉ាប្រឆាំងនឹងការនាំចូលកប៉ាល់ ដែលមានផ្ទុកជី ដែលបង្កគ្រោះថ្នាក់ដល់ប្រទេស ដោយស្នើសុំរដ្ឋាភិបាលមិនអនុញ្ញាតឲ្យមានការបំផ្លាញកសិកម្ម ក្នុងប្រទេសខ្លួនដោយសារបាក់តេរីបង្កគ្រោះថ្នាក់នោះទេ។
លោក Maithripala Sirisena អតីតប្រធានាធិបតីស្រីលង្កា បានលើកឡើងថា”យើងត្រូវតែគាំទ្រគំនិតរបស់អ្នកជំនាញរបស់ប្រទេសយើង រួមទាំងនាយកដ្ឋានកសិកម្មប្រទេសយើងផងដែរ។យើងត្រូវធ្វើការតាមគំនិតរបស់អ្នកជំនាញរបស់យើង។ យើងមិនអាចធ្វើការតាមការយល់ឃើញរបស់ប្រទេសខាងក្រៅណាមួយ ឬក្រុមអ្នកជំនាញខាងក្រៅណាមួយឡើយ។ បើមានអ្វីកើតឡើង វាប៉ះពាល់ដល់ឯករាជ្យជាតិប្រទេសរបស់យើង។”
លោក Maithripala Sirisena អតីតប្រធានាធិបតីស្រីលង្កា បានបន្តថា “ធនាគារប្រជាជនបានធ្វើការតាមដីការបស់តុលាការ។ ប្រទេសចិនបានធ្វើរឿងមិនត្រឹមត្រូវដោយការចុះបញ្ជីខ្មៅធនាគារប្រជាជន។ យើងមិនអាចទទួលយកវាបានទេ។”
លោក T.B Sarath ប្រធានសមាគមកសិករ All Ceylon បានឱ្យដឹងដែរថា “អ្នកវិទ្យាសាស្ត្រស្រីលង្កានិយាយថា ជីសរីរាង្គរបស់ចិនមានគ្រោះថ្នាក់ដល់ប្រទេស។ ពួកគេស្នើឱ្យជៀសវាងការនាំចូលជីទាំងនេះ ជាពិសេសព្រោះវាផ្ទុកបាក់តេរីបង្កគ្រោះថ្នាក់ហៅថា Erwinia។”
លោក Jayasena មេដឹកនាំសហជីព បានលើកឡើងដែរថា”យើងមិនបានប្រឆាំងនឹងការដាំដុះសរីរាង្គទាំងស្រុងនោះទេ។ យើងតវ៉ាប្រឆាំងនឹងការនាំចូលវត្ថុបង្កគ្រោះថ្នាក់ពីបរទេស និងបំផ្លាញការដាំដុះរបស់យើង។”
ប្រភព៖ A24