Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក (USAID) ផ្តល់ជំនួយចំនួន ៥ លានដុល្លារអាមេរិក សម្រាប់​អ្នករស់រានមានជីវិតពីរបបប្រល័យ​ពូជសាសន៍ខ្មែរក្រហម

ក្នុងបំណងលើកកម្ពស់ផ្នែកសុខភាព និងការរស់នៅរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទីភ្នាក់ងារ​ផ្តល់​ជំនួយ​អាមេរិក (USAID)កម្ពុជាបានប្រកាសកាលពីពេលថ្មីៗនេះ នូវជំនួយឥតសំណងចំនួន ៥ លានដុល្លារបន្ថែមទៀតសម្រាប់ (ការ​លើក​កម្ពស់​សិទ្ធិ​ និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថាន​ភាព​សុខភាព​របស់​អ្នក​រស់​រាន​មាន​​ជីវិត​ពី​របប​ខ្មែរក្រហម​) គម្រោងនេះនឹងត្រូវគ្រប់គ្រងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam)។

ហិរញ្ញ​ប្បទាន​បន្ថែម​នេះនឹង​ធ្វើ​ឲ្យ​សកម្មភាព​ប្រតិបត្តិការ​មាន​តម្លៃ​សរុបចំនួន៦,៥លាន​ដុល្លារ​សហរដ្ឋ​អាមេរិក

គម្រោង​នេះ​នឹង​ផ្តល់​ជូន​អ្នក​រស់​រាន​មាន​ជីវិត​ពីរបប​ខ្មែរក្រហម​នូវ​ការ​ប្រើប្រាស់​សេវាថែទាំសុខភាព និង​ចងក្រងនូវ​​​ស្ថាន​ភាពសុខភាព និង ក្តី​ព្រួយ​បារម្ភ​ ស្ថាន​ភាព​សង្គមសេដ្ឋកិច្ច និង​បទពិសោធន៍​ពេលឆ្លងកាត់ ​របប​ខ្មែរក្រហម។

លោក ភូមិ នន ជាមេភូមិ បានលើកឡើងថា “សម្រាប់ការងាររបស់ប្អូនៗដែលចុះមកភូមិខ្ញុំដើម្បីចងក្រងឯកសារអំពីអ្នកឆ្លងកាត់របបខ្មែរក្រហមនេះគឺល្អនិងសំខាន់ណាស់។ នៅក្នុងភូមិរបស់ខ្ញុំគឺមានមនុស្សចាស់ដែលធ្លាប់ឆ្លងកាត់របបដ៏សាហាវនោះច្រើន ចឹងការចងក្រងឯកសារនេះនឹងអាចជួយដល់យុវជនជំនាន់ក្រោយអោយបានស្គាល់ពីប្រត្តិសាស្ត្ររបស់ប្រទេស។”

លោកបន្តថា “តាមរយៈការងារនេះអាចជួយដល់យុវជនដើម្បីរៀបចំខ្លួនអោយបានល្អ និង ដាស់តឿនសតិពួកគេកំអោយភ្លើតភ្លឿនទៅតាមសង្គមនាពេលបច្ចុប្បន្ន។ ដូចយើងដឹងស្រាប់ហើយថា កាលពីឆ្នាំ1975 គឺប្រទេសយើងពិបាកយ៉ាងណា។”

លោកមេភូមិ បានបន្ថែមថា “មនុស្សចាស់ដែលមានអាយុ 50 ទៅ 80 ឆ្នាំ ពួកគាត់ប្រាកដជាមានជំងឺប្រចាំកាយ ដូច្នេះប្រសិនជាគម្រោងមួយនេះអាចផ្តល់សេវាសុខភាពដល់ពួកគាត់ វាពិតជាល្អខ្លាំងណាស់។”

អ្នកស្រី ផា សុភ័ក្រ្ត ជាយុវជនស្ម័គចិត្តម្នាក់ បាននិយាយថា “សម្រាប់ខ្ញុំ, ខ្ញុំបានសម្ភាសន៍មនុស្សចាស់ៗបានប្រហែលជា 2០០នាក់មកហើយ។ អ្វីដែលខ្ញុំបានសម្ភាសន៍គាត់​គឺយើងមានកម្រងសំនួរ ហើយយើងត្រូវសរសេរចំលើយទៅតាមអ្វីដែលគាត់បាននិយាយ។ អ្វីទាំងអស់នេះ នឹងអាចក្លាយទៅជាឯកសារសំខាន់មួយសម្រាប់ក្មេងៗជំនាន់ក្រោយ។ មនុស្សម្នាក់មានឯកសាររបស់គាត់មួយ។ ដូច្នេះពួកគាត់គឺជាឯកសាររស់របស់ពួកយើង ប្រសិនជាពួកគាត់់ស្លាប់មុននឹងយើងបានសម្ភាសន៍គាត់ នោះយើងក៏បាត់ឯកសារមួយដែរ។ ពួកគាត់ឆ្លងកាត់រឿងរ៉ាវផ្សេងៗគ្នា ចឹងវាពិតជាសំខាន់ណាស់ក្នុងការចងក្រងឯកសារទាំងនេះឡើង។ “

