Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគមធនាគារនៅកម្ពុជា សហការជាមួយ ក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលអន្តរជាតិ ដើម្បីជំរុញអន្តរប្រតិបត្តិការកាតទូទាត់នៅកម្ពុជា

ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ សមាគមធនាគារនៅកម្ពុជា (ABC) រួមជាមួយនឹង ក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលអន្តរជាតិរួមមាន-Visa, MasterCard និង UnionPay International បានប្រារព្ធពិធី ដោះដូរអនុស្សរណៈយោគយល់ស្តីពី “សហប្រតិបត្តិការលើបណ្តាញប្រព័ន្ធខេមបូឌានស៊ែស្វីច”​(Cambodian Shared Switch)។

ពិធីនេះប្រព្រឹត្តទៅក្នុងគោលបំណងអនុវត្តគោលនយោបាយប័ណ្ណទូទាត់អន្តរជាតិ រួមស្លាកសញ្ញាជាមួយប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) ជំរុញការអនុវត្តសន្ធានកម្មប្រព័ន្ធរបស់គ្រឹះស្ថានសមាជិក ផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់អ្នកប្រើប្រាស់តាមរយៈការកាន់ប័ណ្ណទូទាត់តែមួយ ដែលអាចប្រើប្រាស់ទាំងក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាចូលរួមចំណែកក្នុងការសម្រេចបានសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយា
បន្ននិងស្ថិរភាព។

ពិធីដោះដូរអនុស្សរណៈយោគយល់ស្តីពី «សហប្រតិបត្តិការលើការបន្តរអាជ្ញាប័ណ្ណប្រើប្រាស់ Visa Contactless EMV® Chip Specification ដល់បណ្តាញប្រព័ន្ធខេមបូឌានស៊ែស្វីច» ធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ បណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា លោកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា, លោក តឹក សុផល នាយកអភិវឌ្ឍន៍អាជីវកម្មប្រចាំប្រទេសកម្ពុជានិងឡាវ នៃក្រុមហ៊ុន MasterCard  និង លោកស្រី លាង ចិន្តា នាយកគ្រប់គ្រងនៃក្រុមហ៊ុន UnionPay International ប្រចាំប្រទេសកម្ពុជា។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា ដោយមានអ្នកចូលរួមដោយផ្ទាល់ប្រមាណ ៥០នាក់ និងជាង ១០០នាក់ផ្សេងទៀត បានចូលរួមតាមរយៈប្រព័ន្ធអនឡាញ ដែលភាគច្រើន ជាសមាជិកនៃសមាគមធនាគារនៅកម្ពុជា តំណាងមកពីធនាគារជាតិនៃកម្ពុជា តំណាងមកពីក្រុមហ៊ុន
បច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលអន្តរជាតិនិងអ្នកពាក់ព័ន្ធផ្សេងៗទៀត។

​កិច្ចព្រមព្រៀងនេះក៏បានបញ្ជាក់ពីការសហការរបស់ ក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលអន្តរជាតិ ជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីគាំទ្រដល់ធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់ក្នុងស្រុកឲ្យកាន់តែប្រសើរឡើង។

ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា លោកជំទាវបណ្ឌិត ជា សិរី មានប្រសាសន៍ថា៖​“ប្រព័ន្ធទូទាត់ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការផ្តល់នូវការទូទាត់ប្រកបដោយប្រសិទ្ធភាពសម្រាប់ពាណិជ្ជកម្ម និងការផ្ទេរប្រាក់”។ លោកជំទាវ សិរី បានបន្ថែមថា ជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត ដូចជា ATM/POS, Contactless, Mobile Payment និង QR Payment ដើម្បីជួយសម្រួលដល់ប្រតិបត្តិការរបស់ពួកគេ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។

“ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានគេជឿថានឹងដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់បន្ថែមទៀត ដោយអនុញ្ញាតឱ្យមានការអនុម័តប្រព័ន្ធ CSS កាន់តែលឿនសម្រាប់សមាជិកនៃស្ថាប័នហិរញ្ញវត្ថុ​នានា ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់ប័ណ្ណទូទាត់ និងប្រព័ន្ធ CSS។ ការលើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធភាពនៃប្រព័ន្ធទូទាត់ គឺជាគោលបំណងចម្បងរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីគាំទ្ររបៀបវារៈបរិយាបន្នហិរញ្ញវត្ថុរបស់របស់រដ្ឋាភិបាល និងឆ្ពោះទៅរកសេដ្ឋកិច្ចគ្មានក្រដាស់ប្រាក់។ ដើម្បីសម្រេចបាននូវចំណុចនេះ វាទាមទារឱ្យមានការប្តេជ្ញាចិត្ត និងកិច្ចសហការរវាងអាជ្ញាធរ និងវិស័យឯកជន មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងក្នុងតំបន់ផងដែរ»។