អ្នកស្រី ប្រាក់ សុធីន យុវជនស្ម័គ្រចិត្ត បានឱ្យដឹងដែរថា “ចំលើយភាគច្រើនដែលខ្ញុំទទួលបានពីប្រជាជនដែលឆ្លងកាត់របបខ្មែរក្រហម គឺការបរិភោគមិនគ្រប់គ្រាន់ ដោយសារតែពួកគាត់ធ្វើការច្រើនហួសកំលាំង តែបានបរិភោគត្រឹមតែបបរដែលសឹងតែគ្មានគ្រប់អង្ករសោះលាយជាមួយដើមចេក ឬ ដើមល្ហុង។ សម្រាប់បញ្ហាសុខភាពគឺគ្មានមន្ទីពេទ្យឬមណ្ឌលសុខភាពសម្រាប់សម្រាកព្យាបាលនោះទេ។ មានមនុស្សច្រើនណាស់ដែលត្រូវបានស្លាប់ដោយសារខ្វះអាហារនិង ថ្នាំព្យាបាល។ ពួកគាត់ពិតជាមិនចង់ជួបរបបដ៏សែនអាក្រក់នេះម្តងទៀតននោះទេ។”

ជាមួយគ្នានេះអ្នកស្រី ផា សុភ័ក្រ្ត បានបញ្ជាក់បន្ថែមថា “មនុស្សចាស់ច្រើនណាស់ដែលកំពុងតែឈឺ ភាគច្រើនគាត់មានជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ពួកគាត់មិនហ៊ានទៅពេទ្យនោះទេ បានត្រឹមតែទិញថ្នាំតាមកន្លែងលក់ថ្នាំដែលនៅជិតផ្ទះរបស់ពួកគាត់សម្រាប់លេប។ ហើយមានមនុស្សច្រើនណាស់ដែលបានស្លាប់មុនពេលពួកខ្ញុំទៅជួប។” អ្នកនាងបានសង្គត់ធ្ងន់ថា “សម្រាប់គម្រោងនេះគឺយើងមានមន្ទីពេទ្យដែលជាដៃគូរ ដូច្នេះមនុស្សចាស់ទាំងនោះអាចទៅពិគ្រោះជំងឺនិងព្យាបាលដោយឥតគិតថ្លៃ។ សម្រាប់ការចំណាយគឺ មជ្ឈមណ្ឌលឯកសារកម្ពុជា ជាអ្នករ៉ាប់រងក្នុងការចំណាយ។”

លោក ឈត មៀច ជាជនរងគ្រោះ បាននិយាយថា “ខ្ញុំអាចលះបង់ជីវិតខ្ញុំបាន ដើម្បីការពារមិនអោយប្រទេសធ្លាក់ទៅក្នុងសង្គ្រាម។ គ្មានអ្វីពិបាកជាងសង្គ្រាមនោះទេ។ ខ្ញុំដឹងច្បាស់ថាសង្គ្រាមពិបាកប៉ុណ្ណា។ លោកបន្តថា ” បច្ចុប្បន្នពួកយើងបានកំពុងរស់នៅក្នុងសុខសន្តិភាពហើយ ដោយសារតែប្រទេសយើងមានសន្តិភាព។ ខ្ញុំសូមជូនពរអោយអោយរដ្ឋាភិបាលបន្តការដឹកនាំប្រទេសមួយនេះរាប់រយឆ្នាំទៅមុខទៀត។ ខ្ញុំមិនចង់មានជីវិតដូចក្នុងសម័យខ្មែរក្រហមម្តងទៀតនោះទេ។ ពួកវាសម្លាប់មនុស្សមិនរើសមុខនោះទេ សូម្បីតែឪពុកម្តាយពួកគេ។ “

ជនរងគ្រោះម្នាក់ទៀត អ្នកស្រី ឡាយ អូរី បានលើកឡើងថា “ខ្មែរក្រហមបានយកប្តីខ្ញុំទៅសម្លាប់ មិនដឹងថាគាត់ស្លាប់ជាមួយភាពលំបាកយ៉ាងណានោះទេ។ មកដល់សព្វថ្ងៃ ខ្ញុំកំពុងមានបញ្ហាសតិអារម្មណ៍ ដោយសារតែការបាត់បង់ស្វាមី។ ពេលខ្លះភ្លឹក ឬ​ ពេលខ្លះ មិនដឹងត្រូវធ្វើអ្វីនោះទេ ភាំងម្តងៗ។ ខ្ញុំមានអារម្មណ៍ថាឯការណាស់ ខ្ញុំរស់នៅតែឯង គ្មានកូនដូចគេ។ ” អ្នកស្រីបន្តថា ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តណាស់ពេលដែលមានគម្រោងនេះមកជួយផ្នែកសុខភាព។ ដូច្នេះខ្ញុំនឹង អាចរស់នៅបានយូរថែមទៀត។ “ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តណាស់ពេលដែលមានគម្រោងនេះមកជួយផ្នែកសុខភាព។ ដូច្នេះខ្ញុំនឹង អាចរស់នៅបានយូរថែមទៀត។” ប្រភព៖ A24

×