ប្រធានសមាគមធនាគារនៅកម្ពុជា លោកបណ្ឌិត អ៊ិន ចាន់នី បានមានប្រសាសន៍ថា ៖ «ពិធី ដោះដូរអនុស្សរណៈយោគយល់ស្តីពី «សហប្រតិបត្តិការលើការបន្តរអាជ្ញាប័ណ្ណប្រើប្រាស់ Visa Contactless EMV® Chip Specification ដល់បណ្តាញប្រព័ន្ធខេមបូឌានស៊ែស្វីច» ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលអន្តរជាតិចំនួនបីគឺ Visa, Mastercard និង UnionPay International គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយឆ្ពោះទៅរកការសម្របខ្លួន និងការអនុវត្តសេដ្ឋកិច្ចឌីជីថល និងការផ្លាស់ប្តូរទៅជាសង្គមដែលមិនចាយក្រដាស់ប្រាក់។ សមាគមធនាគារនៅកម្ពុជា និង​ក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលអន្តរជាតិ ​បានកំពុងតែ​សហការ​យ៉ាង​សកម្ម​ដើម្បី​ផ្សព្វផ្សាយ​របៀបវារៈ​ឌីជីថល​ក្នុង​សង្គម​កម្ពុជា ហើយវាក៏នឹងជួយលើកម្ពស់ស្តង់ដារសុវត្ថិភាព ផ្តល់ជាប្រយោជន៍ដល់ប្រព័ន្ធ ecosystem ទាំងមូលផងដែរ។

នាយិកាគ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា អ្នកស្រី ជុំ ម៉ូនីកា បានមានប្រសាសន៍ថា ៖ «តាមរយៈការផ្តល់នូវបច្ចេកវិទ្យារបស់យើងសម្រាប់ការបង្កើតនូវស្លាកសញ្ញាទូទាត់រួម ជូនដល់ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាការបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Visa ចំពោះទីផ្សារ។ កត្តានេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មទាំងមូល ឲ្យទទួលបាននូវបច្ចេកវិទ្យាឈានមុខគេបំផុតមួយរបស់ពិភពលោក គាំទ្រដល់ ecosystem សម្រាប់ជម្រុញវិស័យទូទាត់ក្នុងស្រុកឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព» ។

នាយកក្រមហ៊ុន Mastercardប្រចាំប្រទេសកម្ពុជា និង ឡាវ លោកស្រី Winnie Wong​ មានប្រសាសន៍ថា៖«នៅទូទាំងពិភពលោក និងរួមទាំងកម្ពុជាផងដែរ អ្នកប្រើប្រាស់កំពុងសម្របខ្លួន និងប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់ជីវីតប្រចាំថ្ងៃ ការងារ និង​ការចំណាយ។ Mastercard គឺមានកិត្តិយសដែលបានក្លាយជាផ្នែកមួយនៅក្នុងកិច្ចសហប្រតិបត្តិការនេះ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញនិងធ្វើឲ្យប្រសើរឡើងនូវមហិច្ឆតារបស់កម្ពុជា ក្នុងការឈានទៅរកសេដ្ឋកិច្ចឌីជីថល។ ជាមួយនឹងដៃគូសំខាន់ៗផ្សេងទៀត នៅក្នុងវិស័យឯកជន និង វិស័យសាធារណៈ Mastercard នឹងស្រូបយកនូវចំណេះដឹងសកល ជំនាញ និង គំនិតនវានុវត្តន៍ ដើម្បីបង្កើតជាប្រព័ន្ធអេកូឡូស៊ីមួយ ដែលផ្តល់ឲ្យអតិថិជននៅកម្ពុជា ទទួលបានជម្រើសល្អបំផុត និងមានភាពបត់បែននូវអ្វីដែលពួកគេចង់ទូទាត់ នៅក្នុងទីកន្លែង និងគ្រប់ពេលវេលា។»

លោកស្រី លាង ចិន្តា នាយកគ្រប់គ្រងនៃក្រុមហ៊ុន UnionPay International ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖«ក្រុមហ៊ុន UnionPay International​ គឺមានទស្សនវិស័យស្របទៅនឹងធនាគារជាតិនៃកម្ពុជា លើការលើកកម្ពស់សង្គមដែលមិនប្រើប្រាស់ក្រដាសប្រាក់ នៅព្រះរាជាណាចក្រកម្ពុជា និងធ្វើឲ្យសេវាហិរញ្ញវត្ថុ មានបរិយាបន្ន និងប្រសិទ្ធភាព។» លោកស្រីបន្តថា៖«យើងពិតជាមានសេចក្តីរីករាយត្រេកអរ ដែលបានសហការជាមួយ សមាគមធនាគារនៅកម្ពុជា ដើម្បីជួយធ្វើទំនើបកម្មនៃហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធទូទាត់នៅកម្ពុជា និង លើកទឹកចិត្តបន្ថែមទៅលើនវានុវត្តន៍ផលិតផល សេវាកម្ម ក្នុងប្រព័ន្ធទូទាត់។ ក្រោមការអនុវត្តប័ណ្ណទូទាត់អន្តរជាតិរួមស្លាកសញ្ញា (co-badge debit card)សមាជិកនៃសមាគមធនាគារនៅកម្ពុជា នឹងអាចពង្រីកវិសាលភាពអតិថិជនរបស់ពួកគេអាចចូលទៅក្នុងប្រព័ន្ធ CSS នៅក្នុងស្រុក​ ដើម្បីគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីនៃប្រព័ន្ធទូទាត់នៅក្នុងស្រុក។​ ខាងក្រៅប្រទេសកម្ពុជា អតិថិជន UnionPay  អាចប្រើប្រាស់កាត UnionPayនៅទូទាំងពិភពលោក តាមរយៈបណ្តាញរបស់យើងនៅលើទីផ្សារប្រមាណ ១៧៩ប្រទេស៕»

×